លោកអ៊ី សឹងអន អគ្គនាយករងអង្គការមូលនិធិ We love u អន្តរជាតិ បញ្ជាក់ថា អង្គការមូលនិធិ We love u ជាអង្គការអន្តរជាតិរបស់ប្រទេសកូរ៉េ បានធ្វើសកម្មភាពជាច្រើនក្នុងស្រុកបាទីតាំងពីឆ្នាំ២០០៩ មកគឺជួសជុលផ្ទះ ជីកអណ្តូងទឹកជូនប្រជាពលរដ្ឋក្រីក្រនិងផ្តល់សម្ភារសិក្សាដល់សិស្សជាដើម។ ថ្ងៃនេះអង្គការមូលនិធិ ឬ វី ឡាវ យូ បានកសាងអណ្តូងទឹកស្នប់ចំនួន៤កន្លែង បន្ថែមដល់សាលាបឋមសិក្សាចំនួន៣ក្នុងស្រុកបាទី គឺសាលាបឋមសិក្សាថ្មទ្រព្យសាលាបឋមសិក្សាសុខ អានពត់សរនិងសាលាបឋមសិក្សាទន្លេបាទី។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋស្រុកបាទី លោកសូរ ឃុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការមូលនិធិ We love u អន្តរជាតិប្រទេសកូរ៉េដែលបានចំណាយថវិកាយ៉ាងច្រើនមកកសាងអណ្តូងទឹកជូនសិស្សសាលាក្នុងស្រុកបាទី សំដៅសម្រួល និងដោះស្រាយទឹកស្អាតសម្រាប់គ្រូ និងសិស្សក្នុងសាលាបឋមសិក្សាទាំងបីបានប្រើប្រាស់។ លោករដ្ឋមន្ត្រីមានប្រសាន៍បន្តថា នេះជាសមិទ្ធផលថ្មីមួយទៀត របស់អង្គការមូលនិធិ We love u ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ វិស័យទឹកស្អាតនៅតាមតំបន់ជនបទ។ លោកបានលើកឡើងផងដែរថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខ ប្រទេសជាតិយើង ទទួលបាននូវសុខសន្តិភាព និងស្ថិរភាព ដែលផ្តល់ឱកាស ឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមកសាងគ្រប់ហដ្ឋារចនាសម្ព័ន្ធសង្គមជាតិឱ្យមានភាពរីកចម្រើនលូតលាស់ពិសេសវិស័យអប់រំ ដែលជាវិស័យអាទិភាព ឈានឆ្ពោះទៅអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច។ លោកសូរ ឃុន បានបំពាក់គ្រឿងឥស្សរិយយសជូនដល់លោកស្រីគឹម ហេសុ ប្រធានអង្គការមូលនិធិ We love u ដែលបានចំណាយថវិកាចូលរួមមកកសាងអណ្តូងទឹកក្នុងស្រុកបាទី និងបានប្រគល់សម្ភារ សិក្សាដែលជាអំណោយរបស់អង្គការមូលនិធិ we love u ជូនដល់សិស្សានុសិស្ស។ ដោយឡែកថវិការបស់ លោកចំនួន១លាន២សែនរៀល ផ្តល់ជូនសាលាបឋមសិក្សាសុខ អានពត់សរសម្រាប់ចាក់ដីក្នុងទីធ្លាសាលា។
ចែករំលែកព័តមាននេះ