ខេត្តបន្ទាយមានជ័យ ៖ លោកសុន គន្ធរ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះ ជួយស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានចូលរួមជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១០ ដើមឆ្នាំ២០១១ និងទិសដៅភារកិច្ចបន្តចុងឆ្នាំ២០១១-ឆ្នាំ២០១២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៣ សីហា ឆ្នាំ២០១១។
អញ្ជើញចូលរួមក្នុងអង្គសន្និបាត រួមមានលោកគាត រស្មី សមាជិកក្រុមការងារចុះជួយស្រុកម៉ាឡៃ លោកជំទាវនួម សោភ័ណ្ឌ អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកទេព ឃុនណាល់ ប្រធានគណៈកម្មាធិការគណបក្សស្រុកម៉ាឡៃ មន្ត្រីបក្សមកពីរាជធានីភ្នំពេញ និងមន្ត្រីបក្សខេត្ត ស្រុក ឃុំ ភូមិ សរុបប្រមាណ៣៥០នាក់ ។
លោកសុន គន្ធរ មានប្រសាសន៍ថា ការរៀបចំសន្និបាតគណបក្សស្រុកថ្ងៃនេះ គឺធ្វើឡើង ២២ថ្ងៃ បន្ទាប់ពីសន្និបាតរបស់គណៈកម្មាធិការកណ្តាលលើកទី៣៦ អាណត្តិទី៥ ដែលបានប្រារព្ធធ្វើនៅរាជធានីភ្នំពេញពីថ្ងៃទី២០-២១ កក្កដា ឆ្នាំ២០១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាធម្មពោធិសាលជា ស៊ីម សម្តចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិតហេង សំរិន។ ការរៀបចំសន្និបាតនាពេលនេះ ជាឱកាសដើម្បីផ្សព្វផ្សាយខ្លឹមសារ និងលទ្ធផល សន្និបាតរបស់គណៈកម្មាធិការកណ្តាលលើកទី ៣៦ ជូនដល់មន្រ្តីបក្សនៅមូលដ្ឋាន ពិសេសជូនដល់គណៈកម្មាធិការសាខាបក្សភូមិ និងអង្គការមហាជនទាំងអស់ ដែលមានក្រុមការងារយុវជន សមាគមនារី និងបងប្អូនអាជីវករ ជាសកម្មជនរបស់គណបក្សឱ្យបានជ្រួតជ្រាបយល់ដឹងពីសភាពការណ៍រួម និងកិច្ចការចាំបាច់ដែលត្រូវធ្វើបន្ត។ លោកសុន គន្ធរ បញ្ជាក់ថា សន្និបាតរបស់គណៈកម្មាធិការកណ្តាលលើកទី៣៦ បានបញ្ជាក់ជាថ្មីនូវការគាំទ្របេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី៥ និងអាណត្តិក្រោយៗទៀត។ លោកបាននាំយកសម្ភារអនុស្សាវរីយ៍មួយចំនួនរបស់សម្តេចតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន រួមមានសារុង ក្រមា និងថ្នាំពេទ្យទៅចែកជូនដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកម៉ាឡៃចំនួន៣៥០នាក់ផងដែរ ។
បន្ទាប់មកលោកសុន គន្ធរ រួមជាមួយក្រុមការងារបានចុះទៅពិនិត្យ ៖
-ការដ្ឋានសាងសង់ជួសជុលស្ពានឆ្លងកាត់អូរព្រំដែននៅច្រកព្រំដែនម៉ាឡៃ។ ស្ពាននេះចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២៦ កក្កដា ឆ្នាំ២០១១ និងគ្រោងធ្វើឱ្យរួចរាល់ក្នុងរយៈពេល ៤៥ថ្ងៃ ដែលមានបណ្តោយប្រវែង២០ម៉ែត្រដដែល និងទទឹង៧ម៉ែត្រ ក្រោមកិច្ចសហការរវាងអាជ្ញាធរស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ និងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេស ថៃ។ ការចំណាយក្នុងការសាងសង់ជួសជុលស្ពាន ជាថវិការបស់ភាគីថៃ។
-ចុះពិនិត្យកសិផលនៅឡសម្ងួតស្រុកម៉ា
ឡៃ។ តាមការបញ្ជាក់ពីលោកថៃ យិន ប្រធានសមាគមជួយកសិករ បានឱ្យដឹងថា សម្រាប់ឆ្នាំ២០១១នេះនៅទូទាំងស្រុកម៉ាឡៃ ប្រជាពលរដ្ឋដាំដំឡូងមីបានប្រមាណ១២.០០០ហិកតា ពោតប្រមាណ៣.០០០ហិកតា និងសណ្តែកប្រមាណ៣.០០០ហិកតា។ ឆ្នាំ២០១០កន្លងទៅ កសិផលទទួលបានតម្លៃល្អប្រសើរ ក្នុងនោះដំឡូងមីស្រស់មានតម្លៃប្រមាណ៤០០រៀល ក្នុង១គីឡូក្រាម ពោតស្នូល៦០០រៀល ពោតគ្រាប់តម្លៃ១.៣០០រៀល ក្នុង១គីឡូក្រាម សណ្តែកសៀង១.៨៥០រៀល ក្នុង១គីឡូក្រាម ។ នៅឡសម្ងួតកសិផលស្រុមម៉ាឡៃមានស្តុកដំឡូង ស្ងួតចំនួន៥០តោននិងគ្រាប់ពោតក្រហមចំនួន៥០០តោន។ បច្ចុប្បន្នថៃមិនអនុញ្ញាតឱ្យនាំចូលពោតក្រហមឡើយ ដោយហេតុថានៅប្រទេសថៃកំពុងតែដល់រដូវប្រមូលផលពោត។ ការនាំចេញពោតទៅប្រទេសថៃបានដោយការលីឆ្លង កាត់អូរ ។
-ចុះពិនិត្យរោងចក្រម្សៅមីរបស់ក្រុមហ៊ុន SBM នៅស្រុកសំពៅលូនខេត្តបាត់ដំបង។ លោកនង ប៊ុនផេង តំណាងក្រុមហ៊ុនបានឱ្យដឹងថា ក្រុមហ៊ុនបានដំឡើងរោងចក្រផលិតម្សៅមីចាប់តាំងពីឆ្នាំ២០០៦ និងចាប់ផ្តើមដំណើរការនៅឆ្នាំ២០០៨។ រោងចក្រនេះមានសមត្ថភាពអាចផលិតម្សៅមីបាន៧០តោនក្នុង១ថ្ងៃ ដោយត្រូវការដំឡូងមីស្រស់ប្រមាណពី២០០ ទៅ ២២០តោន ជាមធ្យមក្នុង១ថ្ងៃ គឺត្រូវការដំឡូងមីស្រស់ប្រមាណពី៤០.០០០ ទៅ៥០.០០០ តោនក្នុង១ឆ្នាំ។ រោងចក្របានផ្គត់ផ្គង់ម្សៅមីឱ្យក្រុមហ៊ុនផលិតមីម៉ែនសារ៉ុន និងនាំចេញទៅកាន់អ៊ឺរ៉ុបផងដែរមានដូចជាប្រទេសអ៊ីតាលី បារាំង អារ៉ាប់ និងឥណ្ឌា៕
ចែករំលែកព័តមាននេះ