រាជធានីភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណ១១និង៣០នាទីព្រឹកថ្ងៃទី១៦ សីហា អតីតផ្កាយ៣ឈឿន ចាន់ថន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសាកសួរបញ្ចប់ តែត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថនាំខ្លួនទៅកាន់អយ្យការយោធាដើម្បីសាកសួរបន្តពីបទល្មើសទាក់ទិននឹង យោធា។
លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានអ្នកសារព័ត៌មានស្ទាក់សួរពាក់ព័ន្ធនឹងសំណុំរឿងចោទប្រកាន់ ដើម្បីចង់ដឹងថា តើតំណាងអយ្យការចោទប្រកាន់លោកឈឿន ចាន់ថន ពីបទល្មើសអ្វីខ្លះ ។ លោកមាស ច័ន្ទពិសិដ្ឋ បានថ្លែងថា លោកបានពិនិត្យមើលសំណុំរឿងសន្និដ្ឋានពីសមត្ថភាពកងរាជអាវុធហត្ថរួចរាល់ហើយ ហើយលោកក៏បានសួរជនត្រូវចោទ និងបានពិនិត្យលើអង្គច្បាប់ដែរ ។ លោកឈឿន ចាន់ថន ពាក់ព័ន្ធនឹងបទល្មើស៤ចំណុច ហើយលោកបានចោទប្រកាន់ជាផ្លូវការ៤ចំណុចនោះដើម្បីដាក់បញ្ជូនទៅចៅក្រមស៊ើបអង្កេតសាកសួរបន្ត។ បទល្មើសដែលលោកបានចោទប្រកាន់មាន៖
១-កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ។
២-ចេញប័ណ្ណប្រើប្រាស់អាវុធដែលមិនមែនជាសមត្ថកិច្ច តាមមាត្រា២០និង២២ ស្តីពីច្បាប់គ្រប់គ្រងអាវុធជាតិផ្ទុះ ។
៣-ក្លែងលិខិតសាធារណៈ ។
៤-ប្រើប្រាស់លិខិតក្លែង តាមមាត្រា៦២៩ និង៦៣០នៃក្រមព្រហ្មទណ្ឌថ្មី ដែលនេះជាបទល្មើសឧក្រិដ្ឋ មានទោសពី៥ទៅ១០ឆ្នាំ ។
លោកមាស ច័ន្ទពិសិដ្ឋ បានថ្លែងទៀតថា បន្ទាប់ពីបានរកឃើញបទល្មើសធ្វើការចោទប្រកាន់នេះហើយ សំណុំរឿងនិងជនត្រូវចោទបានធ្លាក់ដល់ដៃលោកស្រីសែម ស័ក្តិកូឡា ចៅក្រមស៊ើបសួរ ហើយលោកស្រីចៅក្រមក៏បានសួរបន្ថែមអស់រយៈពេលជាច្រើនម៉ោងដែរ ។ ក្រោយពីសាកសួររួចលោកស្រីចៅក្រមបានសម្រេចឱ្យសមត្ថកិច្ចឃុំខ្លួនលោកឈឿន ចាន់ថន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន។ ប៉ុន្តែខណៈជនត្រូវចោទកំពុងស្ថិតក្នុងដៃសមត្ថកិច្ច និងនៅជាប់ពាក់ព័ន្ធនឹងរឿងយោធាទៀតនោះ លោកឈឿន ចាន់ថន ត្រូវបានកម្លាំងកងរាជអាវុធហត្ថនាំចេញពីសាលាដំបូងទៅកាន់អយ្យការយោធាតែម្តង ។
លោកវរសេនីយ៍ឯក ពូ ដាវី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឱ្យដឹងថា អតីតផ្កាយ៣ឈឿន ចាន់ថន ជាប់ពាក់ព័ន្ធរឿងជាច្រើនទៀត ដែលសុទ្ធសឹងជាបទល្មើសខាងយោធា ។ ពេលនេះរឿងស៊ីវិល ត្រូវបានតំណាងអយ្យការសាលាដំបូងធ្វើការចោទប្រកាន់ជាផ្លូវការហើយមាន៤បទល្មើស ចំណែករឿងយោធាកំពុងបន្តដំណើរការទៀត ៕
ចែករំលែកព័តមាននេះ