ខេត្តកំពង់ស្ពឺ ៖ រោងល្បែងស៊ីសងមានបៀរ និងអាប៉ោងមួយកន្លែងដែលល្បីពូកែកៀបសីុមិនរើសមុខនៅក្នុងឃុំវាំងចាស់ ត្រូវបានកម្លាំងប៉ូលិសស្រុកឧដុង្គ ធ្វើការបង្ក្រាបកាលពីថ្ងៃទី២០ សីហា វេលាម៉ោង៩និង៣០នាទីព្រឹក ដោយព័ទ្ធចាប់បានអ្នកញៀនល្បែងប្រុសស្រីចំនួន៦នាក់ ដែលមកពីភូមិឃ្លាំង៥ និងភូមិក្រាំងពន្លៃ ក្នុងឃុំវាំងចាស់ ស្រុកឧដុង្គ ។
លោកអនុសេនីយ៍ឯក ពីង ពៅ អធិការរងនគរបាលស្រុកឧដុង្គ ទទួលបន្ទុកការងារព្រហ្មទណ្ឌបានឱ្យដឹងថា ទីតាំងល្បែងស៊ីសងក្នុងឃុំវាំងចាស់ នេះសមត្ថកិច្ចបានស៊ើបអង្កេតយូរមកហើយ ខណៈមានលួចបើកបនស្រី និងវង់ល្បែងស៊ីសងជ្រកក្រោមស្លាកលក់កាហ្វេ និងគ្រឿងទេសដើម្បីបំភាន់ភ្នែកសមត្ថកិច្ច។ ក្នុងការបង្ក្រាបនេះមនុស្ស៦នាក់ ត្រូវបានឃាត់ខ្លួន រួមជាមួយវត្ថុតាងមានបៀ និងកម្រាលបញ្ជូនមកកាន់ការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌខេត្ត ដើម្បីធ្វើការអប់រំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការលែងល្បែងស៊ីសងនេះទៀត រួចបានដោះលែងឱ្យទៅផ្ទះវិញ។
ទោះបីជាយ៉ាងណា ការបង្ក្រាបនេះបានទទួលការរិះគន់ថា សមត្ថកិច្ចចាប់បានតែអ្នកលេងដាក់លុយ១០០រៀលប៉ុណ្ណោះ ឯអ្នកលេងដាក់លុយរាប់រយរាប់ពាន់ដុល្លារចាប់អត់បានទេ ព្រោះតែពួកគេជាអ្នកលេងជាន់ខ្ពស់ ជាពិសេសក្រុមឈ្មួញឈើគ្រញូងតែម្តង ។ ល្បែងស៊ីសង និងបនស្រីជ្រកក្រោមស្លាកលក់កាហ្វេ និងគ្រឿងទេសនេះ អ្នកធ្លាប់ចេញចូលទើបដឹងថា គេលេងធំៗស្ទើរដូចកាស៊ីណូ តែមិនលេងជាប់រហូតទេ ហើយដោយសារមានបនល្បែងនេះ ទើបមានចោរលួច-ប្លន់ ធ្វើឱ្យមូលដ្ឋានពុំមានសុវត្ថិភាព។ ជាក់ស្តែងករណីប្លន់មួយនៅក្នុងភូមិក្រាំងខ្នុរ ឃុំដំណាក់រាំង កន្លងទៅនោះ ទំនងបណ្តាលមកពីការចាញ់ល្បែងនោះហើយ ៕
ចែករំលែកព័តមាននេះ