ប្រទេសឡាវជាប្រទេសគោលដៅមួយក្នុងចំណោមប្រទេសទាំង១០ដែលចិនដាក់ទុនវិនិយោគ។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មចិន ។ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០១១ នេះទុនវិនិយោគរបស់ប្រទេសចិននៅក្រៅប្រទេសមានចំនួន៥៥,៩៨ពាន់លានដុល្លារ កើនឡើង២៣,២ភាគរយធៀបកាលពីឆ្នាំកន្លងទៅ ។
ប្រទេសកំពូលទាំង១០ និងតំបន់ដែលជាប់ទាក់ទងនឹងការចុះហត្ថលេខាលើកិច្ចសន្យាបណ្តាក់ទុនថ្មីរបស់ប្រទេសចិនមាន ប្រទេសឥណ្ឌា ហុងកុង ឡាវ ប៉ាគីស្ថាន កៀហ្ស៊ីស៊ីស្ថាន បាហាម៉ា ម៉ាឡេស៊ី អង់ហ្គោឡា នីហ្សេរីយ៉ា និងអាល់ហ្សេរី សរុបមានចំនួន២៩,១៣ពាន់លានដុល្លារ ស្មើនឹង៥២,១ភាគរយនៃការដាក់ទុនវិនិយោគទាំងអស់របស់ប្រទេសចិន ។
វិស័យអភិវឌ្ឍន៍ថាមពល រ៉ែ វារីអគ្គិសនី ជាវិស័យទាក់ទាញបំផុតសំរាប់ការវិនិយោគរបស់ប្រទេសចិនក្នុងប្រទេសឡាវ ។ នេះបើតាមសម្តីរបស់លោក Khampanh Sengthongkham ទីប្រឹក្សារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស និងសេដ្ឋកិច្ចនៃស្ថានទូតឡាវប្រចាំប្រទេសចិន ។ ការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ ក៏ត្រូវបានគេមើលឃើញថា ជាវិស័យទាក់ទាញមួយផ្សេងទៀតសម្រាប់ការវិនិយោគរបស់ចិន ក្នុងនោះមានគម្រោងស្ថាបនាផ្លូវរថភ្លើងល្បឿនលឿនដែលតភ្ជាប់ពីព្រំដែនប្រទេសចិន ទៅវៀតណាម ដែលពេលនេះកំពុងស្ថិតក្រោមការវិភាគ ។
ដោយមានការចូលរួមសហការលើវិស័យធនធានរ៉ែក្នុងប្រទេសឡាវកាលពីឆ្នាំកន្លងទៅរបស់ក្រុមហ៊ុនចិន បានជួយអត្រាចុះបញ្ជីតម្លៃនៃការនាំចេញរបស់ប្រទេសឡាវទៅប្រទេសចិនកើនឡើងជាង២៤៦លានដុល្លារក្នុងត្រីមាសទី១ឆ្នាំនេះ ជាអត្រាកើនឡើងទ្វេដងធៀបតួលេខត្រីមាសទី១កាលពីឆ្នាំមុន ។ ទំនិញនាំមុខ៣សម្រាប់ការនាំចេញទៅក្រៅរបស់ប្រទេសឡាវមាន រ៉ែស្ពាន់មានតម្លៃជាង៤៧៥លានដុល្លារ ទង់ដែង៣៧៦លានដុល្លារ និងថាមពលអគ្គិសនី ២៨៨លានដុល្លារ ។
ក្នុងឆ្នាំ២០០៦ ប្រទេសឡាវមានរោងចក្រថាមពលអគ្គិសនីតែ១០ ដែលមានកម្លាំង៧០០Mw ។ ពេលនេះឡាវមានរោងចក្រថាមពលអគ្គិសនី១៤ និងមានកម្លាំង២.៥៤០Mw និងមានសមត្ថភាពបង្កើនដល់២៦.០០០Mw ។
រដ្ឋាភិបាលឡាវបានប្រកាសពីមហិច្ឆតារបស់ខ្លួនថា នឹងធ្វើឲ្យប្រទេសជាតិរបស់ខ្លួនក្លាយជាអាគុយរបស់អាស៊ាន និងផ្គត់ផ្គងតំបន់ដែលគ្មានថាមពលអគ្គិសនី ។ ប្រទេសឡាវដែលជាប្រទេសកី្រក្រមួយក្នុង ទ្វីបអាស៊ី សង្ឃឹមថា អាចលុបបំបាត់ពីភាពក្រីក្រដោយប្រើយុទ្ធសាស្ត្រប្រមូលប្រាក់ចំណូលពីវិស័យធនធានរ៉ែ និងអគ្គិសនីធ្វើជាទុនក្នុងការអភិវឌ្ឍប្រទេសជាតិ និងធានាដល់ការលុបបំបាត់ភាពក្រីក្រនៅឆ្នាំ២០១៥ និងលុបចេញពីបញ្ជីរបស់អង្គការសហប្រជាជតិជាប្រទេសដែលមានការអភិវឌ្ឍតិចតួចត្រឹមឆ្នាំ២០២០ ៕
ចែករំលែកព័តមាននេះ