ខេត្តបាត់ដំបង ៖ ពលករធ្វើចំណាកស្រុកចំនួន១៧នាក់ ជិះក្នុងរថយន្តកាមរី២គ្រឿង ដែលមេខ្យល់បំរុងនាំចេញដោយមិនស្របច្បាប់ទៅកាន់ប្រទេសសៀម ត្រូវបានទប់ស្កាត់ដោយកម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តកាលពីព្រឹកថ្ងៃទី១៥ សីហា ក្នុងពេលដែលពួកគេចេញដំណើរពីចំណតរថយន្តផ្សារបឹងឈូក ក្រុងបាត់ដំបង ទៅដល់ទឹកដីស្រុកថ្មគោក លើកំណាត់ផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់តំបន់ព្រំដែនខ្មែរ-សៀម។
លោកកុយ ហៀង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានថ្លែងថា យើងបានឃាត់រថយន្តកាមរី២គ្រឿង ជាបន្តបន្ទាប់ដោយសង្ស័យថា រថយន្តទាំងនេះកំពុងដឹកមនុស្សទៅកាន់តំបន់ព្រំដែន ដែលគេសង្ស័យថា ជាពលករខ្មែរត្រូវមេខ្យល់នាំទៅធ្វើការក្នុងប្រទេសសៀមដោយខុសច្បាប់។ លោកនាយការិយាល័យរូបនេះបានបន្តថា ពលករចំណាកស្រុកចំនួន១៧នាក់ មានប្រុស មានស្រីមកពីខេត្តពោធិ៍សាត់ និងមកពីស្រុកមោងឫស្សី ខេត្តបាត់ដំបង។
តាមចម្លើយរបស់ក្រុមចំណាកស្រុកទាំងនេះបាននិយាយថា ពួកគេត្រូវមេខ្យល់បង្គាប់ឱ្យជិះរថយន្តទៅកាន់តំបន់ព្រំដែនស្រុកសំពៅលូន ដែលមេខ្យល់រង់ចាំនៅទីនោះជាស្រេច។ ពួកគេនិយាយថា ពួកគេត្រូវចំណាយប្រាក់ក្នុងម្នាក់ចំនួន១.៧០០បាតទៅឱ្យមេខ្យល់ ដើម្បីេមខ្យល់នាំយកទៅធ្វើការនៅប្រទេសសៀម តែមេខ្យល់អាចទារប្រាក់ភាគរយពីថៅកែសៀមបន្ថែមលើនេះទៀត។
លោកកុយ ហៀង បានបញ្ជាក់ថា មេខ្យល់នេះជាស្ត្រីរស់នៅខេត្តពោធិ៍សាត់ តែបច្ចុប្បន្នសំងំនៅតំបន់ព្រំដែនលើទឹកដីសៀម ដែលចាំនាំពលករខ្មែរទៅលក់កម្លាំងពលកម្មឱ្យថៅកែសៀម ហើយយើងបានកំណត់អត្តសញ្ញាណជននេះហើយ៕
ចែករំលែកព័តមាននេះ