ក្រុងប៉ោយប៉ែត ៖ សពពលករខ្មែរម្នាក់ត្រូវគេបញ្ជូនមកឱ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី១៨ សីហា បន្ទាប់ពីដេកស្លាប់គ្មានមូលហេតុនៅឯក្រុងបាងកក ។ សពពលកររងគ្រោះឈ្មោះហេង ថា ភេទប្រុស អាយុ៣៦ឆ្នាំ ជាកម្មករសំណង់មានទីលំនៅភូមិដូនរឿន សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។
បើតាមការឱ្យដឹងពីសាច់ញាតិសពបានប្រាប់ថា ជនរងគ្រោះបានដេកស្លាប់នៅយប់ថ្ងៃទី១៧ សីហា លុះព្រឹកឡើងទើបដឹងពេលគេដាស់ឱ្យទៅធ្វើការ ។ សាច់ញាតិបន្តថា ជនរងគ្រោះបានទៅធ្វើការជាកម្មករនៅក្នុងក្រុងបាងកក ដោយស្របច្បាប់ ។
សពត្រូវបានគេដឹកតាមរថយន្ត១២កៅអីរបស់ថៅកែថៃពីក្រុងបាងកកមកប្រគល់ឱ្យសាច់ញាតិនៅច្រកប៉ោយប៉ែត យកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តព្រៃវែង ៕
ចែករំលែកព័តមាននេះ