ខេត្តកំពង់ធំ ៖ ដើមបណ្ដឹងរដ្ឋប្បវេណីប្រមាណជា៣៥០នាក់មកពីខេត្តចំនួន៤ប៉ែកនិរតីបឹងទន្លេសាបក្នុងសំណុំរឿងលេខ០០២ បានមកជួបប្រជុំគ្នាក្នុងវេទិកាថ្នាក់តំបន់លើកទី១១នៅខេត្តកំពង់ធំ កាលពីថ្ងៃទី១១ សីហា កន្លងមកនេះ ។
វេទិកាដ៏មានសារសំខាន់សម្រាប់ដំណើរការឆ្ពោះទៅរកភាពយុត្តិធម៌ក្នុងសាលាក្ដីកូនកាត់ដែលរៀបចំឡើងដោយអង្គភាពគាំពារជនរងគ្រោះនៃអង្គជំនុំវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) គឺក្នុងគោលបំណងធ្វើការសម្របសម្រួលការចូលរួមរបស់ជនរងគ្រោះក្នុងសម័យខ្មែរក្រហមតាមនីតិវិធីច្បាប់របស់អ.វ.ត.ក និងធ្វើការសម្របសម្រួលការស្វែងរកសំណងជូនដល់ជនរងគ្រោះឱ្យស្របតាមនីតិវិធីច្បាប់ និងនីតិវិធីក្រៅប្រព័ន្ធតុលាការ ព្រមទាំងកម្មវិធីផ្សេងៗដែលបញ្ជាក់ពីការទាមទាររបស់ជនរងគ្រោះក្នុងអំឡុងពេលដំណើរការជំនុំជម្រះក្ដីរបស់ អ.វ.ត.ក ។
ក្នុងវេទិកាដើមបណ្ដឹងរដ្ឋប្បវេណីថ្នាក់តំបន់លើសំណុំរឿងលេខ០០២ ក៏មានការចូលរួមពីលោកឈុន ឈន់ អភិបាលខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកស្រីជាមន្ត្រីសម្របសម្រួល លោក-លោកស្រីជាសហព្រះរាជអាជ្ញាជាតិ-អន្តរជាតិ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងដើមបណ្ដឹងរដ្ឋប្បវេណីមកពីបណ្ដាខេត្តផ្សេងៗជាច្រើន ។
ក្នុងឱកាសបើកវេទិកានោះ លោកអ៊ឹម សុភា ប្រធានកម្មវិធីផ្សព្វផ្សាយ និងជាតំណាងប្រធានអង្គភាពគាំពារជនរងគ្រោះនៃ អ.វ.ត.ក បានបង្ហាញពីភារកិច្ចចម្បងនៃវេទិកាដោយបានបញ្ជាក់ថា អង្គភាពគាំពារជនរងគ្រោះនៃ អ.វ.ត.ក គឺជាការជួយគាំទ្រដល់ជនរងគ្រោះក្នុងការដាក់ពាក្យបណ្ដឹង ការផ្ដល់តំណាងក្នុងផ្លូវច្បាប់ដល់អ្នកគ្មានមេធាវី ។ ជាមួយនេះ ជួយសម្របសម្រួលដល់ការចូលរួមរបស់ជនរងគ្រោះស្របទៅតាមនីតិវិធីនៃ អ.វ.ត.ក ឱ្យមានប្រសិទ្ធភាពខ្ពស់ និងបំពេញកិច្ចការមួយចំនួនទៀតដែលនៅក្រៅបច្ចេកទេសតុលាការ ព្រមទាំងធ្វើឱ្យដើមបណ្ដឹងរដ្ឋប្បវេណីបានជួបប្រាស្រ័យជាមួយមន្ត្រីតុលាការមកពីការិយាល័យសហព្រះ
រាជអាជ្ញា អង្គភាពគាំពារសាក្សី/អ្នកជំនាញ និងផ្នែកសហមេធាវីនាំមុខជាតិ និងអន្តរជាតិ តំណាងដើមបណ្ដឹងរដ្ឋប្បវេណី ជាមួយមន្ត្រីអង្គការអន្តការីមួយចំនួន ។ លោកបានបន្តថា កាលពីថ្ងៃទី២៤មិថុនា ២០១១ អង្គបុរេជំនុំជម្រះបានទទួលស្គាល់អ្នកដាក់ពាក្យបណ្ដឹងសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីចំនួន១.៧៤៤នាក់ បើគិតមកទល់ពេលនេះដើមបណ្ដឹងរដ្ឋប្បវេណីមានចំនួនសរុប៣.៨៦៦នាក់ដែលទទួលស្គាល់ក្នុងសំណុំរឿង០០២ ។
ដោយឡែកសម្រាប់ថ្ងៃនេះ ដើមបណ្ដឹងរដ្ឋប្បវេណី ចំនួន៣៥០នាក់ ដែលមកពីខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តប៉ែកនិរតីបឹងទន្លេសាប ។ អង្គភាពបានរៀបចំវេទិកាថ្នាក់តំបន់ចំនួន១០លើករួចមកហើយជាមួយអ្នកសុំដាក់ពាក្យជាដើមបណ្ដឹង គឺនៅក្នុងឆ្នាំ២០០៩ និងឆ្នាំ២០១០ មានចំនួន៥លើក និង៥លើកទៀតរៀបចំនៅក្នុងខេត្តស្វាយរៀង កំពត កំពង់ឆ្នាំង សៀមរាប និងកំពង់ធំក្នុងឆ្នាំ២០១១នេះ ដែលសរុបអ្នកចូលរួមមានចំនួន៣.១១៥នាក់ ។ គោលបំណងនៃវេទិកា គឺរៀបចំដើម្បីលើកកម្ពស់ការចូលរួមរបស់ជនរងគ្រោះដែលជាដើមបណ្ដឹងរដ្ឋប្បវេណី ទើបទទួលស្គាល់ថ្មី ឱ្យមានលទ្ធភាពជួបពិភាក្សា និងស្គាល់មេធាវីរបស់ខ្លួន ក៏ដូចជាផ្ដល់នូវព័ត៌មានថ្មីៗអំពីដំណើរការនៃការកាត់ក្ដី និងការវិវឌ្ឍនានាទាក់ទិននឹងសាលាក្ដីខ្មែរក្រហមដល់ជនរងគ្រោះ និងស្តាប់យោបល់របស់ពួកគាត់ទាក់ទងនឹងដំណើរការកាត់ក្ដីនេះ ។
លោកក៏បានជម្រាបជូនអំពីការវិវឌ្ឍមួយចំនួននៃដំណើរការកាត់ក្ដីរបស់សាលាក្ដី ដែលក្នុងនោះមានសំណុំរឿងលេខ០០១ កាលពីថ្ងៃទី២៦ កក្កដា ២០១០ កាត់ទោសកាំង ហ្កេចអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរស.២១ ឱ្យជាប់ពន្ធនា គារ៣៥ឆ្នាំ មានពិរុទ្ធភាពលើឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។ ឯសំណុំរឿងលេខ០០២សហចៅក្រមស៊ើបអង្កេតបានចេញដីកាដំណោះស្រាយកាលពីខែកញ្ញា ឆ្នាំ២០១០ ហើយការជំនុំជម្រះសាលាដំបូងបានចាប់ផ្ដើមសវនាការបឋមពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ មិថុនា ២០១១ កន្លងទៅ និងក៏ជាសំណុំរឿងដែលមានលក្ខណៈស្មុគស្មាញបំផុត ។ នៅមានសំណុំលេខរឿង០០៣ និង០០៤ទៀត ដែលការិយាល័យចៅក្រមស៊ើបសួរនឹងជូនដំណឹងនៅពេលក្រោយ ។
លោកឈុន ឈន់ បានស្វាគមន៍ក្នុងនាមអាជ្ញាធរ ក៏ដូចជាក្នុងនាមដើមបណ្ដឹងម្នាក់ដែលបានឆ្លងកាត់ និងរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងបានកោតសរសើរចំពោះការលះបង់ទាំងឡាយរបស់ដើមបណ្ដឹងក្នុងការស្វែងរកយុត្តិធម៌ជូនសាច់ញាតិរបស់ខ្លួន ក៏ដូចជាការស្វែងរកការពិតជូនដល់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទៅហើយ ។ ជាការពិតណាស់ បើទោះបីជាអ្នកទាំងអស់នោះបានបាត់បង់ជីវិតទៅជាយូរមកហើយក្ដី ប៉ុន្តែវិញ្ញាណក្ខន្ធនៃអ្នកទាំងអស់នោះ នឹងបានស្ងប់ ព្រោះនេះគឺជាពេលវេលាដែលអតីតមេដឹកនាំសំខាន់ៗនៃរបបកម្ពុជាប្រជាធិបតេយ្យ និងអ្នកទទួលខុសត្រូវទាំងឡាយត្រូវមកទទួលយកឧក្រិដ្ឋកម្មរបស់ពួកគេវិញហើយ ។
ការស្វែងរកយុត្តិធម៌តាមរយៈការដាក់ពាក្យ បណ្ដឹង បានផ្ដល់នូវពត៌មានផ្សេងៗពាក់ព័ន្ធនឹង ឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងសម័យខ្មែរក្រហម ហើយក៏ជាពេលវេលាដែលពួកគេបង្ហាញពីឆន្ទៈរបៀបរបបនៃការដឹកនាំការគ្រប់គ្រងរបស់ពួកគេនាសម័យនោះ ។ រហូតមកដល់ពេលនេះ តាមរយៈគោលនយោបាយជាយុទ្ធ
សាស្រ្តរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខដឹកនាំ គឺបាននិងកំពុងស្ដារឡើងវិញនូវអ្វីៗដែលបាត់បង់តាមរយៈការអភិវឌ្ឍនានាលើគ្រប់វិស័យ និងមិនឱ្យរបបប្រល័យពូជសាសន៍នេះវិលមកសាជាថ្មីជាដាច់ខាត ។
អង្គវេទិកាបានដំណើរការរហូតដល់ម៉ោង៣ និង៣០នាទីរសៀលថ្ងៃដដែលដោយមានការចូលរួមធ្វើបទបង្ហាញ ពិភាក្សានិងផ្ដល់ជាយោបល់ណែនាំពីសហព្រះរាជអាជ្ញាជាតិ-អន្តរជាតិ សំណួរ-ចម្លើយរវាងសាក្សី និងអ្នកជំនាញ ព្រមទាំងការបញ្ចេញយោបល់នានា និងបានទស្សនាភាពយន្តឯកសារផងដែរ ៕
ចែករំលែកព័តមាននេះ