រាជធានីភ្នំពេញ ៖ កិច្ចប្រជុំប្រចាំខែ កក្កដា ឆ្នាំ២០១១ នេះ អគ្គនាយកដ្ឋានកាំកុងត្រូលបានលើកទិសដៅសម្រាប់ការងារប្រចាំខែបន្តទៀត ដើម្បីយកចិត្តទុកដាក់លើការងារបង្កើនការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហារ សំដៅរួមចំណែកលើកស្ទួយជីវភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។
លោកម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល មានប្រសាសន៍ថា ដោយអនុវត្តនូវយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពដំណាក់កាលទី២ ដែលបានកំណត់នូវគោលនយោបាយអភិវឌ្ឍន៍ពាណិជ្ជកម្មសំខាន់អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល កាំកុងត្រូលបានបន្តលើកទិសដៅការងារសម្រាប់អនុវត្តក្នុងខែបន្តទៀត ដោយផ្តោតជាសំខាន់លើការបង្កើនការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហាររួមនឹងការងារជាក់ស្តែងមួយចំនួនទៀត ស្ថិតក្នុងតួនាទីភារកិច្ចរបស់កាំកុងត្រូល។
លោកបញ្ជាក់ថា ការងារជាក់ស្តែងរួមអនុវត្តកម្មវិធីត្រួតពិនិត្យការនាំចូលទាំងម្ហូបអាហារ និងផលិតផល មិនមែនម្ហូបអាហារដែលមានបញ្ញត្តិគ្រប់គ្រងទេ។ ពង្រឹងប្រសិទ្ធភាពត្រួតពិនិត្យការនាំចេញ ពិសេសការត្រួតពិនិត្យផ្នែករដ្ឋបាលលើផលិតផលកាត់ដេរ សំដៅបំពេញនូវលក្ខខណ្ឌអំពីវិធាន GSP/MFN និងលើផលិតផលជាប់កម្រិតកំណត់ផ្សេងៗទៀតក្នុងក្របខណ្ឌនៃកិច្ចសម្រួលពាណិជ្ជកម្ម។ អនុវត្តកម្មវិធីឃ្លាំមើលទីផ្សារក្នុងប្រទេសសំខាន់ៗពាក់ព័ន្ធម្ហូបអាហារ និងផលិតផលមានបញ្ញត្តិបច្ចេកទេសគ្រប់គ្រងសំដៅលុបបំបាត់ការលួចប្រើប្រាស់សារធាតុគីមីហាមឃាត់ និងកាត់បន្ថយឱ្យនៅត្រឹមកម្រិតសមស្របនូវសំណល់ថ្នាំសម្លាប់សត្វល្អិតលើម្ហូបអាហារសំខាន់ៗមួយចំនួនរួមទាំងការងារពាក់ព័ន្ធជាច្រើនទៀត។
យោងតាមរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០១១ របស់អគ្គនាយកដ្ឋានកាំកុងត្រូល រយៈពេលមួយខែនេះកាំកុងត្រូលបំពេញបានការងារជាក់ស្តែងមួយចំនួន ដូចជា ការងារត្រួតពិនិត្យតាមទីផ្សារ ត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យការក្លែងបន្លំ ត្រួតពិនិត្យការនាំចូល-នាំចេញនូវមុខទំនិញគ្រប់ប្រភេទ រួមទាំងកិច្ចសហការត្រួតពិនិត្យសិប្បកម្មផលិតកម្ម និងកែច្នៃម្ហូបអាហារ។ ការងារត្រួតពិនិត្យពាណិជ្ជកម្ម សកម្មភាពវិភាគគុណភាពទំនិញ និងការផ្សព្វផ្សាយច្បាប់បទប្បញ្ញត្តិបច្ចេកទេស រួមទាំងការងារបណ្តុះបណ្តាល និងប្រាក់ចំណូលជាដើម។
ពាក់ព័ន្ធនឹងប្រាក់ចំណូលក្នុងខែកក្កដា តាមរបាយការណ៍បានបង្ហាញថា ប្រាក់ចំណូលសរុបមានចំនួន៣.៩៤៨លានរៀល។ ប្រាក់ចំណូលនេះមានការថយចុះប្រមាណ១,៧២% បើប្រៀបធៀបទៅនឹងខែមិថុនា ឆ្នាំ២០១១ ។ ប៉ុន្តែ មានការកើនឡើងប្រមាណ១៨,៣៥% បើប្រៀបធៀបប្រាក់ចំណូលដូចគ្នាក្នុងខែកក្កដា ឆ្នាំ២០១០ ។ អត្រានៃប្រាក់ចំណូលនេះ បើប្រៀបធៀបទៅនឹងផែនការចំណូលរដ្ឋ គឺអគ្គនាយកដ្ឋានកាំកុងត្រូលអនុវត្តបានប្រមាណ៨៩,៤% នៃផែនការបានកំណត់ចំនួន២៧.០០០លានរៀល៕
ចែករំលែកព័តមាននេះ