ខេត្តព្រៃវែង ៖ កាលពីថ្ងៃទី១៣ សីហា ឆ្នាំ ២០១១ កន្លងទៅនេះ នៅទីស្នាក់ការគណបក្ស ស្រុកពាមជរ មានរៀបចំពិធីផ្សព្វផ្សាយសេចក្តីសម្រេចសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៣៦អាណត្តិទី៥ ក្រោមអធិបតីភាពលោកសុខ សាយ តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធានទី១ ក្រុមការងារចុះជួយស្រុកពាមជរ ។ អញ្ជើញចូលរួមក្នុងពិធីនោះ មានលោកពេជ្រ ជីវ័ន្ត លោកហង្ស ឆាំឆាន លោកអភិបាលស្រុក ក្រុមប្រឹក្សាស្រុក មន្ត្រីជុំវិញស្រុក មេឃុំ និងក្រុមប្រឹក្សាឃុំទាំង១០ ។
លោកចាន់ ដេត អភិបាលស្រុកពាមជរបានលើកឡើងអំពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលមានការកែប្រែគួរឱ្យកត់សម្គាល់ ។ បច្ចុប្បន្នប្រជាពលរដ្ឋ៦០% ប្រើប្រាស់គ្រឿងចក្រ រីឯការច្រូតកាត់បោកបែន គឺប្រើប្រាស់គ្រឿងម៉ាស៊ីនស្ទើរទាំងស្រុង និងការដឹកជញ្ជូនមានគោយន្ត ត្រាក់ទ័រ រថយន្ត ពិសេសទៀត គាត់បានកែប្រែផ្ទៃដីពីការធ្វើស្រែវស្សារយៈពេលវែងមកធ្វើស្រែរយៈពេលខ្លី បានផលខ្ពស់ ហើយកន្លែងខ្លះទៀតអាចធ្វើបានពីរដង ក្នុងមួយរដូវទៀតផង ។ លោកបន្តថា ដោយមានការយកចិត្តទុកដាក់ពីលោកសុខ សាយ កាលពីលោកនៅជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត លោកស្នើសុំបានស្ពាន៣កន្លែងតាមរយៈលោកឧបនាយករដ្ឋមន្ត្រី ស ខេង ហើយបានកសាងរួចជាស្ថាពរនៅឆ្នាំ២០០៩ ជាមួយនេះ លោកស ខេង ក៏បានស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន បានផ្លូវមួយខ្សែលេខ៣១០ ពីអ្នកលឿងទៅព្រំដែនវៀតណាម ដែលកងវិស្វកម្មរបស់ក្រសួងមហាផ្ទៃជាអ្នកអនុវត្តគម្រោងផ្លូវនេះ ក្នុងនោះកងវិស្វកម្មធ្វើបានស្ពាន៨កន្លែង លូប្រអប់១កន្លែង ជួសជុលផ្លូវបានប្រវែង៤.០០០ម៉ែត្រ ។
លោកពេជ្រ ជីវ័ន្ត អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ និងលោកហង្ស ឆាំឆាន បានមានប្រសាសន៍សំណេះសំណាលជាមួយសមាជិក សមាជិកា នៃអង្គពិធីទាំងមូល អំពីការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងអំពីវិស័យសេដ្ឋកិច្ច ។ លោកសុខ សាយ បានមានប្រសាសន៍សំណេះសំណាល និងបូកសរុបលទ្ធផលដែលបានអនុវត្តកន្លងមក និងលើកទិសដៅដែលត្រូវអនុវត្តបន្តនៅឆ្នាំខាងមុខទៀត ។ លោកក៏បានផ្តាំផ្ញើដល់ក្រុមការងារដែលមានមេឃុំ-ក្រុមប្រឹក្សាឃុំទាំងអស់ជួយប្រាប់បងប្អូនប្រជាពលរដ្ឋកុំឱ្យសង់ផ្ទះ ឬដាំកូនឈើលើផ្លូវដែលត្រូវអភិវឌ្ឍន៍។
ក្នុងឱកាសនោះប្រតិភូអមដំណើរក៏បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវលេខ៣១០ ក្នុងភូមិព្រែកក្របៅ ឃុំស្វាយភ្លោះ និងក៏ចុះសួរសុខទុក្ខកងវិស្វកម្មដែលកំពុងស្ថាបនាស្ពាន និងផ្លូវផងដែរ ៕
ចែករំលែកព័តមាននេះ