តាមសារព័ត៌មាន «ដឹហ្គាឌៀន» ផ្សាយឱ្យដឹងថា មហាសេដ្ឋីល្បីឈ្មោះមួយរូប គឺលោកវ័ររ៉េន បាហ្វេត បានអំពាវនាវដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកឱ្យលុបចោលការបន្ធូរបន្ថយពន្ធចំពោះអ្នកដែលមានប្រាក់ចំណូលច្រើនជាង១លានដុល្លារក្នុងមួយឆ្នាំ ព្រមទាំងបង្កើនពន្ធទៅលើអ្នកមានចំណូលច្រើនជាង១០លានដុល្លារក្នុងមួយឆ្នាំ។
លោកបាហ្វេត ថ្លែងថា រដ្ឋាភិបាលគួរបញ្ឈប់ការបន្ធូរបន្ថយពន្ធដល់មហាសេដ្ឋីក្នុងប្រទេស ដោយការប្រើប្រព័ន្ធប្រមូលពន្ធតាមលក្ខណៈយុត្តិធម៌ រួមទាំងរិះគន់អ្នកមានទ្រព្យស្តុកស្តម្ភដូចគ្នាថា ដើរខ្សែលើមិត្តរួមជាតិដែលកំពុងស្រោចស្រង់ស្ថានភាពហរិញ្ញវត្ថុនៅក្នុងប្រទេស ។ លោកបាហ្វេត បានគូសបញ្ជាក់ថា «ខណៈពេលជនក្រីក្រ និងជនក្នុងស្រទាប់មធ្យមកំពុងធ្វើការតស៊ូក្នុងអាហ្វហ្គានីស្ថាន ដើម្បីពួកយើង (មហាសេដ្ឋី) និងខណៈពេលជនជាតិអាមេរិកភាគច្រើនកំពុងរើបម្រះជាមួយនឹងការរឹតបន្តឹង បណ្តាមហាសេដ្ឋីដូចពួកយើងបែរជាបានទទួលការបន្ធូរបន្ថយពន្ធក្នុងន័យដ៏ចម្លែក» ។
គួរបញ្ជាក់ថា កាលពីមុននេះលោកបាហ្វេត ដែលជាមហាសេដ្ឋីមួយរូបនៅសហរដ្ឋអាមេរិក ធ្លាប់បានរិះគន់ពីការប្រមូលពន្ធរបស់អាមេរិក ជាបន្តបន្ទាប់។ ចំណែកគណបក្សសាធារណរដ្ឋបែរជាមិនយល់ស្របជាមួយនឹងការដំឡើងពន្ធខាងលើ ដោយផ្តល់ហេតុផលថា ការបន្ធូរបន្ថយពន្ធនឹងជួយជំរុញសេដ្ឋកិច្ចក្នុងប្រទេស ខណៈពេលអ្នកនយោបាយក្រុម «ធីផាធី» (Tea Party) នៅក្នុងគណបក្សសាធារណរដ្ឋបានឈរលើគោលជំហរថា អាមេរិកគួរកាត់បន្ថយបំណុលដោយការកាត់ថវិកាផ្នែកសង្គមកិច្ច ។
ប្រព័ន្ធកាត់បន្ថយពន្ធខាងលើ ចាប់ផ្តើមដំណើរការក្នុងសម័យរដ្ឋាភិបាលលោកចច ដាប់ប៊លយូប៊ូស និងបញ្ចប់គម្រោងកាត់បន្ថយពន្ធនេះនៅឆ្នាំក្រោយ ៕
ចែករំលែកព័តមាននេះ