កីឡាការិនីន័រវែសស៊ូហ្សាន ភីធើសេនសម្តែងនូវក្តីរីករាយជាខ្លាំងបន្ទាប់ពីបានយកឈ្នះពានជើងឯកវាយកូនហ្គោលLPGA Safeway Classic ជាមួយនឹងពិន្ទុក្នុងឡូបន្ថែមនៃវគ្គផ្លេអហ្វកាលពីថ្ងៃអាទិត្យទី២១សីហា។ កម្មវិធីប្រកួតដែលមានទឹកប្រាក់រង្វាន់សរុប១លាន៥សែនដុល្លារអាមេរិកនេះត្រូវបានរៀបចំធ្វើនៅទីលានឈ្មោះ Pumpkin Ridge Golf Club ស្ថិតក្នុងទីក្រុងណ័សភ្លេនរដ្ឋអូរេហ្គឹនសហរដ្ឋអាមេរិក។
នាងភីធើសេនបានបំបាក់នាងឆយកីឡាការិនីកូរ៉េខាងត្បូងនៅក្នុងវគ្គផ្លេអហ្វ។ ឆ្លងកាត់ការប្រកួត៤ជុំអ្នកទាំង២ធ្វើបានលទ្ធផលសរុប៦អាន់ឌ័រ២០៧ដូចគ្នា។
កីឡាការិនីការពារជើងឯកសញ្ជាតិជប៉ុនអៃ មីយ៉ាហ្សាតុបញ្ចប់ការប្រកួតក្នុងលំដាប់ទី៨ស្ទួន។ នាងធ្វើបានលទ្ធផលពិន្ទុ១អាន់ឌ័រ២១២។
កីឡាការិនីកូរ៉េខាងត្បូងហ៊ីយុងប៉ាក់បញ្ចប់ការប្រកួត៤ជុំធ្វើបានលទ្ធផលពិន្ទុ៥អាន់ឌ័រ២០៨ពោលគឺនាំមុខ១ស្ត្រូកលើកីឡាការិនីផូលឡា គ្រីមម័រដែលបញ្ចប់ការប្រកួតដណ្តើមបានចំណាត់ថ្នាក់លេខ៤ ។ ប្រកួតអស់៤ជុំនាងគ្រីមម័រធ្វើបានលទ្ធផលសរុប៤អាន់ឌ័រ ២០៩ ។
ឯកីឡាការិនីលំដាប់ទី១ពិភពលោកសញ្ជាតិតៃវ៉ាន់យ៉ានី សេងបញ្ចប់ការប្រកួត៤ជុំធ្វើបានលទ្ធផល១អូវើប៉ា២១៤ស្ថិតនៅចំណាត់ថ្នាក់លេខ១៣ស្ទួន។ ចំណែកការបែងចែកទឹកប្រាក់រង្វាន់វិញ នាងភីធើសេនជ័យលាភីលេខ១ទទួលបាន២២៥ពាន់ដុល្លារអាមេរិក ខណៈនាងឆយទទួលបាន១៣៥ពាន់និង៧០២ដុល្លារ។ នាងយុងប៉ាក់ដែលបញ្ចប់ការប្រកួតក្នុងចំណាត់ថ្នាក់លេខ៣ទទួលបានទឹកប្រាក់៩៨ពាន់និង៤៤២ដុល្លារអាមេរិក ៕
ចែករំលែកព័តមាននេះ