លោកប្រធានាធិបតីបារាំង នីកូឡា សាកូហ្ស៊ី និងអធិការបតីអាល្លឺម៉ង់ លោកស្រីអេជេឡា ម៉ាកគែល បានសន្យាកាលពីថ្ងៃទី១៦ សីហា ថា នឹងផ្តល់តំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ ទៅរដ្ឋាភិបាលសេដ្ឋកិច្ចដ៏ពិតប្រាកដ ប៉ុន្តែអ្នកជំនាញថា ការសន្យារបស់មេដឹកនាំទាំង២ មិនទាន់គ្រប់គ្រាន់ ដើម្បីបន្ថយកម្លាំងនៃវិបត្តិប្រាក់បំណុលឡើយ។
បន្ទាប់ពីជួបប្រជុំក្នុងទីក្រុងប៉ារីស មេដឹកនាំដ៏មានអំណាចក្នុងទ្វីបអឺរ៉ុបទាំងពីរនិយាយថា ពួកគេបានស្នើឲ្យមានពន្ធកាន់តែទូលាយក្នុងទ្វីបអឺរ៉ុបក្នុងវិស័យកិច្ចការជំនួញហិរញ្ញវត្ថុ និងស្វែងរកការបង្កើតអង្គភាពគ្រប់គ្រងតំបន់ប្រើប្រាស់អឺរ៉ូ ដែលដឹកនាំដោយប្រធានសហភាពអឺរ៉ុប Herman Van Rompuy។
លោកប្រធានាធិបតីបារាំង នីកូឡា សាកូហ្ស៊ី បានថ្លែងក្រោយកិច្ចប្រជុំរយៈពេល២ម៉ោងជាមួយមេដឹកនាំអាល្លឺម៉ង លោកស្រី ម៉ាកគែលថា យើងកំពុងធ្វើដំណើរទៅរកការរូបរួមដើម្បីពង្រឹងសេដ្ឋកិច្ចតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ។
ប៉ុន្តែមេដឹកនាំទាំងពីរបានធ្វើឲ្យមានការស្រងាកចិត្តផងដែរដោយសារមិនបានលើកឡើងពីគំនិតបញ្ចេញប័ណ្ណប្រាក់ផ្សេងមិនមែនក្នុងតំបន់អឺរ៉ុប (Eurobond) ដែលមានលក់ក្នុងទីផ្សារអឺរ៉ុប ដើម្បីបញ្ជូនបំណុលនៃសមាជិកប្រើប្រាស់ប្រាក់អឺរ៉ូទាំង១៧ ហើយប្រាប់ថា ក្រុមប្រទេសទាំងអស់មានកញ្ចប់ប្រាក់ជំនួយចំនួន៤៤០ពាន់លានអឺរ៉ូ។ មិនតែប៉ុណ្ណោះមេដឹកនាំទាំង២បានលើកឡើងថា រដ្ឋសមាជិកទាំងអស់គួរតែរៀបចំបង្កើតមាត្រដ្ឋានប្រមូលពន្ធតឹងរ៉ឹងមួយ និងបង្កើតកន្លែងគ្រប់គ្រងព្រំដែនថ្មី។
លោកនីកូឡា សាកូហ្ស៊ី បានប្រាប់អ្នកសារព័ត៌មាននៅឯវិមាន Elysee ថា សមាជិកប្រើប្រាស់ប្រាក់អឺរ៉ូទាំងអស់ គួរតែអនុម័តច្បាប់ឲ្យបាននៅពាក់កណ្តាលឆ្នាំក្រោយ ដោយកំណត់ឲ្យរដ្ឋាភិបាលរបស់ពួកគេមានតុល្យភាពថវិកាជាតិ តាមគំរូនៃប្រទេសអាល្លឺម៉ង់។
សេចក្តីប្រកាសរបស់មេដឹកនាំទាំងពីរបានទទួលរងការរិះគន់ពីអ្នកសេដ្ឋកិច្ចថា សេចក្តីសម្រេចនេះ មិនយកតាមទស្សនៈ Eurobond ឬពង្រឹងសាច់ដុំនៃស្ថិរភាពមូលនិធិ ដែលត្រូវគេគិតគ្រប់គ្នាថា មិនគ្រប់គ្រាន់សម្រាប់ប្រាក់ធានា តាមទំហំនៃប្រទេសអ៊ីតាលី និងអេស្ប៉ាញ ជាប្រទេសដែលគេមើលឃើញថា ជាដែនដីរងគ្រោះហើយត្រូវការជំនួយ។
លោកSony Kapoor អ្នកជំនាញខាងសេដ្ឋកិច្ចនិយាយថា កិច្ចប្រជុំរបស់មេដឹកនាំទាំងពីរគ្មានបានបង្កើតអ្វីថ្មី ឬប្រយោជន៍អ្វីទេ។ ប្រសិនបើពួកគេគ្រាន់តែនិយាយ តើអ្វីជាគោលគំនិតសំខាន់នៃកិច្ចប្រជុំ? លោកមិនដែលឃើញច្បាប់រក្សាតុល្យភាពនៃថវិកាជាតិ ឬសូម្បីតែពន្ធលើកិច្ចការជំនួញដែលនឹងអាចដោះស្រាយវិបត្តិនៅអឺរ៉ុប ក៏មិនដែលឃើញផង។
លោកប្រធានាធិបតីបារាំងមានទំនុកចិត្តលើភាពជោគជ័យសេដ្ឋកិច្ចក្នុងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ និងទូទាំងពិភពលោក ខណៈលោកស្រីអធិការបតីអាល្លឺម៉ង់ បែរជាគ្មានសុទិដ្ឋិនិយម អំពីភាពជោគជ័យសេដ្ឋកិច្ចទៅវិញ។
លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញបានសម្តែងការអបអរសាទរចំពោះកិច្ចប្រជុំនោះថា ជាជំហានទៅមុខដ៏សំខាន់សម្រាប់សេដ្ឋកិច្ចសហគមន៍អឺរ៉ុប ក្នុងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ។ ចំណែកប្រទេសក្រិចដែលទទួលកញ្ចប់ជំនួយពីរដងពី IMF និងដៃគូក្នុងទ្វីបអឺរ៉ុបនិយាយថា កិច្ចប្រជុំក្នុងមេដឹកនាំទាំងពីរជាដំណើរទៅមុខដ៏វិជ្ជមាននៃកំណែទម្រង់មួយ ដើម្បីពង្រឹងសេដ្ឋកិច្ចក្នុងតំបន់៕
ចែករំលែកព័តមាននេះ