រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា បញ្ហាសុវត្ថិភាពចរាចរណ៍គឺជាបញ្ហាចម្បងធំ ហើយធ្ងន់ធ្ងរ ណាស់នៅក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្ន។ នៅពេលដែលបានផ្លូវល្អហើយកុំឱ្យគ្រោះថ្នាក់ចរាចរណ៍កើនឡើង ។ មានផ្លូវល្អមិនមែនហេតុផលដែលនាំឱ្យមានការកើនឡើងគ្រោះថ្នាក់ចរាចរណ៍ទេ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានមានប្រសាសន៍បែបនេះកាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១១ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ១ ប្រវែង៩,១០គីឡូម៉ែត្រ ដែលជាគម្រោងសាងសង់ដំណាក់កាលទី៣ ពីគីឡូម៉ែត្រលេខ៤ ម្តុំក្តីតាកុយ ក្នុងសង្កាត់វាលស្បូវ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដល់គីឡូម៉ែត្រលេខ១៣+១០០ ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ផ្លូវល្អមិនមែនជាមូលហេតុដែលនាំឱ្យយើងបង្កើនល្បឿននៃការបើកបរទេ ។ ដូច្នេះកុំឃើញផ្លូវល្អចេះតែបង្កើនល្បឿន ។ ត្រូវគោរពច្បាប់ចរាចរ កំណត់ឱ្យបើកល្បឿនប៉ុនណា ត្រូវគោរព ហើយអនុវត្តតាមច្បាប់ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានអំពាវនាវទទូចដល់អ្នកបើកបរទាំងអស់សូមគោរពជីវិតខ្លួនឯង មិនថាអ្នកបើកបររថយន្តឬអ្នកបើកបរទោចក្រយានយន្តទេ ឱ្យតែអ្នកបើកបរ ។ ពាក់ព័ន្ធទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺមិនស្គាល់ឋានៈរបស់អ្នកនេះ ឬអ្នកនោះ លោកធំឬអ្នកតូចទេ ។
រឿងគ្រោះថ្នាក់ចរាចរណ៍វាបានកើតឡើងដោយសារការធ្វេសប្រហែសដោយមិនគោរពបើកលើសល្បឿនកំណត់ និងដោយសារការប្រើប្រាស់គ្រឿងស្រវឹង ។ ដូច្នេះបញ្ហាទាំងអស់នេះ សូមអំពាវនាវឱ្យមានការគោរពច្បាប់ចរាចរក្នុងនោះមានការបើកបរក្នុងល្បឿនដែលច្បាប់កំណត់ ។ មិនតែប៉ុណ្ណោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា សូម្បីតែរថយន្តរបស់ខ្ញុំក៏កំណត់ល្បឿនឱ្យបើកល្បឿនកំណត់តែ៧០ដែរ និងរៀបចំឱ្យមានការកល់កន្លែងជាន់ល្បឿន គឺជាន់យ៉ាងណាក៏ល្បឿននៅតែត្រឹម៧០ ប៉ុណ្ណោះ »។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា យើងនាំគ្នាត្រូវពង្រឹងច្បាប់ចរាចរដើម្បីចៀសវាងនូវគ្រោះថ្នាក់ ព្រោះក្នុងមួយថ្ងៃៗមានគ្រោះថ្នាក់ច្រើនណាស់សម្រាប់ប្រទេសរបស់យើង ។
ចំពោះបញ្ហាទឹកជំនន់វិញ ឥឡូវនេះនៅស្ទឹងត្រែង ក្រចេះ កំពង់ចាម ក៏បានចាប់ស្រកហើយដែរ និងបន្តស្រក… ប៉ុន្តែទឹកនឹងឡើងមួយសាទៀត ក្រសួងធនធានទឹកកំពុងតែតាមដាន ហើយនឹងឡើងមួយសាទៀតនៅរដូវភ្ជុំបិណ្ឌ ។
ក្នុងរយៈពេលកន្លងទៅ ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម មានជំលៀសប្រជាពលរដ្ឋមួយចំនួន ដូចជានៅស្រុកពាមកោះស្លាក៏មានការបាក់ ដូច្នេះត្រូវមានការប្រុងប្រយ័ត្ននៅតំបន់ដែលមានទឹកលិច ត្រូវប្រយ័ត្នឱ្យម៉ឺងម៉ាត់ជាមួយនឹងកុមារ ការប្រើប្រាស់ទូក កាណូត សូមបើកកាណូតកុំបើកបរលឿនពេកបណ្តាលឱ្យរញ្ជួយផ្ទះប្រជាពលរដ្ឋ ត្រូវបន្ថយល្បឿន។ ទាក់ទិនទៅនឹងជំងឺក្នុងការប្រើប្រាស់ទឹកហូបត្រូវប្រយ័ត្នក្នុងការរាករូស នៅពេលទឹកស្រកទៅវិញ ។
សម្តេចមានប្រសាសន៍ថា ខ្ញុំចង់ឱ្យទឹកឡើង១០,៣០ នៅភ្នំពេញ ឥឡូវទើបតែបាន៩,៦០ម៉ែត្រ ប៉ុន្តែលើកទី២ បើបាន១០,៦០ គឺល្អ ឱ្យព្រៀបផ្លូវជាតិលេខ១ បើនៅតាមអាងទន្លេសាបទឹកឡើងឱ្យពៀបផ្លូវជាតិលេខ៦ តែម្តង នោះហើយបានគេហៅទឹកធំ ទឹកល្អ ។ ឥឡូវទន្លេសាបនៅទាបនៅឡើយទេ ពិតមែនតែទឹកពីខាងលើធ្លាក់ចុះមក ក៏ប៉ុន្តែដោយសារតែនៅទន្លេមេគង្គ នៅបាសាក់ ចតុមុខ ទឹកនៅ៩,៦០ម៉ែត្រ ។ ដូច្នេះវានៅខាងលើដល់កម្រិតហើយយើងចង់បានទឹកធំ ឱ្យត្រីល្អ ៕
ចែករំលែកព័តមាននេះ