សេដ្ឋកិច្ចប្រទេសម៉ាឡេស៊ីលោតឡើង៤ភាគរយក្នុងត្រីមាសទី២ជាកំណើនទាបបំផុតក្នុងរយៈពេលជិត២ឆ្នាំដោយសារតំរូវការនាំចេញរបស់ពិភពលោកខ្សោយ ។ នេះបើតាមធនាគារកណ្តាលរបស់ប្រទេសនេះឱ្យដឹងកាលពីថ្ងៃពុធ ទី១៧ សីហា។
ចំណែកការព្យាករណ៍សំរាប់កំណើនសេដ្ឋកិច្ច ជាតិប្រចាំឆ្នាំរបស់ប្រទេសម៉ាឡេស៊ីតាមដែលប្រធានធនាគារ Negara លោកស្រី Zeti Akhtar Aziz នាពេលថ្មីៗនេះមានត្រឹមតែ៥ទៅ៦ភាគរយ។ លោកបន្តថា សកម្មភាពសេដ្ឋកិច្ចទទួលរងផលប៉ះពាល់ដោយសារកត្តាតំរូវការក្នុងស្រុកទន់ខ្សោយ និងការកាត់បន្ថយការចំណាយលើវិស័យសាធារណៈ។ ប៉ុន្តែគាត់បន្ថែមថា តំរូវការក្នុងស្រុកនឹងជួយការពារការបន្តធ្លាក់ចុះសេដ្ឋកិច្ចទៀត។
សេដ្ឋកិច្ចធ្លាក់ចុះ៤,៦ភាគរយនៅត្រីមាសទី១ ហើយពេលនេះធ្លាក់មកត្រឹម៤ភាគរយខុសពីឆ្នាំមុនដែលសេដ្ឋកិច្ចជាតិម៉ាឡេស៊ីកើនឡើង៨,៩ភាគរយសំរាប់ត្រីមាសទី២នោះ។
ផលិតផលក្នុងស្រុករបស់ប្រទេសម៉ាឡេស៊ី កើនឡើង៤,៤ភាគរយសំរាប់ឆមាសទីមួយ។
សេដ្ឋកិច្ចម៉ាឡេស៊ីលោតឡើង៧,២ភាគរយ កាលពីឆ្នាំ២០១០ បន្ទាប់ពីធ្លាក់មកត្រឹមតែ១,៧ភាគរយក្នុងឆ្នាំ២០០៩ ដោយសារការធ្លាក់ចុះយ៉ាងគម្ហុកនៃសេដ្ឋកិច្ចពិភពលោក។
ក្រោយមកទៀតសេដ្ឋកិច្ចពិភពលោកក៏ចាប់ផ្តើមជួបវិបត្តិមួយផ្សេងទៀតដោយសារគ្រោះរញ្ជូយដីថ្ងៃទី១១ មីនាក្នុងប្រទេសជប៉ុន និង បញ្ហាវិបត្តិប្រាក់បំណុលអឺរ៉ុបដែលចេះតែរីកធំ ហើយមួយវិញទៀតវិបត្តិប្រាក់ឥណទានអាមេរិក។ ហេតុនេះសេដ្ឋកិច្ចប្រទេសម៉ាឡេស៊ី ដែលពឹងផ្អែកលើការនាំចេញក៏ត្រូវធ្លាក់ចុះ ដោយសាររងការប៉ះទង្គិចពីការធ្លាក់ចុះតំរូវការនៃពិភពលោក។
ពេលនេះយោងតាមការប៉ានស្មាន យើងអាច ទទួលបានការរីកចំរើនសេដ្ឋកិច្ចយ៉ាងតិច៥ភាគរយដែរសំរាប់ឆ្នាំ២០១១នេះ។ នេះជាសម្តីរបស់លោកស្រីប្រធានធនាគារ Zeti។
យោងតាមទិន្នន័យរបស់ធនាគារកណ្តាលថា ស្របពេលដែលសេដ្ឋកិច្ចដើរយឺត អតិផរណាបានកើនឡើង៣,៣ភាគរយ ក្នុងឆមាសទី១ ឆ្នាំ២០១១ ដែលប៉ះពាល់ភាគច្រើនលើតំលៃស្បៀងអាហារ។
អត្រាអតិផរណាក្នុងខែកក្កដាមានចំនួន៣,៤ ភាគរយ ដែលចាត់ទុកថាជាអត្រាខ្ពស់បំផុតមួយ គិតចាប់ពីខែ មីនា ឆ្នាំ២០០៩។ លោកស្រីថា ការរំពឹងទុករបស់លោកស្រី អតិផរណាប្រចាំឆ្នាំនឹងកើនឡើង៣,៥ភាគរយ។ ធនាគារកណ្តាលម៉ាឡេស៊ី បានដំឡើងអត្រា ការប្រាក់៤ដងគិតចាប់ពីខែ មីនា ឆ្នាំ២០១០ ដើម្បីគ្រប់គ្រងអតិផរណា ដែលពេលនោះមានតែ១,៧ភាគរយប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ