ខេត្តពោធិ៍សាត់ ៖ រថយន្តកាមរីពណ៌ខ្មៅ ស៊េរី៩៧ គ្មានស្លាកលេខមួយគ្រឿង ផ្ទុកឈើគ្រញូងចំនួន១៦០ដុំ ទម្ងន់៤៥៦គីឡូក្រាម ដែលអ្នកបើកបរបើកគេចពីសមត្ថកិច្ចទៅលាក់ទុកនៅភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ បានត្រូវសមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើក្រគរស្រាវជ្រាវរកឃើញរឹបអូសជាសម្បត្តិរដ្ឋ។
លោកគឹម ចេត្ថាវី នាយផ្នែករដ្ឋបាលព្រៃឈើក្រគរឲ្យដឹងថា កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ សីហា ឆ្នាំ២០១១ ប្រជាពលរដ្ឋភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ បានផ្ដល់ព័ត៌មានមកថា មានរថយន្តកាមរីមួយគ្រឿងបើកមកឈប់ក្នុងបរិវេណដីភូមិក្បែរផ្ទះរបស់គាត់។ បន្ទាប់មកអ្នកបើកបរបានដោះស្លាកលេខហើយគ្របទុកចោលនៅទីនោះរួចដើរទៅណាបាត់ដែលសង្ស័យថាជារថយន្តដឹកបទល្មើសព្រៃឈើ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកបានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យមើល ស្រាប់តែឃើញសុទ្ធតែឈើគ្រញូងក៏បើកយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើក្រគរតែម្ដង។ នៅពេលទម្លាក់មកដីរាប់ឃើញមានចំនួន១៦០ដុំ ទម្ងន់៤៥៦គីឡូក្រាម។
លោកគឹម ចេត្ថាវី ឲ្យដឹងថា តាមការស្រាវជ្រាវរថយន្តដឹកបទល្មើសព្រៃឈើនេះ ធ្វើដំណើរពីលិចទៅកើត។ ពេលចូលដល់ទឹកដីខេត្តកំពង់ឆ្នាំងត្រូវសមត្ថកិច្ចនៅទីនោះដេញស្ទាក់ក៏បកត្រឡប់ក្រោយមកសម្ងំលាក់ខ្លួននៅភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់វិញ ដើម្បីរកវិធានការទៅមុខទៀត ប៉ុន្តែត្រូវអស់លក្ខណ៍ដោយសារប្រជាជនរាយការណ៍ជូនសមត្ថកិច្ចយើងទាន់ពេលវេលា។
លោកសូមឲ្យបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងជួយធ្វើជាភ្នាក់ងារដល់សមត្ថកិច្ច រួមគ្នាបង្ក្រាបបទល្មើសព្រៃឈើក៏ដូចបទល្មើសផ្សេងៗទៀត ដើម្បីការពារធនធានធម្មជាតិ និងសន្តិសុខជាតិយើងទាំងមូល៕
ចែករំលែកព័តមាននេះ