ខេត្តបាត់ដំបង ៖ កីឡាករបាល់ទះរបស់ស្នងការដ្ឋានខេត្តម្នាក់ត្រូវគេព្រួតគ្នាវាយឱ្យសន្លប់ក្នុងជម្លោះគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១៩ សីហា នៅភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ។ ជនដៃដល់៣នាក់ត្រូវចាប់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
មន្ត្រីនគរបាលនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនិយាយថា កីឡាករនោះឈ្មោះពាង ឌីណា ។ រីឯក្រុមជនជាប់ចោទចាប់ខ្លួនបាន៣នាក់នោះ១-ឈ្មោះវឿត តិល ភេទប្រុស អាយុ២៨ឆ្នាំ ២-ឈ្មោះវឿត លាង ភេទប្រុស អាយុ២៦ឆ្នាំ ៣-ឈ្មោះសឿម សុខជា ភេទប្រុស អាយុ១៦ឆ្នាំ ពួកគេរស់នៅឃុំនរា ស្រុកសង្កែ ។ ក្រុមនេះបានប្រើកណ្តាប់ដៃ និងដុំឥដ្ឋដាល់ និងវាយកញ្ចឹងករបស់ជនរងគ្រោះរហូតដួលសន្លប់ពេលប៉ះទង្គិចគ្នារឿងគ្រោះថ្នាក់ចរាចរណ៍។
កីឡាករបាល់ទះរងគ្រោះនិយាយថា ក្រុមជនដៃដល់ជិះម៉ូតូប៉ះគ្នាជាមួយប្អូនប្រុស របស់គេបណ្តាលឱ្យដួលខូចខាត ប៉ុន្តែពួកគេបម្រុងជិះម៉ូតូគេច ។ ពេលរូ បគេចាប់ទាញម៉ូតូឱ្យឈប់ ដើម្បីនិយាយគ្នា ស្រាប់តែពួកគេជាច្រើននាក់ព្រួតវាយរូបគេដោយខ្លះប្រើកណ្តាប់ដៃ និងខ្លះប្រើដុំឥដ្ឋ ។
ចំណែកក្រុមជនដៃដល់សារភាពថា ពួកគេចង់សម្រួលដោយមិនចាំបាច់បង់ឱ្យភាគីណាមួយទេ ព្រោះខូចខាតទាំងសងខាង តែភាគីឈ្មោះពាង ឌីណា មិនព្រម ហើយព្យាយាមចាប់ម៉ូតូរបស់ពួកគេផ្តួល ទើបមានការប្រយុទ្ធគ្នាតែម្តង ។ ដោយឡែកឈ្មោះសុខ ជា អាយុ១៦ឆ្នាំ និយាយថា គេបានទាញដុំឥដ្ឋវាយកញ្ចឹងកថែមទៀត ពេលឃើញពួកគេវាយកីឡាករនោះដួលលើថ្នល់ ។
បើតាមសាក្សីថា ក្រុមដៃដល់មានបក្សពួក៥នាក់ទៀត តែពួកគេរត់អស់មុនពេលសមត្ថកិច្ចទៅដល់បន្តិច ។ លោកមៀន ឡាយ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលប្រាប់ថា ដោយយោងតាមបទបញ្ជារបស់លោកស្នងការខេត្ត ក្រុមជនជាប់ចោទទាំង៣នាក់នោះត្រូវសមត្ថកិច្ចជំនាញរបស់លោកកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ព្រោះហាក់មានចេតនាប៉ុនប៉ងវាយសម្លាប់ជនរងគ្រោះតែម្តង ៕
ចែករំលែកព័តមាននេះ