រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៩ សីហា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន បានប្រារព្ធពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៣៦ អាណត្តិទី៥ ក្រោមអធិបតីភាពលោកតូច ចាន់កុសល ប្រធានគណៈពង្រឹងមូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី១ និងលោកលី ពូ ចៅសង្កាត់ទួលស្វាយព្រៃទី១ ដោយមានការចូលរួមពីសំណាក់សមាជិក-សមាជិកាគណបក្សប្រជាជនសង្កាត់ទួលស្វាយព្រៃទី១ ប្រមាណ២០០នាក់ ។
លោកលី ពូ ចៅសង្កាត់ទួលស្វាយព្រៃទី១បានអានខ្លឹមសារលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៣៦ អាណត្តិទី៥ជម្រាបជូនសមាជិក-សមាជិកាបានជ្រាប និងបានជម្រាបជូនដល់ក្រុមការងារបក្សតាមមូលដ្ឋានភូមិ-ក្រុមត្រូវនាំកូនចៅដែលមានអាយុ១៨ឆ្នាំ ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ។
លោកតូច ចាន់កុសល បានមានប្រសាសន៍ជម្រាបជូនអំពីសភាពការណ៍ជាតិនិងអន្តរជាតិ ព្រមទាំងបានផ្តល់នូវអនុសាសន៍ល្អៗសម្រាប់សមាជិកមូលដ្ឋានយកទៅអនុវត្តដើម្បីឱ្យគណបក្សប្រជាជនកម្ពុជាកាន់តែទទួលបានការគាំទ្រពីប្រជាពលរដ្ឋច្រើនលើសលប់ថែមទៀត ។
ចំណែកនៅមជ្ឈមណ្ឌលម៉ូឌែន២ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី២០ សីហា ២០១១ គណៈពង្រឹងគណបក្សប្រជាជនកម្ពុជាសង្កាត់ចាក់អង្រែក្រោម និងសមាជិក-សមាជិកាគណបក្សក្នុងមូលដ្ឋាន បានប្រារព្ធពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៣៦ អាណត្តិទី៥ ក្រោមអធិបតី ភាពលោកសៀង ឡាប្រេស ប្រធានគណៈពង្រឹង មូលដ្ឋានសង្កាត់ចាក់អង្រែក្រោម និងលោកឧកញ៉ា សៀង ម៉េង លោកហ៊ុយ សារុន លោកអ៊ុំ ម៉ារ៉េត អនុប្រធានគណៈពង្រឹងមូលដ្ឋានសង្កាត់ចាក់អង្រែក្រោម ដោយមានការចូលរួមពីសំណាក់សមាជិក-សមាជិកាគណបក្សក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែក្រោមចំនួន៨៥០នាក់ ។
លោកជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានអានសេចក្តីផ្សព្វផ្សាយនិងលទ្ធផលនៃសន្និបាតរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៣៦ អាណត្តិទី៥ ជូនដល់អង្គពិធីទាំងមូលបានជ្រាប ។
លោកអ៊ុំ ម៉ារ៉េត បានអានខ្លឹមសារផ្សព្វផ្សាយរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជម្រាបជូនអង្គពិធីទាំងមូលបានយល់ដឹងអំពីគន្លឹះសំខាន់របស់គណបក្សប្រជាជនកម្ពុជាសម្រាប់យកទៅអនុវត្តក្នុងយុទ្ធនាការឃោសនារបស់គណបក្សប្រជាជនកម្ពុជាសម្រាប់អាណត្តិទី៥ ។ ឆ្លៀតឱកាសនោះដែរ លោកអ៊ុំ ម៉ារ៉េត ក៏បានជម្រាបជូនសមាជិក-សមាជិកាទាំងអស់ដែលមានកូនចៅអាយុ១៨ឆ្នាំហើយពុំទាន់មានឈ្មោះបោះឆ្នោត សូមប្រញាប់នាំកូនចៅឬសមាជិកថ្មីទាំងអស់ទៅចុះឈ្មោះបោះឆ្នោតនៅសាលាសង្កាត់ចាក់អង្រែក្រោមចាប់ពីថ្ងៃទី១ កញ្ញា ដល់ថ្ងៃទី១៥ តុលា ឆ្នាំ២០១១ខាងមុខនេះ ។
លោកសៀង ឡាប្រេស បានមានប្រសាសន៍ផ្តាំផ្ញើដល់សមាជិក-សមាជិកាទាំង៨៥០នាក់ ត្រូវសាមគ្គីគ្នាឱ្យបានល្អ ហើយត្រូវហ៊ានលើកឡើងពីចំណុចវិជ្ជមាននិងអវិជ្ជមានរបស់ថ្នាក់ដឹកនាំគណបក្សក្នុងមូលដ្ឋាន តាមរយៈការសរសេរលិខិតយកទៅដាក់នៅប្រអប់សំបុត្រមុខសាលាសង្កាត់ ដែលនៅពេលខាងមុខនេះរូបលោកធានាចេញថវិកាសម្រាប់ធ្វើប្រអប់សំបុត្រ ដើម្បីទទួលការរិះគន់ពីសមាជិកគ្រប់រូប ៕
ចែករំលែកព័តមាននេះ