ខេត្តកំពង់ធំ ៖ រយៈពេល២ថ្ងៃជាប់គ្នាកន្លងមកនេះ មានមនុស្ស២នាក់ស្លាប់ដោយគ្រោះថ្នាក់ផ្សេងៗក្នុងនោះមានម្នាក់ស្លាប់ដោយធ្លាក់ពីលើគោយន្តកន្ត្រៃនៅស្រុកស្ទោង និងម្នាក់ទៀតស្លាប់ដោយចង.ក ធ្វើអត្តឃាតនៅស្រុកសណ្តាន់ ដែលេហេតុការណ៍នេះកើតឡើង កាលពីថ្ងៃទី១៤-១៥ សីហា។
របាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១៥ សីហា ឆ្នាំ២០១១ វេលាម៉ោង១០ព្រឹក នៅតាមដងផ្លូវជាតិលេខ៦ ចំណុចភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯង។ នៅមុនពេលកើតហេតុគេឃើញគោយន្តកន្ត្រៃ១គ្រឿង កំពុងធ្វើដំណើរតាមផ្លូវលុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានបុរសម្នាក់ងោកធ្លាក់ពីលើគោយន្ត ហើយត្រូវគោយន្តនោះកិនពីលើបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ជនរងគ្រោះមានឈ្មោះរឿន លឿន អាយុ២៧ឆ្នាំ មានទីលំនៅភូមិកំពង់ប្រដំ ឃុំម្សាក្រង ស្រុកស្ទោង។
ចំណែកអ្នកបើកបរគោយន្តកន្ត្រៃនេះមានឈ្មោះថា ធី ភេទប្រុស អាយុ២៣ឆ្នាំ ត្រូវជាប្អូនជីដូនមួយជនរងគ្រោះ រស់នៅភូមិ-ឃុំជាមួយគ្នា។ ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយឡែកនៅឯស្រុកសណ្តាន់ កាលពី ថ្ងៃទី១៤ សីហា វេលាម៉ោង៥ល្ងាច នៅចំណុចភូមិវាលព្រីង ឃុំឈើទាល មានករណីចង.កធ្វើអត្តឃាតដែលហេតុការណ៍នេះធ្វើឡើង ដោយជនរងគ្រោះឈ្មោះងៀវ ទិត ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិឃុំខាងលើ។
តាមរបាយការណ៍ប៉ូលិសបានឱ្យដឹងថា ជនរងគ្រោះបានផឹកស្រាស្រវឹងហើយបានឡើងទៅលើផ្ទះចង.កធ្វើអត្តឃាត។ លុះពេលក្រុមគ្រួសារមកពីដកស្ទូងវិញឃើញជនរងគ្រោះស្លាប់ដោយសារចង.ក ក៏នាំគ្នាស្រែកផ្អើលឆោឡោនិងរាយការណ៍ឱ្យសមត្ថកិច្ចចុះមកត្រូតពិនិត្យសាកសពឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយចង
.ក ពិតប្រាកដមែន។
ក្រោយធ្វើកោសល្យវិច័យ សមត្ថកិច្ចប្រគល់សពឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ