ខេត្តបាត់ដំបង ៖ អ្នកជំនាញប្រើប្រាស់ថ្នាំបាញ់លើដំណាំតាង៉ែនចំនួន០២នាក់ បានរងរបួសយ៉ាងដំណំ ដោយសារ «ផ្ទុះកាកម្សៅម្យ៉ាង» នៅក្នុងប៊ីដុង (សានថ្នាំ) ដែលគេប្រើសម្រាប់ចាក់គល់ ឬ បាញ់លើដំណាំតាង៉ែនឲ្យផ្លែ និងធ្វើឲ្យខូចខាតសម្ភារប្រើប្រាស់ រហូតប៉ើងទាំងដំបូលរោងចាំចម្ការអស់គ្មានសល់ផង ដែលគេសន្និដ្ឋានថា អ្នកជំនាញទាំង០២នាក់នោះ «ធ្វើខុសបច្ចេកទេស»។

សេចក្ដីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ឧប្បត្តិហេតុក៏កម្រជួបនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៤០នាទីយប់ថ្ងៃទី០៤ កក្កដា នៅចំណុចភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង។ ដោយឡែក កសិករដែលជួបគ្រោះថ្នាក់ ដោយការផ្ទុះម្សៅថ្នាំ (សាន) ខាងលើនេះ ម្នាក់ឈ្មោះ ខំ សំណាង ហៅ ចក់ ភេទប្រុស អាយុ២៩ឆ្នាំ ជាកម្មករ (រងរបួសធ្ងន់) និង ម្នាក់ទៀតឈ្មោះ រឿម
សុផល ភេទប្រុស អាយុ៣៣ឆ្នាំ ជាកម្មករ (រងរបួសស្រាល) ពួកគេរស់នៅ ចំណុចភូមិ ឃុំកើតហេតុ។

ប្រភពពីសមត្ថកិច្ចបាននិយាយថា កម្មករបាញ់ថ្នាំដំណាំទាំង០២នាក់នេះ បានយកកំណាត់ឈើទៅបុកម្សៅថ្នាំ ដែលគេហៅ «សាន» សម្រាប់ប្រើប្រាស់លើដំណាំ «តាង៉ែន» ដែលកកណែននៅក្នុងប៊ីដុង លុះបុកកាន់តែខ្លាំង ក៏បណ្ដាលឲ្យផ្ទុះលាន់ដូចផ្ទំគ្រាប់មីនតោន ធ្វើឲ្យរបួសទាំង០២នាក់ ខូចខាតសម្ភារៈ ហើយប៉ើងទាំងដំបូលរោងចម្ការអស់ទៀត។

បើតាមការស្រង់សម្ដីជនរងគ្រោះបានឲ្យដឹងថា ម្សៅថ្នាំដែលគេហៅថា «សាន» នោះ បានច្រកក្នុងប៊ីដុងធំមួយ។ ម្សៅនោះហាក់កកក្ដាំងជាប់ក្នុងប៊ីដុង លុះពួកគេយកកំណាត់ឈើទៅបុកបំបែក ក៏ស្រាប់តែផ្ទុះលាន់ដូចគ្រាប់មីនតែម្ដង។ អ្នកធ្លាប់ប្រើប្រាស់ថ្នាំម្សៅ(សាន) នេះ បាននិយាយថា ម្សៅសាននេះ មានសណ្ឋានដូចគ្រាប់ជី«អ៊ុយរ៉េ»។

គេប្រើសម្រាប់ចាក់គល់ ឬលាយទឹកបាញ់លើដំណាំតាង៉ែន ដើម្បីជំនួសផ្លែ។ ប៉ុន្តែនៅពេលច្រកក្នុងប៊ីដុងបែបនេះ ទំនងកកណែនខ្លាំង ទើបនៅពេលកម្មករទាំង០២នាក់ យកឈើទៅបុកធ្វើឲ្យមានកម្ដៅខ្លាំង ទើបនាំឲ្យផ្ទុះតែម្ដង។ បើតាមរបាយការណ៍សមត្ថកិច្ច មហន្តរាយដែលកើតឡើង ដោយសារការផ្ទុះ«ម្សៅសាន ឬ ជី» ដំណាំតាង៉ែននេះ បានធ្វើឲ្យរបួសអ្នកជំនាញបាញ់ថ្នាំចំនួន០២នាក់ ឆេះម៉ូតូកញ្ចាស់០១គ្រឿង បែកពាងទឹកអស់០១ ប៉ើងដំបូលរោងចម្ការអស់ស័ង្កសីចំនួន២០សន្លឹក និង ឆេះប៊ីដុងថ្នាំអស់ចំនួន០ទៀត។

នេះជាឧប្បត្តិហេតុដ៏គ្រោះថ្នាក់បំផុត ដែលប្រជាកសិករទូទៅ និយមប្រើប្រាស់មិននឹកស្មានដល់។ ហើយក៏ជាបទពិសោធន៍មួយ ដែលប្រជាកសិករទូទៅ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្លាំង ព្រោះម្ស៉ៅជីប្រភេទនេះ អាចជាគ្រឿងផ្ទុះដ៏គ្រោះថ្នាក់បំផុត ជាក់ស្ដែងដូចជាករណីខាងលើនេះស្រាប់៕
ចែករំលែកព័តមាននេះ