យោងតាមការអះអាងរបស់សហព័ន្ធកីឡាអត្តពលកម្មអង់គ្លេសបានឱ្យដឹងថា ខ្លួននឹងចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអត្តពលកម្មពិភពលោកឆ្នាំ២០១៧។
ព័ត៌មានស្តីពីការដេញថ្លៃនេះត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាលនិងលោកបូរីស ចនសុន ដែលជាអភិបាលក្រុង។
ប្រធានគណៈកម្មាធិការរៀបចំការប្រកួតអូឡាំពិកទីក្រុងឡុងដ៍ឆ្នាំ២០១២ លោកសេបាស្ទៀន ស៊ូនឹងប្រគល់ឯកសារដេញថ្លៃដោយផ្ទាល់ដៃក្នុងឱកាសចូលរួមរបស់លោកក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាអត្តពលកម្មឆ្នាំ២០១១នៅក្រុងឌែរហ្គូប្រទេសកូរ៉េខាងត្បូងចុងខែនេះ។
លោកស៊ូបាននិយាយថា៖«សហព័ន្ធកីឡាអត្តពលកម្មអន្តរជាតិ IAAFនិងគ្រួសារអត្តពលិកកំពុងតែបង្ហាញការគាំទ្រដោយឥតស្ទាក់ស្ទើរចំពោះកីឡាអូឡាំពិក។ ការទទួលបានជោគជ័យក្នុងការដេញថ្លៃ វាក៏អាស្រ័យដោយមានការគាំទ្រពីបណ្តាជនជំនាន់ក្រោយផងដែរ»។
លោករដ្ឋមន្ត្រីក្រសួងកីឡាអង់គ្លេសហាក់ រ៉ូបឺតសុនបាននិយាយថា ការទទួលបានជ័យជម្នះធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍នេះគឺជារឿងមួយដ៏អស្ចារ្យបំផុតបន្ទាប់ពីព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០១២។ លោកបានបន្តទៀតថា តម្រូវការលើសលុបលើសំបុត្រទស្សនាការប្រកួតកីឡាអូឡាំពិកក្រុងឡុងដ៍នឹងជួយបន្ថែមទម្ងន់ការដេញថ្លៃលើកនេះឱ្យទទួលបានជោគជ័យ ។ លោកបានបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍ប្រកួតកីឡាអត្តពលកម្មពិភពលោកឆ្នាំ២០១៧នឹងជួយជម្រុញកំណើនសេដ្ឋកិច្ចព្រមទាំងជួយបណ្តុះគំនិតយុវជនក្មេងៗឲ្យចូលរួមក្នុងវិស័យកីឡា។
ទីក្រុងឡុងដ៍ត្រូវបានគេផ្តល់សិទ្ធិឲ្យធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអត្តពលកម្មម្តងរួចមកហើយ កាលពីឆ្នាំ២០០៥ដោយកំណត់យកទីកន្លែងសាងសង់ពហុកីឡដ្ឋានថ្មីនៅ Picketts Lockនិងនៅ Edmonton។ ប៉ុន្តែដោយសារគម្រោងសាងសង់នោះចាយអស់ប្រាក់ច្រើនពេកទើបទីក្រុងសម្រេចចិត្តលែងទទួលធ្វើជាម្ចាស់ផ្ទះវិញ ហើយព្រឹត្តិការណ៍ឆ្នាំនោះក៏ត្រូវផ្ទេរឱ្យទីក្រុងហ៊ែលស៊ីនគីប្រទេសហ្វាំងឡង់វិញ៕
ចែករំលែកព័តមាននេះ