ខេត្តបាត់ដំបង ៖ សាលាដំបូងបានសម្រេចឃុំខ្លួនជនអន្ធពាលចំនួន៤នាក់ កាលពីរសៀលថ្ងៃទី១៥ សីហា ក្រោមបទចោទប្រកាន់ធ្វើឱ្យខូចខាតដោយចេតនាដែលសមត្ថកិច្ចចាប់ខ្លួនកាលពីចុងសប្តាហ៍មុននៅឯភូមិកន្ទួត ឃុំធិបតី ស្រុកគាស់ក្រឡ។
មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា បើយោងតាមកំណត់ហេតុរបស់សមត្ថកិច្ចមូលដ្ឋាន និងការបំភ្លឺពីអ្នកភូមិផង គឺជនទំនើងទាំង៤នាក់នេះជាក្រុមក្មេងពាលដែលពូកែបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកភូមិបំផុត ពិសេសអុកឡុកពេលយប់អធ្រាត្រ។ មន្ត្រីដដែលនិយាយថា ជនទាំង៤នាក់នោះរួមមាន ១-ឈ្មោះឆុង ថៃ អាយុ១៩ឆ្នាំ ជាមេខ្លោង ២- ឈ្មោះវី ធឿន ហៅអាក្រឹង អាយុ១៩ឆ្នាំ ៣-ឈ្មោះកាន បូរិន ហៅម៉ៅ អាយុ២៣ឆ្នាំ និង៤-ឈ្មោះឡាំង លី អាយុ២៣ឆ្នាំ ហើយមានបក្សពួកម្នាក់ទៀតកំពុងរត់គេចខ្លួន។ ក្រុមនេះបានអុកឡុកក្នុងភូមិ ចុងក្រោយដោយប្រើដុំថ្ម និងដំបងវាយបំផ្លាញជញ្ជាំងផ្ទះអ្នកភូមិម្នាក់ឈ្មោះចង សៀង ភេទស្រី អាយុ៥០ឆ្នាំ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៣ សីហា ទើបត្រូវសមត្ថកិច្ចចាប់ខ្លួនទាំងយប់តែម្តង។
តាមការឱ្យដឹងពីអ្នកស្រីចង សៀង បានប្រាប់សមត្ថកិច្ចថា ថ្ងៃកើតហេតុ ក្រុមនេះស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ ហើយនាំគ្នាមកច្រៀងខារ៉ាអូខេផ្ទះរបស់គាត់ ។ អ្នកស្រីបញ្ជាក់ថា ខណៈពេលកំពុងច្រៀងស្រាប់តែពួកគេវាយ និងគប់ជញ្ជាំងផ្ទះរបស់អ្នកស្រី បែកធ្លុះធ្លាយអស់គ្មានសល់ ទើបអ្នកស្រីប្តឹងឱ្យសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
ដោយឡែក ក្រុមជនពាលទាំង៤នាក់នេះនិយាយថា គ្រានោះពួកគេពិតជាស្រវឹងមែន ហើយខណៈពេលកំពុងច្រៀងហាក់ដូចជាឮសំឡេងគេមករករឿង និងគប់ពួកខ្លួនមុន លុះចេញទៅរកមើលមិនឃើញ ក្តៅក្រហាយក៏វាយជញ្ជាំងផ្ទះខារ៉ាអូខេនោះតែម្តងទៅ៕
ចែករំលែកព័តមាននេះ