រាជធានីភ្នំពេញ ៖ លោកអ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត(គ.ជ.ប)បានប្រកាសកាលពីថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១១ថា គ.ជ.បគ្រោងចំណាយ ប្រាក់ប្រមាណ២០លានដុល្លារអាមេរិកក្នុង ការរៀចំការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១២ ។ ការប្រកាសរបស់លោកធ្វើឡើងក្នុងសន្និសីទ កាសែតមួយដើម្បីផ្សព្វផ្សាយការបិទផ្សាយបញ្ជី ទីតាំងការិយាល័យបោះឆ្នោត ការបិទបញ្ជីបោះ ឆ្នោតចុងក្រោយឆ្នាំ២០១០ ការត្រៀមរៀបចំមុន និងការប៉ាន់ស្មានសម្រាប់ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១១ ។
លោកអ៊ឹម សួស្តីបន្តថា ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោតនេះជាការងារមួយពិសេសសម្រាប់ឆ្នាំនេះជាងឆ្នាំមុនៗ។ ការ រៀបចំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០១១នេះតទៅ ក្នុងនោះក៏មានការរៀបចំការ បោះឆ្នោតក្រុមប្រឹក្សាខណ្ឌពោធិសែនជ័យនិងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅក្នុងដំណាក់កាលនៃការចុះឈ្មោះបោះឆ្នោតដែរ។
លោកអឹុម សួស្តីបញ្ជាក់ថា មានធ្វើវិសោធនកម្មចុងក្រោយនៃច្បាប់បោះឆ្នោតក្នុងការជ្រើសរើសសមាជិកសភាដែលទាក់ទងនឹងការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត។ ការចុះឈ្មោះបោះឆ្នោតមានពន្យារពេលដល់ថ្ងៃនិងការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតមានរយៈដល់ទៅ១០ថ្ងៃសម្រាប់បញ្ជីដំបូងសម្រាប់ការតវ៉ាចំពោះអ្នកដែលបាត់ឈ្មោះ។
លោកប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអះអាងថា ចំនួនប្រជាពរដ្ឋសរុបប្រមាណ១៤.១៧៤.៩៤៩នាក់ អាយុ១៨ឆ្នាំឡើងមានចំនួនប្រមាណ៨.៨៩៤.២១៩នាក់ ក្នុងនោះមានស្រីចំនួន៤.៦៣៦.៧២៧នាក់។ តាមការប៉ាន់ស្មានចំនួនការិយាល័យបោះឆ្នោតអាចនឹងកើនឡើងដល់១៨.១២៦ការិយាល័យ តែចំនួនជាក់ស្តែងវាអាចកើនឡើងឬថយចុះជាងនេះនៅពេលចុះឈ្មោះតែម្តងទើបដឹងចំនួនពិតប្រាកដ។
លោកអ៊ឹម សួស្តីបន្តថា ប៉ុន្មានឆ្នាំចុងក្រោយនេះតួលេខរបស់ប្រជាពលរដ្ឋបម្លាស់ទីពីកន្លែងមួយទៅកន្លែងមួយមានការវិវត្តច្រើន។ប្រជាជន១លាន៦សែននាក់ផ្លាស់ប្តូរទីលំនៅពីខេត្តមួយទៅខេត្តមួយទៀត។ តាមការប៉ាន់ស្មានមានប្រជាពលរដ្ឋប្រមាណ៥០ម៉ឺននាក់ដែលបានចូលមករាជធានីភ្នំពេញ និងមានអ្នកចេញពីរាជធានីភ្នំពេញប្រមាណ២៦ម៉ឺននាក់។ ប្រជាជនដែលចាកចេញពីខេត្តដែលស្ថិតនៅតំបន់កណ្តាលនៃប្រទេសទៅរស់នៅតាមខេត្តចំនួន១០ស្ថិតនៅផ្នែកពាយ័ព្យមានប្រមាណ៥០ម៉ឺននាក់។ តាមការស្រាវជ្រាវដង់ស៊ីតេប្រជាជនកម្ពុជាក្នុង១គីឡូម៉ែត្រការ៉េមានចំនួន៧៥នាក់។ ប្រជាជននៅភ្នំពេញមាន៩% ប្រជាជននៅតាមជនបទ ៨០% និងនៅទីប្រជុំជន១០%។
លោកប្រធានគ.ជ.បបន្តថា ដោយសារការផ្លាស់ប្តូរទីតាំងប្រជាពលរដ្ឋដូចនេះ វាទាមទារឱ្យមានការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះឱ្យបានត្រឹមត្រូវនិងហ្មត់ចត់។ការងារមួយផ្សេងទៀតក្នុងការធ្វើវិសោធនកម្មច្បាប់នោះក៏បានប្រគល់សិទិ្ធឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរៀបចំបញ្ជីបោះឆ្នោតសំរាប់ឃុំដែលទើបបង្កើតថ្មីនិងឃុំដែលបានកែប្រែព្រំប្រទល់ក្នុងនោះមានឃុំថ្មីចំនួន១២(មាន១០ឃុំមាន២សង្កាត់)និងកែប្រែព្រំទល់ឃុំចំនួន៧។
លោកអ៊ឹម សួស្តី បន្តថា រហូតមកដល់ពេល នេះយើងមានរាជធានីមួយនិងខេត្ត២៣ មានក្រុងចំនួន២៦ក្រុង និងស្រុក១៥៩ និងខណ្ឌចំនួន៩។ ដូច្នេះក្រុង-ស្រុក-ខណ្ឌមានចំនួន១៩៤ ហើយដោយឡែកឃុំ-សង្កាត់ពីមុនមានតែ១.៦២១ទេ តែឥឡូវនេះមានចំនួន១.៦៣៣ឃុំ-សង្កាត់ដែលនឹងត្រូវបោះឆ្នោតចូលជាធរមាននៅពេលបោះឆ្នោតថ្ងៃទី៣ មិថុនា ឆ្នាំ២០១២៕
ចែករំលែកព័តមាននេះ