រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនដោយសារកាន់ដាវដេញកាប់គេកាប់ឯងផ្អើលពេញភូមិ និងកាប់ពាងទឹក ទ្វារផ្ទះរបស់បងស្រីខ្លួន ប៉ុន្តែមិនបង្កឱ្យនរណាម្នាក់រងរបួសទេ លុះពេលប៉ូលិសឃាត់ខ្លួន គេបានឆ្លើយថា ព្រលឹងខ្មោចម្តាយចូលខ្លួនព្រោះខឹងកូនប្រសាស្រី២នាក់មិនព្រមអុជធូប។
ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃត្រង់ថ្ងៃទី២២ សីហា ២០១១ នៅភូមិត្រពាំងឈូក ក្រុម១០ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កដោយបុរសឈ្មោះគាំ កញ្ញា ហៅស្នា ភេទប្រុស អាយុ២៦ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន B.M.F ស្នាក់នៅផ្ទះ២០៦ ភូមិត្រពាំងឈូក ក្រុម១០ សង្កាត់ទឹកថ្លា ខណ្ដសែនសុខ។ យោងតាមសម្តីរបស់អ្នកជិតខាងបានឱ្យដឹងថា នៅវេលាម៉ោងខាងលើពួកគាត់បានឃើញគាំ កញ្ញា កាន់ដាវដេញកាប់អ្នកជិះម៉ូតូកាត់មុខផ្ទះ តែកាប់មិនត្រូវ ហើយទៅកាប់ពាងទឹក និងទ្វារផ្ទះបងស្រីរបស់ខ្លួនហើយស្រែកឱ្យបងស្រីវាអុជធូប និងសែនឱ្យម្តាយ។ ឃើញដូចនោះ ពួកគេ (អ្នកជិតខាង) មានការភ័យខ្លាចណាស់ ហើយក៏បានទូរស័ព្ទប្រាប់សមត្ថកិច្ចឱ្យមកមើល ព្រោះខ្លាចគាំ កញ្ញា ហៅស្នា កាប់អ្នកដំណើរតាមផ្លូវបង្កជារឿងរ៉ាវធំ។
សមត្ថកិច្ចក៏ចុះមកដល់ហើយធ្វើការឃាត់ខ្លួននាំយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ យោងតាមប៉ូលិសខណ្ឌសែនសុខ បានឱ្យដឹងថា ឈ្មោះគាំ កញ្ញា ហៅស្នា ពេលសមត្ថកិច្ចចុះទៅឃាត់ខ្លួន និងធ្វើការសាកសួរគេបានឆ្លើយថា មិនដឹងរឿងអ្វីទាំងអស់ ដឹងត្រឹមថា មានព្រលឹងខ្មោចម្តាយចូលខ្លួនគេ ព្រោះខឹងកូនប្រសាស្រី២នាក់ មិនព្រមអុជធូបឱ្យគាត់។ នៅពេលនេះគាំ កញ្ញា ត្រូវសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្នរង់ចាំបងប្អូនមកធានាយកទៅផ្ទះវិញ ព្រោះគាំ កញ្ញា គ្រាន់តែកាន់ដាវដេញកាប់គេប៉ុណ្ណោះ មិនទាន់បង្ករបួសស្នាមដល់នរណាម្នាក់ទេ…ប៉ុន្តែបើព្រលឹងខ្មោចម្តាយនៅតែចូលខ្លួនគេទៀត អាចនឹងមានគ្រោះថ្នាក់ដល់អ្នកណាម្នាក់ជាមិនខាន៕
ចែករំលែកព័តមាននេះ