រាជធានីភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី១៩ និង២០ សីហា ឆ្នាំ២០១១ នៅមណ្ឌលម៉ូដែន៥ ស្ថិតនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា ដែលមានលោកឧកញ៉ា អូស្មាន ហាស្សាន់ ជាប្រធាន និងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីស្រាយបួសរា៉មា៉ឌន រួមគ្នាជាលក្ខណៈមិត្តភាព សាមគ្គីភាព ។
លោកសេត មូហាំមា៉ត់សីុស ប្រធានក្រុមរៀបចំកម្មវិធី និងជាអនុប្រធាននាយកដ្ឋានអប់រំ និងធនធានមនុស្សនៃអង្គការមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា បានធ្វើសេចក្តីរាយការណ៍ថា នៅថ្ងៃទី១៩ សីហា អង្គការមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា បានរៀបចំពិធីស្រាយបួសជាលក្ខណៈមិត្តភាពដោយមានអ្នកចូលរួមចំនួនប្រមាណ២០០នាក់ មានតំណាងឯកអគ្គរាជទូតម៉ាឡេស៊ី ប្រ៊ុយណេ ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ថ្នាក់ដឹកនាំមុស្លីមជាសមាជិករាជរដ្ឋាភិបាល សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា តំណាងស្ថាប័ន អង្គការ សមាគម ក្រុមហ៊ុន អាជ្ញាធរដែនដី និងហាកិមទួនយ៉ាងច្រើនកុះករ ។ នៅថ្ងៃទី២០ សីហា មានអ្នកចូលរួមចំនួនប្រមាណជា៤០០នាក់ដែលជាសិស្ស និស្សិត បញ្ញវន្តមុស្លីមមកពីមហាវិទ្យាល័យនានានៅរាជធានីភ្នំពេញ និងតំណាងមកពីអង្គការសមាគមមួយចំនួនទៀត ដូចជាសមាគមនិស្សិតមុស្លីមកម្ពុជា សមាគមយុវជនអ៊ិស្លាមកម្ពុជា សាលារៀនអ៊ិស្លាមអាន់នៀកម៉ះ អង្គការប្រភពល្អ សមាគមអាល់ប៉ារ៉កះ មណ្ឌលកុមារកំព្រាផ្ទះអេមីរ៉ាត់ វិទ្យាស្ថានកាមីដ អន្តេវាសិកដ្ឋាននិស្សិតនារីមុស្លីម។ លោកបានមានប្រសាសន៍បន្តថា កម្មវិធីទាំងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនមិត្តភាពសាមគ្គីភាពជាធ្លុងមួយក្នុងជួរថ្នាក់ដឹកនាំ និងយុវជនមុស្លីមកម្ពុជា សំដៅចូលរួមចំណែកអភិវឌ្ឍសហគមន៍អ៊ិស្លាម និងសង្គមជាតិទាំងមូល។
លោកអូស្មាន ហាស្សាន់ ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា បានមានប្រសាសន៍ស្វាគមន៍ និងសំណេះសំណាលដល់អង្គពិធីទាំងមូល ដោយថ្លែងអំណរគុណដល់ការចូលរួម និងគាំទ្ររបស់តំណាងឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត ថ្នាក់ដឹកនាំ និងយុវជនមុស្លីមទាំងអស់។ លោកឧកញា៉បានបន្តថា ក្នុងសម័យនេះដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនគ្រប់វិស័យ ជាពិសេស សម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់មកលើជីវភាពរស់នៅ និងការប្រតិបត្តិសាសនារបស់បងប្អូនខ្មែរអ៊ិស្លាម។ ជាក់ស្តែង សម្តេចតេជោបានផ្តល់ឱកាសឲ្យថ្នាក់ដឹកនាំអ៊ិស្លាមមួយចំនួនបានចូលរួមបម្រើការងារជាថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានា ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា។ល។ សម្រាប់និស្សិតមុស្លីមជានារី គឺសម្តេចបានអនុញ្ញាតឲ្យស្លៀកសម្លៀកបំពាក់បែបប្រពៃណីសាសនាអ៊ិស្លាមនៅក្នុងសាសារៀនទាំងរដ្ឋ និងឯកជន។ រីឯសិស្ស-និស្សិតដែលត្រូវទៅបន្តការសិក្សានៅបរទេស សម្តេចក៏បានសម្រួលដល់ការធ្វើលិខិតឆ្លងដែនផងដែរ ជាងនេះទៅទៀត គម្ពីរធម៌អ៊ិស្លាមក៏ត្រូវបាននាំចូលមកក្នុងប្រទេសដោយឥតបង់ពន្ធទៀតផង ។
លោកឧកញ៉ា អូស្មាន ហាស្សាន់ បានជំរុញដល់សិស្ស-និស្សិត បញ្ញវន្តទាំងអស់ត្រូវតែខិតខំរៀនសូត្រ និងធ្វើការឲ្យបានប្រសើរ និងបង្កើនសាមគ្គីភាព មិត្តភាព សម្រាប់ចូលរួមអភិវឌ្ឍន៍សហគមន៍មុស្លីម និងសង្គមជាតិទាំងមូល ជាពិសេសត្រូវខិតខំធ្វើការដើម្បីបន្តវេនជាប្រមុខដឹកនាំក្នុងជួរសហគមន៍អ៊ិស្លាមនាពេលអនាគតខាងមុខ។
លោកឧកញ៉ាបានបន្តថា សម្រាប់ខែអំណត់បួសរា៉ម៉ាឌនឆ្នាំ២០១១នេះ សហគមន៍អ៊ិស្លាមកម្ពុជា បានទទួលអំណោយមនុស្សធម៌យ៉ាងច្រើនពីបណ្តាប្រទេសមួយចំនួនដូចជាម៉ាឡេស៊ី ប្រ៊ុយណេ អាល្លឺម៉ង់ និងប្រទេសពិភពអារ៉ាប់តាមរយៈអង្គការសមាគមនានា សម្រាប់ចែកជូនដល់បងប្អូនខ្មែរអ៊ិស្លាម ដែលបាននិងកំពុងកាន់សីលអំណត់បួសតាំងពីថ្ងៃទី១ ខែសីហាមកម៉្លេះ៕
ចែករំលែកព័តមាននេះ