ខេត្តបាត់ដំបង ៖ សមត្ថកិច្ចនគរបាលស្រុកកំរៀងបានឃាត់ខ្លួនក្រុមពលករខ្មែរធ្វើចំណាកស្រុកចំនួន៣១នាក់ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៥ សីហា ក្រោយពីសង្ស័យថា ក្រុមពលករខ្មែរទាំងនេះប៉ុនប៉ងឆ្លងដែនចូលទៅប្រទេសសៀមដោយខុសច្បាប់។
លោកឈឹម គឹមហុង អធិការស្រុកកំរៀង បាននិយាយថា ពលករទាំងនេះត្រូវបានក្រុមហ៊ុនមួយឈ្មោះ C.T.ASIA មានស្នាក់ការនៅខេត្តបន្ទាយមានជ័យ នាំពួកគេមកកាន់ស្រុកកំរៀង ដើម្បីឆ្លងដែនទៅប្រទេសសៀម ប៉ុន្តែគេមិនឃើញមានច្បាប់ទម្លាប់របស់ក្រុមហ៊ុននេះទេ រីឯក្រុមពលករទាំងអស់គ្មានកាន់លិខិតឆ្លងដែនឡើយ។
ប្រធានក្រុមហ៊ុននេះមានឈ្មោះសុវណ្ណ សុភា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ប្រធានក្រុមហ៊ុនេះនិយាយថា ក្រុមហ៊ុនបញ្ជូនពលករទៅធ្វើការមុន ទើបរត់ការធ្វើប៉ាស្ព័រជាក្រោយ។
បច្ចុប្បន្នឈ្មោះសុវណ្ណ សុភា ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្នបញ្ជូនទៅកាន់ស្នងការដ្ឋានខេត្ត រួមជាមួយក្រុមពលករទាំង៣១នាក់នេះ ផង ដើម្បីសួរនាំរកឯកសាររបស់ក្រុមហ៊ុន ព្រោះពេលនេះគេកំពុងសង្ស័យថា ក្រុមហ៊ុន C.T.ASIA របស់បុរសសុវណ្ណ សុភា ជាក្រុមហ៊ុនក្លែងក្លាយ ៕
ចែករំលែកព័តមាននេះ