រាជធានីភ្នំពេញ ៖ ស្ត្រីជាកម្មការិនីរោងចក្រកាត់ដេរម្នាក់ ខណៈកំពុងតែដាំបាយ និងធ្វើម្ហូប ស្រាប់តែផ្ទុះកំប៉ុងហ្គាសដែលច្រកថង់ព្យួរនៅជិតចង្ក្រាននោះ បណ្តាលឱ្យឆាបឆេះរោលខ្មៅពេញមុខ ដៃ និងជើងទាំងពីរ កាលពីវេលាម៉ោង១០និង៥៥នាទីព្រឹកថ្ងៃទី២១ សីហា ២០១១ នៅក្នុងបន្ទប់ជួលជិតផ្សារជម្ពូវ័ន ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌដង្កោ។
តាមការឱ្យដឹងពីស្ត្រីរងគ្រោះឈ្មោះសុង វី អាយុ៣៨ឆ្នាំ ជាស្ត្រីមេម៉ាយ និងជាកម្មការិនីរោងចក្រកាត់ដេរ មានស្រុកកំណើតនៅភូមិផ្ទុំ ឃុំជីគរ ស្រុងត្បូងឃ្មុំ ខេត្តកំពង់ចាម មកជួលបន្ទប់ស្នាក់នៅជិតផ្សារជម្ពូវ័ន ហើយនៅថ្ងៃកើតហេតុ ជាថ្ងៃអាទិត្យអត់ធ្វើការ គាត់នៅផ្ទះធ្វើម្ហូប។ ខណៈពេលកំពុងតែចម្អិនម្ហូប ស្រាប់តែផ្ទុះកំប៉ុងហ្គាស៤កំប៉ុងដែលច្រកថង់ព្យួរទុកនៅជិតចង្ក្រាន បណ្តាលឱ្យឆាបមកលើរូបគាត់រោលខ្មៅពេញមុខ ដៃទាំងសងខាងត្រឹមក្លៀក និងជើងទាំងពីរត្រឹមក្បាលជង្គង់ចុះក្រោម។
ស្ត្រីរងគ្រោះបន្តទៀតថា ចំពោះរបស់របរដែលនៅជិតនោះក៏ឆេះរួញខូចទាំងអស់ដែរ ហើយពេលដែលហ្គាសឆាបឆេះលើរូបគាត់ភ្លាមៗ គាត់ក៏ស្ទុះទៅយកភួយជ្រលក់ទឹកយកមករុំមុខ និងចេញក្រៅស្រែកហៅឱ្យគេជួយពន្លត់ភ្លើងដែលឆាបឆេះ រួចជិះរ៉ឺម៉កម៉ូតូមកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ។ នេះគឺជាគ្រោះថ្នាក់ការឆាបឆេះមួយផ្សេងទៀតនៅពេលចម្អិនម្ហូប ដែលបងប្អូនប្រជាពលរដ្ឋជាពិសេសស្ត្រីមេផ្ទះត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់៕
ចែករំលែកព័តមាននេះ