ខេត្តកំពង់ចាម ៖ ក្រោមការគិតគូរយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បានសាងសង់ផ្ទះថ្មផ្ទាល់ដីប្រក់ស័ង្កសី មានទំហំ៥×៨ម៉ែត្រ សម្ភារផ្ទះបាយ ម៉ូតូ១គ្រឿង រួមនិងថវិកាមួយចំនួនជូនដល់ប្រពន្ធវីរយុទ្ធជនជួរមុខ ប្រចាំទិសមុំបី ក្នុងខេត្តព្រះវិហារ ។

ពិធីប្រគល់ផ្ទះមនុស្សធម៌ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានធ្វើឡើង កាលពីព្រឹកថ្ងៃទី៤ តុលា ឆ្នាំ២០២៥ នៅភូមិរាយប៉ាយ ឃុំរាយប៉ាយ ស្រុកកងមាស។ ពេលទទួលដំណឹងល្អនេះ បានធ្វើឲ្យប្តីនៅព្រំដែនកម្ពុជា-ថៃ ស្រក់ទឹកភ្នែករលីងរលោង ព្រោះតែរំភើបពេកធ្លាប់តែនៅផ្ទះចាស់ជញ្ជាំងធ្លុះធ្លាយ ។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍លើកឡើងថា:វត្តមានក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌នេះ គឺមានការចូលរួមពីសំណាក់ឯកឧត្តម ហោ ប៉េង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំរាយប៉ាយ តំណាងឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងក្នុងនាមឯកឧត្តម សន្តិបណ្ឌិតនេត សាវឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ។ ដោយប្រគល់ជូនភរិយាកងទ័ពជួរមុខ អេន ស៊ីណា អាយុ៣៨ឆ្នាំ ដែលមានប្ដីឈ្មោះផុន សុធា កំពុងតែជាប់បំពេញភារកិច្ចនៅព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍រំលឹកថា ដោយមើលឃើញពីការលំបាករបស់ភរិយាកងទ័ពជួរមុខ ជាមួយនោះ មានការស្នើសុំពីសំណាក់អាជ្ញាធរមូលដ្ឋានក៏បានសម្រេចចិត្តជួយសាងសង់ផ្ទះមនុស្សធម៌ថ្មីសន្លាងមួយខ្នង ដែលមានទីតាំងស្ថិតនៅភូមិរាយប៉ាយ ហើយមានសាក្សីបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារបានអញ្ជើញចូលរួមដឹងឮទៀតផង ។ សូមបញ្ជាក់ថា សកម្មភាពមនុស្សធម៌របស់កាកបាទក្រហម គឺមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយនោះទេ ឲ្យតែមើលឃើញមានការលំបាក និងខ្វះខាតគឺតែងតែជួយជានិច្ច។

ជាការពិតណាស់ ដោយមានការណែនាំពីសម្ដេចបវរធិបតី គឺឱ្យអាជ្ញាធរតាមបណ្ដាខេត្ត-ក្រុង ត្រូវយកចិត្តទុកដាក់ជាមួយក្រុមគ្រួសារកងទ័ពជឿមុខ និងជនភៀសសឹក ដែលបានគេចពីគ្រាប់ផ្លោងមកស្នាក់នៅតាមបណ្ដាភូមិនានា ជាមួយនោះរដ្ឋបាលខេត្តនាពេលកន្លងទៅ បានចុះចែកអំណោយផ្ទាល់ជូនដល់ពួកគាត់មាននៅស្ទឹងត្រង់ចំការលើ កងមាសនិងតាមបណ្ដាស្រុកមួយចំនួនទៀតដោយធ្វើឡើងជាហូរហែ។

ជាក់ស្ដែង ភាគីថៃនៅតែបំពានបទឈប់បាញ់ដោយពេលថ្មីៗកន្លងទៅ បានផ្លោងគ្រាប់ចូលមកដីកម្ពុជា តែយើងពុំបានឆ្លើយតបវិញ ដោយមានការអត់ធ្មត់ ពិសេស សម្ដេចបវរធិបតី បានយកចិត្តទុកដាក់ និងគិតគូរណាស់ ដោយក្នុងគោលបំណងធ្វើយ៉ាងណាឱ្យសង្គ្រាមនៅព្រំដែនកម្ពុជា-ថៃ បានឆាប់បញ្ចប់ និងវិលទៅរកភាពប្រក្រតីឡើងវិញ គឺសម្ដេចបានប្រើគ្រប់លទ្ធភាពទាំងច្បាប់អន្តរជាតិ និងការទូត ។

ស្ត្រីឈ្មោះអេន ស៊ីណា អាយុ៣៨ឆ្នាំ ជាភរិយាកងទ័ពជួរមុខបាននិយាយថា គាត់បានយកគ្នាជាប្ដីប្រពន្ធជាង១០ឆ្នាំមកហើយ សព្វថ្ងៃមានកូនប្រុសម្នាក់ ស្រីម្នាក់ ក្នុងនោះកូនស្រីបងគេអាយុ៨ឆ្នាំនិងមានកូនក្នុងផ្ទៃ៦ខែ ។ គាត់ពីមុនមានជីវភាពលំបាក ដោយរស់នៅជាមួយនឹងប្អូនស្រី ពេលដែលប្ដីទៅបំពេញកាតព្វកិច្ចបម្រើជាតិនៅព្រំដែនព្រះវិហារ គឺរស់នៅតែជាមួយកូនៗនិងម្ដាយមីង ហើយលក់ដូរបន្តិចបន្តួចតែលក់មិនដាច់ក៏ខាតអស់ដើម ធ្វើឲ្យជីវភាពកាន់តែជួបផ្កាលំបាក។

ពិសេសក្រោមការយកចិត្តទុកដាក់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានប្រគល់ផ្ទះថ្មីមួយខ្នងជូនគាត់គឺពិតជាសប្បាយជាក់ស្ដែងនៅព្រឹកថ្ងៃទី៤តុលា ពេលដែលប្ដី ជិះម៉ូតូមកឆ្ងាយពីជួរមុខបានទូរសព្ទនិយាយតាម facebook ពេលឃើញថ្នាក់ដឹកនាំខេត្ត ប្រគល់ផ្ទះជូនដល់គាត់បែបនេះធ្វើឲ្យប្ដីរលីងរលោងទឹកភ្នែកព្រោះតែរំភើបពេក។


ចែករំលែកព័តមាននេះ