ខេត្តកំពង់ចាម៖ កិច្ចប្រជុំបូកសរុបសភាពការណ៍និងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌរក្សាសន្តិសុខសណ្តាប់ធ្នាប់តំបន់ព្រំប្រទល់រវាងខេត្តកំពង់ចាមនិងខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី១២ សីហា ២០១១ ដែលកម្មវិធីនេះ ធ្វើឡើងនៅអធិការដ្ឋាននគរបាលស្រុកអូររាំងឪ ក្រោមអធិបតីភាពលោករស់ សុខន អភិបាលស្រុកអូររាំងឪ។ និងមានការចូលរួមពី លោកអធិការ អធិការរង នាយ-នាយរងប៉ុស្តិ៍រដ្ឋបាល ព្រមទាំងមន្រ្តីនគរបាល សរុបចំនួន៧៥នាក់ ។
តាមព័ត៌មានពីលោកវរសេនីយ៍ត្រីញ៉ែម សុខុម អធិការនគរបាលស្រុកអូររាំងឪ បានបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានអញ្ជើញចូលរួមពីសំណាក់លោកវរសេនីយ៍ឯកវណ្ណ សារឿន ស្នងការរងនគរបាលខេត្តព្រៃវែងទទួលផែនកណ្តាលយុត្តិធម៌ លោកវរសេនីយ៍ឯកជឹម សេងហុងស្នងការរងនគរបាលខេត្តកំពង់ចាម ទទួលផែនយុត្តិធម៌ ក្នុងគោលបំណងពង្រឹងភូមិ-ឃុំមានសុវត្ថិភាព នៅតាមបន្ទាត់ព្រំប្រទល់ រវាងខេត្តកំពង់ចាម-ព្រៃវែង ឱ្យកាន់តែមានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំស្របតាមគោលការណ៍របស់អគ្គស្នងការនគរបាលជាតិ។
លោកអធិការនគរបាលស្រុកអូររាំងឪបានបន្តថា នៅពេលដែលមុខសញ្ញាបទល្មើសណាមួយបានធ្វើសកម្មភាពនៅក្នុងទឹកដីខេត្តព្រៃវែង ហើយបានរត់គេចខ្លួនមកខាងស្រុកអូររាំងឪនោះត្រូវតែរាយការណ៍បន្ទាន់ដើម្បីត្រៀមកម្លាំងចេញអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។ ប្រសិនណាបើមានកិច្ចសហការល្អរវាងនគរបាលខេត្តព្រៃវែងជាមួយនឹងនគរបាលខេត្តកំពង់ចាម ដូច្នេះជនដែលប្រព្រឹត្តល្មើសមិនអាចរត់រួចពីសំណាញ់ច្បាប់នោះទេ ។
ក្នុងឱកាសនោះលោករស់ សុខន អភិបាលស្រុកអូររាំងឪ និងជាគណៈអធិបតីបានវាយតម្លៃខ្ពស់អំពីលទ្ធផលក្នុងកិច្ចសហប្រតិបត្តិការជាប់ព្រំប្រទល់រវាងខេត្តទាំង២ ដែលបានខិតខំយកអស់ពីកម្លាំងកាយចិត្តទទួលបានលទ្ធផលល្អគួរជាទីមោទនៈស្របតាមគោលនយោបាយភូមិ-ឃុំសុវត្ថិភាព ។
លោកវរសេនីយ៍ឯកជឹម សេងហុង ស្នងការរងនគរបាលខេត្តទទួលបន្ទុកផែនកណ្តាល។ យុត្តិធម៌បានគូសបញ្ជាក់ថា តាងនាមឱ្យលោកឧត្តមសេនីយ៍ត្រី នួន សាមិន ស្នងការនគរបាលខេត្ត លោកសូមកោតសរសើរចំពោះស្នាដៃដែលទទួលបានក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១១នេះ ពីកិច្ចសហការល្អរវាងខេត្តជាប់ព្រំប្រទល់ទាំង២។ ចំពោះសភាពការណ៍បទល្មើសរំលោភសេពសន្ថវៈមានការកើនឡើងគួរឱ្យកត់សម្គាល់ កត្តានេះតាមការកត់សម្គាល់បណ្តាលមកពីស្រវឹងស្រាភាគច្រើន ដូច្នេះកន្លែងប្រកបរបរបិតស្រាលក់ក៏ត្រូវតែធ្វើការត្រូតពិនិត្យឱ្យបានត្រឹមត្រូវ ពីផ្នែកសុខាភិបាលស្រុកដើម្បីចូលរួមចំណែកក្នុងការការពារសុខុមាលភាពជូនប្រជាពលរដ្ឋ ព្រោះកន្លងមកមានកន្លែងខ្លះ ដែលបានបិតស្រាខ្វះបទដ្ឋានបច្ចេកទេសព្រមទាំងមិនមានសម្ភារគ្រប់គ្រាន់ដោយយកមេស្រាមកចាក់លាយទឹក ហើយយកទៅដាក់លក់នៅលើទីផ្សា។ បញ្ហានេះហើយដែលបានបង្កឱ្យប៉ះពាល់សុខភាពត្រូវតែចៀសវាងដាច់ខាត។
ម្យ៉ាងទៀតនៅរាល់មុខសញ្ញាដែលគេចពីកន្លែងមួយទៅកន្លែងមួយឆ្លងពីខេត្តកំពង់ចាមទៅខេត្តព្រៃវែងឬពីព្រែវែងមកកំពង់ចាមវិញ ប្រសិនបើស្គាល់អត្តសញ្ញាណគ្រាន់តែបញ្ជូនរូបភាពជនសង្ស័យតាមអ៊ីមែល ព្រោះសម័យនេះមានបច្ចេកវិទ្យាកាន់តែទំនើបដូច្នេះជនដែលបានប្រព្រឹត្តមិនអាចរត់គេចពីសំណាញ់ច្បាប់បានឡើយ៕
ចែករំលែកព័តមាននេះ