ខេត្តបន្ទាយមានជ័យ ៖ ក្រុមក្មេងទំនើងចំនួន២ក្រុម ដែលអះអាងថា ពួកខ្លួនជាជនរងគ្រោះត្រូវបានកម្លាំងនគរបាលក្រុងសិរីសោភ័ណ បង្ក្រាបចាប់ខ្លួនរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី១៦ សីហា ឆ្នាំ២០១១ ។ ហេតុការណ៍វាយតប់គ្នានេះកើតឡើងនៅចំណុចខាងកើតស្ពានថ្ម ស្ថិតក្នុងភូមិឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៤ សីហា ដោយជាប់សង្ស័យពីបទបង្កហិង្សាដោយចេតនា ក្នុងនោះក៏មានឈ្មោះឌិន ឆៃដែន ភេទប្រុស អាយុ១៧ឆ្នាំ របួសធ្ងន់កំពុងសម្រាកព្យាបាលនៅគ្លីនិកដែរ។
តាមព័ត៌មានពីលោកវរសេនីយ៍ត្រីរ៉ែម វីរៈ អធិការនគរបាលក្រុងសិរីសោភ័ណ បានឱ្យដឹងថា ក្រុមក្មេងទំនើងទាំង២ក្រុមនេះ ក្រុមទី១ មានគ្នាចំនួន៤នាក់ ១-ឈ្មោះចិត្ត ភេទប្រុស ២-ឈ្មោះស៊ុន ចាន់ត្រា ហៅបារាំង ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ មុខរបររត់ម៉ូតូឌុប ទាំង២នាក់ជាបងប្អូនថ្លៃ ហើយក៏ជាជនដៃដល់បានវាយទៅលើឈ្មោះឆៃដែន ចំក្បាលឱ្យរងរបួសធ្ងន់ ដោយប្រើដែកបំពង់ទីប។ ក្រោយពេលបង្កហិង្សា ជនដៃដល់បានរត់គេចខ្លួនបាត់បន្ទាប់មក កម្លាំងនគរបាលក្រុងសិរីសោភ័ណ បានស្រាវជ្រាវចាប់ខ្លួនបក្សពួកចំនួន២នាក់ ម្នាក់ឈ្មោះឆុំ ស៊ីណា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងម្នាក់ទៀតឈ្មោះញ៉ន ជាវ័ន្ត ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិជាមួយគ្នា។
ចំណែកក្រុមទី២ ជាបក្សពួករបស់ជនរងគ្រោះឈ្មោះឌិន ឆៃដែន ក៏ត្រូវកម្លាំងនគរបាលចាប់ខ្លួនដែរ ១-ឈ្មោះគុយ ចាន់ចាវ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ២-ឈ្មោះសុង សុថា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ៣-ឈ្មោះប៊ន សីហា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ ពេលកម្លាំងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ បានប្រទះឃើញវត្ថុតាងដែកបំពង់ទីបមួយដើមប្រវែង៤០សង្ទីម៉ែត្រ និងរថយន្តម៉ាកកាមរី មួយគ្រឿង ពណ៌ស ស៊េរី៨៧ ពាក់ស្លាកលេខ គ-៣៨៤៤ ភព ជារបស់ញ៉ន ជាវ័ន្ត។
នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង២ក្រុមសុទ្ធតែអះអាងថា ពួកគេគឺជាជនរងគ្រោះ តែទោះជាយ៉ាងណា សមត្ថកិច្ចអនុវត្តតាមតួនាទីរបស់ខ្លួនជាអ្នកអនុវត្តច្បាប់ និងគោរពតាមបទបញ្ជារបស់លោកព្រះរាជអាជ្ញារងផាន់ ភារម្យ ។ ជនសង្ស័យទាំង២ក្រុមនេះរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅស្នងការដ្ឋានបន្តអនុវត្តតាមផ្លូវច្បាប់។ ចំពោះឈ្មោះចិត្ត និងឈ្មោះស៊ុន ចាន់ត្រា ដែលជាជនបង្កហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីលុបបំបាត់ក្មេងទំនើង តាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ៕
ចែករំលែកព័តមាននេះ