ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សិល្បករ សិល្បការិនី​​បាត់បង់​សមត្ថភាព​សម្តែង​​ទទួលអំណោយ​ពី​សប្បុរស​ជន​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​​សមាគម​សិល្បករខ្មែរ ​​កាលពីព្រឹកថ្ងៃទី​​​​១៩ សីហា ឆ្នាំ​២០១១ ​​មាន​រៀប​​ចំពិធីប្រគល់​អំណោយ​ជូន​ដល់​សិល្បករ សិល្បការិនី ដែល​បាត់បង់​សមត្ថភាព​​សម្តែង ​​រួម​មាន​​សិល្បករ សិល្បការិនី​​ចាស់​ ជរា មាន​ជំងឺ​ប្រចាំ​​កាយ រួមទាំង​មានជីវភាពខ្សត់​ខ្សោយ​​ ដែល​​​​​​​​ពិធី​នេះ មាន​ការ​ចូលរួម​ពី​លោក​បណ្ឌិត​​​ជា រតនា ​ទីប្រឹក្សា​​​​​រាជរដ្ឋាភិបាល​ និ​ង​លោក​​សុះ ម៉ាច ​ប្រធានសមាគម​

រាជធានីភ្នំពេញ​​ ៖ ​​​សមាគម​សិល្បករខ្មែរ ​​កាលពីព្រឹកថ្ងៃទី​​​​១៩ សីហា ឆ្នាំ​២០១១ ​​មាន​រៀប​​ចំពិធីប្រគល់​អំណោយ​ជូន​ដល់​សិល្បករ សិល្បការិនី ដែល​បាត់បង់​សមត្ថភាព​​សម្តែង ​​រួម​មាន​​សិល្បករ សិល្បការិនី​​ចាស់​ ជរា មាន​ជំងឺ​ប្រចាំ​​កាយ រួមទាំង​មានជីវភាពខ្សត់​ខ្សោយ​​ ដែល​​​​​​​​ពិធី​នេះ មាន​ការ​ចូលរួម​ពី​លោក​បណ្ឌិត​​​ជា រតនា ​ទីប្រឹក្សា​​​​​រាជរដ្ឋាភិបាល​ និ​ង​លោក​​សុះ ម៉ាច ​ប្រធានសមាគម​សិល្បករ ​រួម​ទាំង​ភ្ញៀវ​​​​កិត្តិ​យស​​​​ជាច្រើន​រូបទៀត​។

គួរ​បញ្ជាក់​ថា ​អំណោយ​​ដែល​យក​​មក​​ជូន​ដល់​សិល្ប​ករ សិល្បការិនីនាពេលនេះ គឺ​ជា​អំណោយ​​​ផ្ទាល់ខ្លួន​​​របស់​លោក​បណ្ឌិត​​​​ជា រតនា ​​លោក​​​​ឧត្តម​សេនីយ៍​ទោ​លី​ ហូហ៊ុយ ចំនួន​​២.០០០​ដុល្លារ ​​​លោក​​​ឧត្តមសេនីយ៍​​ទោ​ប៊ូ​ផាន់ សេរី ចំនួន​៣.០០០​ដុល្លារ ​​លោក​​នុត ​តុន ក្រុម​ហ៊ុន​ពាហនៈ​​ពាណិជ្ជ​ចំនួន​​​៥០០ដុល្លារ ​​និង​សប្បុរស​ជន​​មួយចំនួនទៀត ​​​។ ចំពោះ​​សិល្បករ សិល្បការិនី​​​គឺម្នាក់​ៗ​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​​​ចំនួន​​១លានរៀល ​​។ ទន្ទឹមនឹង​នេះ ​សមាគម​​​​​សិល្បករ ​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​​​​ចំនួន​​១.០០០​ដុល្លារ ​​ផង​ដែរ​។

លោក​បណ្ឌិត​​​ជា រតនា ​មានប្រសាសន៍​ថា ​សកម្ម​ភាព​​នេះ​បង្ហាញ​នូវ​​គោលបំណង​​​​លើកស្ទួយ​វិស័យសិល្បៈនៅ​​កម្ពុជា រួមទាំង​មនោសញ្ចេត​នា​​ចំពោះ​សិល្បករ សិល្បការិនី​​ដែលបាត់​បង់​សមត្ថ​ភាព​​សម្តែង​​​ ក្រោយ​ពេល​ដែលអ្នកទាំង​នោះ​បាន​ចូលរួម​​យ៉ាង​សកម្ម​​ក្នុងវិស័យ​​​សិល្បៈ​កន្ល​ងមក ​​​រូប​​លោក​ និង​សប្បុរស​ជនទាំងអស់​បាន​រៃ​អង្គាស​​​ថវិកា​​​​ជួយ​​ឧបត្ថម្ភ​​​ដល់​សិល្បករ ​សិល្ប​ការិនី។ បើ​​​ទោះ​បីជា​ថវិកា​​នេះ​មាន​ចំនួន​តិចតួច​​ក៏ដោយ​ ​​តែ​​នេះ​ជា​​ទឹកចិត្ត​​គោរព​ស្រឡាញ់​​​សិល្បៈ និងបាន​រួម​​ចំណែក​​កាត់បន្ថយ​​​ការ​លំបាក​ខ្លះ​របស់​​សិល្ប​ករ ​សិល្បការិនី​​។

លោក​​បានថ្លែង​នូវ​ការ​កោតសរសើរ​​​ផងដែរ​ដល់​បង​ប្អូន​សិល្បករ សិល្ប​ការិនី​ដែលបាន​បំពេញ​កាតព្វកិច្ច​​​ និង​ពុះ ពារ​ការ​​លំបាកក្នុងការ​បម្រើ​​​ និងលើកស្ទួយ​វិស័យ​​សិល្បៈ​​នៅ​កម្ពុជា​។ ​លោក​អំពាវ​នាវ​​ដល់​សិល្បករ សិល្បការិនី​ទាំង​អស់​ចូលរួម​ជា​សមា​ជិក​សមាគម​​​សិល្បករ ​និង​រួមគ្នា​​​​ជា​កម្លាំង​​​​កសាង​សមាគម​​សិល្បករ​ឱ្យ​បានរឹង​មាំ​​​ដើម្បី​​​ក្លាយ​ជា​​​បង្អែក​​​​ដល់សិល្បករ​​ សិល្បការិនី​ក្នុង​​កាលៈទេសៈ​​​ជួបការលំបាក​។

លោកតា​ផ្លុង ​​មឿក ​​តំណាង​សិល្បករ សិល្ប​ការិនី​​ វ័យចំណាស់​ដែលបាន​ទទួលអំណោយ​​​នា​ពេលនោះ​បានថ្លែងអំណរគុណ​​យ៉ាងជ្រាលជ្រៅ​​​​ចំពោះ​សប្បុរស​​ជន​ដែលបាន​​ចំណាយ​​​ថវិកា និង​សម្ភារ​​ដល់​សិល្បករ សិល្បការិនី​ដែល​បាត់​បង់​សមត្ថ​ភាព​​​សម្តែង និង​កំពុងមានជីវភាព​​លំបាក​។ លោកតា​បន្ត​​ថា បើទោះ​ជាថវិកា​មាន​ចំនួន​តិច​តួច​​​​​ក៏ដោយ ​​តែ​​​ឆ្លុះ​បញ្ចាំង​​​​ឱ្យឃើញនូវ​ទឹកចិត្ត​​​សប្បុរសធម៌​ និងការ​អាណិតអាសូរ​​​ដល់​សិល្បករ សិល្បការិនី​​​ រួមទាំង​​​​ស្មារតីស្រឡាញ់​​ដល់វិស័យ​​សិល្បៈ​នៅ​កម្ពុជា​។ ​​លោក​​​​តា​​ជូនពរ​ដល់​សប្បុរស​ជន​​​ទាំងអស់​​​​ជួបប្រទះ​​​តែពុទ្ធពរ​​​​ទាំង​​៤ប្រការ គឺ​អាយុ វណ្ណៈ សុខៈ​ ពលៈ កុំបីឃ្លៀង​ឃ្លាត​ឡើយ ៕