រាជធានីភ្នំពេញ ៖ ខ្មែរចូលសញ្ជាតិជប៉ុនរាប់ម៉ឺនគ្រួសាររស់នៅប្រទេសជប៉ុន កំពុងតែខ្វះវត្តសម្រាប់គោរពប្រណិបតន៍ព្រះពុទ្ធសាសនាបែបខ្មែរនៅទីនោះ ប៉ុន្តែគេពុំទាន់ឃើញមានវត្តខ្មែរត្រូវបានកសាងនៅប្រទេសជប៉ុននៅឡើយទេ គឺមានតែវត្តជប៉ុនប៉ុណ្ណោះ ហេតុនេះហើយទើបប្រជាជនខ្មែរបាននាំគ្នាមកសុំឱ្យព្រះគ្រូនាមមុនីសត្យាសុខុមោនីសវុណ្ណមុនីរ៉េត ក្នុងខណៈដែលព្រះអង្គបានយាងនិមន្តទៅកាន់ប្រទេសជប៉ុន ធ្វើចលនាបង្កើតវត្តខ្មែរនៅទីនោះ ដើម្បីប្រជាពលរដ្ឋគោរពវិញ្ញាណក្ខន្ធដល់ប្រជាពលរដ្ឋជប៉ុនដែលបានស្លាប់ដោយរលកស៊ូណាមី កន្លងទៅគឺសុំឱ្យពួកគេទទួលបានសុគតិភពខាងមុខហើយសូមឱ្យរដ្ឋាភិបាលជប៉ុនជួយគាំទ្រពលរដ្ឋខ្មែរឱ្យបានកសាងវត្តខ្មែរមួយនៅទីនោះទុកសម្រាប់កូនខ្មែរបានគោរពតាមបែបព្រះពុទ្ធសាសនា។
ព្រះគ្រូនាមមុនីសត្យាសុខុមោនី សុវណ្ណមុនី រ៉េត បានបញ្ជាក់ថា ព្រះអង្គនិមន្តទៅទីនោះជួយលើកទឹកចិត្តដល់ពលរដ្ឋខ្មែរនៅប្រទេសជប៉ុន និងជនជាតិជប៉ុនផងដែរ ។ ដោយធ្វើដំណើរទៅទីនោះបានដោយមានការឧបត្ថម្ភពីលោកស្រីជំទាវពៅ ដានី ក្រុមហ៊ុនអ៊ិចប្រេស លោកគៀទ ផៃ បងស្រីគៀទ ថាណា ព្រមទាំងពុទ្ធបរិស័ទបាននិមន្តអត្មាទៅទីនោះ ដើម្បីធ្វើពិធីបួងសួងឧទ្ទិសដល់វិញ្ញាណក្ខន្ធចំពោះអ្នកដែលបានស្លាប់កាលក្នុងរលកស៊ូណាមី កន្លងទៅ ឱ្យពួកគេទទួលបានសេចក្តីសុខ និងបានចាប់ជាតិ ។ ពិធីនោះក៏សុំសេចក្តីសុខពីម្ចាស់ទឹក ម្ចាស់ដីក្នុងការប្រាថ្នាកុំឱ្យជប៉ុនជួបប្រទះរឿងអញ្ចឹងបន្តទៀតដែរ។
ព្រះអង្គមានសង្ឃដីកាបន្តថា ព្រះអង្គនឹងត្រៀមជួយដល់ប្រជាពលរដ្ឋដែលបាននៅទីនោះ ហើយសូមធ្វើការអំពាវនាវដល់កុងស៊ុលប្រចាំនៅប្រទេសជប៉ុន ជាពិសេសសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីក្រសួងធម្មការ និងសាសនានៅប្រទេសកម្ពុជា ឬស្ថាប័នពាក់ព័ន្ធលើវិស័យព្រះពុទ្ធសាសនាធ្វើយ៉ាងណាដើម្បីឱ្យប្រជាជនខ្មែរទីនោះទទួលបាននូវវត្តខ្មែរមួយសម្រាប់ជាទីគោរពព្រះពុទ្ធសាសនាតាមបែបខ្មែរផង។ ដោយឡែកលោកគៀទ ផៃ ក៏បានប្រាប់ថា ប្រជាជនខ្មែរដែលបានចូលសញ្ជាតិជប៉ុនពួកគេចង់បានវត្តព្រះពុទ្ធសាសនាមួយស្ថិតនៅលើទឹកដីនៃប្រទេសជប៉ុន សម្រាប់គោរពបូជាដូចនៅស្រុកខ្មែរ ពីព្រោះព្រះពុទ្ធសាសនាក៏អាចធ្វើឱ្យមនុស្សក្នុងលោករំលត់ចិត្តក្រេវក្រោធ និងបានជ្រះស្រឡះពីភាពមន្ទិលសៅហ្មងក្នុងចិត្ត ។ ប៉ុន្តែអ្វីដែលមានការលំបាកនេះ គឺត្រង់ប្រជាជនខ្មែរមួយចំនួនពុំសូវចេះភាសាជប៉ុន ហើយគោរពបែបជប៉ុនទៀត ទើបធ្វើឱ្យមានការលំបាក។ រីឯលោកខាត ផួង ធ្វើការឱ្យក្រុមហ៊ុនជប៉ុនបានប្រាប់ថា ប្រជាពលរដ្ឋខ្មែររស់នៅទីនោះបាននិងកំពុងតែសុំច្បាប់បើកជាសមាគមខ្មែរ-ជប៉ុនក្នុងគោលបំណងដើម្បីរួមគ្នាចងក្រងជាច្បាប់ទម្លាប់ ហើយសុំច្បាប់បង្កើតឱ្យមានវត្តខ្មែរនៅប្រទេសជប៉ុនមួយប្រយោជន៍សម្រាប់កូនខ្មែរ។
បងស្រីគៀ ស៊ីណា តំណាងឱ្យប្រជាពលរដ្ឋនៅក្នុងប្រទេសជប៉ុនដោយស្របច្បាប់សុទ្ធតែបានអះអាងដូចៗគ្នាថា ពួកគេមានការគាំទ្រប្រហែលជាង៧០ទៅ៨០ភាគរយ កំពុងសង្ឃឹមថា អនាគតឆាប់ៗនេះនឹងអាចមានវត្តមួយនៅជប៉ុនជាក់ជាមិនខាន ហើយពេលនេះ កំពុងស្វែងរកទីតាំងដីមួយកន្លែងស្ថិតនៅត្រង់ចំណុចខេត្ត កាណាហ្គាវ៉ា (KANAGAVA) ATSUGI ក្បែរតំបន់ភ្នំនៃប្រទេសជប៉ុននោះ។ តែការងារនេះលុះត្រាតែមានការសម្របសម្រួលពីឯកអគ្គកុងស៊ុល ប្រចាំប្រទេសជប៉ុនសុំរាជរដ្ឋាភិបាលជប៉ុនផងដែរ ទើបដំណើរការរលូនទៅមុខបាន។
ខណៈព្រះសង្ឃខ្មែរបាននិមន្តទៅប្រទេសជប៉ុននោះ ពលរដ្ឋខ្មែរនៅទីនោះឆ្លៀតឱកាសផ្តួចផ្តើមបង្កើតឱ្យមានពិធីនេះឡើង ។ គាត់បញ្ជាក់ទៀតថា នៅថ្ងៃទី១៤ សីហា ២០១១ វេលាម៉ោង១០ព្រឹក ប្រជាជនខ្មែរសញ្ជាតិជប៉ុនបានសុំច្បាប់អាជ្ញាធរជប៉ុនត្រៀមធ្វើពិធីបួងសួងនិងគោរពវិញ្ញាណក្ខន្ធដល់ពលរដ្ឋជប៉ុនដែលបានស្លាប់ក្នុងថ្ងៃកើតមានរលកស៊ូណាមី បានទាញយកអាយុជីវិតមនុស្សអស់រាប់ម៉ឺននាក់ ដែលមានការរៀបចំបាយសី និងគ្រឿងជាទីសក្ការបូជាសម្រាប់ប្រគេនដល់លោកសង្ឃ។ បញ្ជាក់ថា ទីតាំងស្ថិតនៅសង្កាត់ TURUM ស្រុក YAMOTO ខេត្ត KANAGAVA ។ កម្មវិធីនេះចាប់ផ្តើមពីធីបួងសួងនៅវេលាម៉ោង១០ព្រឹក រហូតដល់ម៉ោង១១ថ្ងៃត្រង់ប្រគេនចង្ហាន់ដល់ព្រះសង្ឃរួចនៅម៉ោង១២ថ្ងៃត្រង់ឈប់សំរាក ដើម្បីឱ្យប្រជាជនបានទទួលទានអាហាររួមគ្នារហូតដល់ម៉ោង១៤រសៀលនិមន្តព្រះសង្ឃទេសនាចប់។
លោកស្រីប្រាក់ សុវណ្ណខេត ដែលមានបារមីព្រះម៉ែសង្គ្រោះជាតិនៅកម្ពុជាបានប្រាប់ថា ប្រជាជនខ្មែរចូលសញ្ជាតិជប៉ុនរស់នៅប្រទេសជប៉ុនគោរពច្បាប់ជប៉ុននោះ ពួកគេកំពុងមានការសប្បាយផង និងព្រួយបារម្ភផង ដោយប្រទេសជប៉ុនឧស្សាហ៍មានគ្រោះធម្មជាតិ ប៉ុន្តែសម្រាប់ទំនាក់ទំនងការទូតគឺល្អជាងគេ ជាពិសេសផ្តល់ជំនួយមកកម្ពុជាច្រើនលើសលប់ករណីនេះវាបានបង្កើតឱ្យមានចំណងសាមគ្គីកាន់តែជិតស្និទ្ធបន្ថែមទៀត រវាងប្រទេសកម្ពុជា និងប្រជាជនជប៉ុន រាជរដ្ឋាភិបាលជប៉ុន ពីព្រោះជប៉ុនបានខិតខំចំណាយធនធានទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ទាប់ ដើម្បីជួយដល់ប្រទេសកម្ពុជាទើបនៅថ្ងៃនេះ ប្រជាជនកម្ពុជារាប់ពាន់នាក់មកចូលរួមក្នុងពិធីបួងសួងសុំឱ្យប្រជាជនជប៉ុនជួបតែសេចក្តីសុខចៀសផុតពីការរញ្ជួយដីទៅថ្ងៃមុខទៀត។
លោកស្រីប្រាក់ សុវណ្ណខេត ក៏បានបញ្ជាក់ថា អ្នកដែលតែងតែជួយគាំទ្រដល់ព្រះគ្រូនាមមុនីសត្យាសុខុមោនីសុវណ្ណមុនីរ៉េត នៅក្នុងការនិមន្តទៅក្រៅប្រទេសនានាមានដូចជាលោកស្រីយូ ស៊ីណាន លោកជំទាវពៅ ដានី ម្ចាស់ក្រុមហ៊ុនអ៊ិចប្រេស លោកគៀទ ថៃ លោកគៀទ ផៃ លោកស្រីស៊ិន រដ្ឋា លោកអ្នកឧកញ៉ាអុិន ដារិន លោកស្រីស៊ីណា លោកស្រីស៊ីណាន លោកជីវ៉ា ថូ ម្ចាស់ហាងខ្មែរនៅប្រទេសជប៉ុន លោកស្រីបូរព្រឹក ព្រមជាមួយលោកអ៊ិ សាលីស្រេង ជាអគ្គនាយកសមាគមខ្មែរនៅប្រទេសជប៉ុន និងជាប្រធានគ្រប់គ្រងជនបរទេសដែលរស់នៅក្នុងខេត្តកាណាហ្គាវ៉ា នៃប្រទេសជប៉ុន ហើយក៏មានខ្មែរនៅទីនោះជាច្រើនទៀតបានគាំទ្រដល់ព្រះអង្គក្នុងការគង់នៅ ឬមធ្យោបាយទេសចរស្ទើរគ្រប់កន្លែងក្នុងប្រទេសជប៉ុននោះ។
ព្រះគ្រូនាមមុនីសត្យាសុខុមោនីមុនីរ៉េត កំពុងតែរួមកម្លាងឯកភាពជាមួយព្រះគ្រូមេកុដិលេខ៤២ ស្ថិតនៅវត្តនាគវ័ន ហើយបានកំពុងស្វែងរកជំនួយបន្ថែមទៀតដើម្បីជួយដល់កាកបាទ ក្រហម កសាងសាលា ផ្លូវ ថ្នល់ សាលារៀន ដូចកន្លងទៅដែរ ក្នុងគោលបំណងជួយសង្គមជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ ចំណែកលោកអ៊ីនសាលីស្រេង អនុប្រធានសមាគមខ្មែរនៅប្រទេសជប៉ុន ក៏សូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ព្រមជាមួយកុងស៊ុលប្រចាំប្រទេសជប៉ុន និងរាជរដ្ឋាភិបាលជប៉ុន គឺធ្វើយ៉ាងណាដើម្បីឱ្យខ្មែររស់នៅប្រទេសជប៉ុន ទទួលបានការកសាងវត្តអារាមមួយនៅប្រទេសជប៉ុននៅពេលខាងមុខនេះ ដើម្បីធ្វើពិធីគោរពប្រណិបតន៍ព្រះពុទ្ធសាសនាតាមបែបខ្មែរ ៕
ចែករំលែកព័តមាននេះ