ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃនិង​ពលរដ្ឋ​នៅ​ស្រុក​ភ្នំស្រុកធ្វើ​នំអន្សម​​​ជូន​ដល់​កងទ័ពឈរជើង​នៅ​តាម​បន្ទាត់​ព្រំ​ដែន​

11 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ព្រះសង្ឃ រួម​នឹង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ភ្នំស្រុក បាន​ស្រុះស្រួល​គ្នា​ធ្វើ​នំអន្សម​ដើម្បី​យក​ទៅ​ជូន​ដល់​កងទ័ព​ដែល​កំពុង​បំពេញភារកិច្ច​ការពារ​បូរណភាព​ទឹកដី​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ។ ការ​ផ្ដល់​ជូន​នំអន្សម​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៥ ខែកក្កដា…

ខេត្តបន្ទាយមានជ័យ ៖ ព្រះសង្ឃ រួម​នឹង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ភ្នំស្រុក បាន​ស្រុះស្រួល​គ្នា​ធ្វើ​នំអន្សម​ដើម្បី​យក​ទៅ​ជូន​ដល់​កងទ័ព​ដែល​កំពុង​បំពេញភារកិច្ច​ការពារ​បូរណភាព​ទឹកដី​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ។ ការ​ផ្ដល់​ជូន​នំអន្សម​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៥​កន្លង​ទៅ នៅ​យោធភូមិ​ភាគ​៥ ទីបញ្ជាការ​ទិស​ទី​១​បន្ទាយ​មាន​ជ័យ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ព្រមទាំង​ភ្ញៀវ​បទេស​ផង​ដែរ ។

នេះ​គឺជា​បង្ហាញ​នូវ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ស្មារតី​ខ្មែរ​រួបរួមសាមគ្គី​គ្នា​លើកទឹកចិត្ត​ដល់​កងទ័ព ដែល​កំពុង​ឈរជើង​ការពារ​បូរណភាព​ទឹកដី ពី​ការ​ឈ្លានពាន​របស់​សត្រូវ​ឈ្លានពាន​ចង់បាន​ទឹកដី​កម្ពុជា ក៏​ដូច​ជា​បញ្ជាក់​ពី​ទឹកចិត្ត​ខ្មែរ​ជួយ​ខ្មែរ ដែល​ជា​ការ​ចូលរួម​ចំណែក​យ៉ាង​ធំធេង​ជាមួយ​កងទ័ព​របស់​យើង ។

លោក​ឧត្តមសេនីយ៍ទោ ឈុ​ន ម៉ៅ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ និង​ជា​មេបញ្ជាការ​ទិស​ទី​១​បន្ទាយ​មាន​ជ័យ បាន​ថ្លែងអំណរគុណ​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចំណាយ​ប្រាក់​កាស​រួម​គ្នា​ធ្វើ​នំអន្សម សាច់​គោ រួម​នឹង​គ្រឿង​ឧបភោគបរិភោគ ដើម្បី​ជូន​ដល់​កងទ័ព​ដែល​កំពុង​បំពេញភារកិច្ច​ឈរជើង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ការពារ​បូរណភាព​ទឹកដី ។

ក្នុង​នាម​ថ្នាក់ដឹកនាំ​ខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ ព្រះសង្ឃ ដែល​បាន​រួម​គ្នា​ក្នុង​ការ​ធ្វើ​នំអន្សម ក៏​ដូច​ជា​នាំ​យក​នូវ​សាច់ គោ គ្រឿង​ឧបភោគបរិភោគ ជូន​ដល់​កងទ័ព ដែល​កំពុង​បំពេញភារកិច្ច​ការពារ​បូរណភាព​ទឹកដី ។
ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ បន្ត​ចូលរួម​សកម្មភាព​មនុស្សធម៌ ជួយ​ដល់​កងទ័ព​ដែល​កំពុង​តែ​ឈរជើង​តាម​ខ្សែបន្ទាត់​ព្រំដែន​ឱ្យ​កាន់​ផុសផុល ដែល​សកម្មភាព​ទាំងនេះ​គឺជា​ការ​ផ្ដល់​នូវ​កម្លាំងចិត្ត​មួយ​ធ្វើ​ឱ្យ​កងទ័ព​កាន់តែ​មាន​ទឹកចិត្ត ដើម្បី​ការពារ​បូរណភាព​ទឹកដី ជាតិ មាតុភូមិ ។

សូម​បញ្ជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ​ដែល​នាំ​យកនំ​អន្សម​ទៅ​ជូន​ដល់​កងទ័ព មាន​នំអន្សម​ជាង​២​ពាន់ សាច់​គោ​ចំនួន​២​ក្បាល ទឹកបរិសុទ្ធ​ជាង​៤០០​យួរ និង​គ្រឿង​ឧបភោគបរិភោគ ព្រមទាំង​ប្រាក់​ដែល​ចូលរួម​ពី​ព្រះសង្ឃ​សរុប​ចំនួន​២​លាន​៣​សែន​រៀល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ