រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋទាំង៧ភូមិរស់នៅតំបន់បឹងកក់ មានចំនួន៧៥៦គ្រួសារ ដែលមានមនុស្សប្រមាណ៣.៧៨០នាក់ បានអបអរសាទរ និងត្រេកអរយ៉ាងខ្លាំង ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានប្រគល់ដីជូនពួកគាត់ និងអនុញ្ញាតឱ្យរស់នៅតំបន់បឹងកក់លើផ្ទៃដីចំនួន១២,៤៤ហិកតា។
ព្រឹកថ្ងៃទី១៦ សីហា ២០១១ កោះសន្តិភាពបានទទួលលិខិតថ្លែងអំណរគុណរបស់អ្នកភូមិបឹងកក់ ដល់សម្តេចតេជោហ៊ុន សែន ដែលមានទាំងស្នាមមេដៃរាប់ពាន់នាក់ចុះថ្ងៃទី១៦ សីហា ២០១១។ ក្នុងលិខិតនោះបានសរសេរថា ៖
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
យើងខ្ញុំជាប្រជាពលរដ្ឋទាំង៧ភូមិ រស់នៅតំបន់បឹងកក់ មានចំនួន៧៥៦គ្រួសារ ប្រមាណ៣.៧៨០នាក់
សូមគោរពជូន
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
កម្មវត្ថុ ៖ សូមថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ដែលបានសន្តោសប្រណីដល់ប្រជាពលរដ្ឋទាំង៧ភូមិ។
សូមជូនភ្ជាប់នូវ ៖ ស្នាមមេដៃប្រជាពលរដ្ឋទាំង៧ភូមិ។
តបតាមកម្មវត្ថុខាងលើ យើងខ្ញុំសូមគោរពជម្រាបជូនសម្តេចមេត្តាជ្រាបថា ប្រជាពលរដ្ឋទាំង៧៥៦គ្រួសារ សូមសម្តែងនូវក្តីរំភើបរីករាយរកអ្វីប្រៀបផ្ទឹមពុំបាន និងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោដែលបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋទទួលបាននូវសិទ្ធិកាន់កាប់ដី ដែលខ្លួននឹងកំពុងរស់នៅសព្វថ្ងៃជាច្រើនឆ្នាំកន្លងមក ។ កន្លងមក ដោយសារពាក់ព័ន្ធ និងបញ្ហានូវច្បាប់ផ្សេងៗ ប្រជាពលរដ្ឋពុំអាចស្នើសុំប័ណ្ណកម្មសិទ្ធិបាន រស់នៅដោយភាពភ័យខ្លាច ប្រឈមមុខនឹងបញ្ហាសុវត្ថិភាពដីធ្លី។ នេះជាការបង្ហាញឱ្យឃើញនូវការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ដោះស្រាយទុក្ខលំបាករបស់ប្រជាជន។
សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យសិរីមង្គលបវរមហាប្រសើរជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមសម្តេច និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារចៅប្រុស ស្រី ទទួលបាននូវសុខភាពល្អ បរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយ៉ឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងថែមទៀត។
សូមសម្តេច និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតបុត្រា បុត្រី និងចៅៗជាទីស្រឡាញ់ជួបតែសុភមង្គលវិបុលសុខគ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្តេចមេត្តាទទួលនូវគាវរកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំ។
ស្នាមមេដៃតំណាងប្រជាពលរដ្ឋតំបន់បឹងកក៕
ចែករំលែកព័តមាននេះ