ខេត្តរតនគិរី ៖ គ្រោងឆ្អឹងសាកសពមនុស្សម្នាក់ ត្រូវប្រជាពលរដ្ឋដែលទៅរកជីកទំពាំង ប្រទះឃើញនៅម្តុំព្រៃជុំវិញបឹងយក្សឡោម រួចក៏ទៅរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់យក្សឡោម។ ក្រោយពីបានទទួលដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចប៉ុស្តិ៍សង្កាត់យក្សឡោម សហការជាមួយកម្លាំងជំនាញអធិការក្រុងបានលុង និងសហគមន៍បឹងយក្សឡោមបានចុះទៅពិនិត្យលើគ្រោងឆ្អឹងសាកសពមនុស្សម្នាក់ ដែលមានសភាពរលះរលួយទំនងស្លាប់រយៈពេលប្រហែលជាមួយឆ្នាំកន្លងមកហើយ ក៏ប្រមូលយកគ្រោងឆ្អឹងនោះមកអធិការក្រុង និងបញ្ជូនទៅបញ្ចុះនៅវត្តភូមិថ្មី (រស្មីសាមគ្គីរតនារាម) ស្ថិតនៅភូមិ១ សង្កាត់ឡាបានសៀក ក្រុងបានលុង ដោយនិមន្តព្រះសង្ឃ និងលោកអាចារ្យបង្សុកូលបញ្ចុះរក្សាទុកក្រែងមានសាច់ញាតិមកតាមរក។
លោកឯម វុន អធិការក្រុងបានលុង បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីទទួលព័ត៌មាននេះ កាលពីថ្ងៃទី១៤ សីហា វេលាម៉ោង៨និង៣០នាទីព្រឹក នៅចំណុចខាងកើតបឹងយក្សឡោម ចម្ងាយពីមាត់ទឹកប្រហែល៤០ម៉ែត្រ លោកបានចុះផ្ទាល់ជាមួយក្រុមការងារទៅដល់កន្លែងគ្រោងឆ្អឹងនេះ និងបានប្រមូលបំណែកគ្រោងឆ្អឹងដែលនៅសេសសល់យកមកកាន់អធិការដ្ឋានក្រុងបានលុង ។ លោកបានបន្តទៀតថា នៅពេលចុះដល់កន្លែងនោះគេសង្កេតឃើញគ្រោងឆ្អឹងសាកសពនៅរប៉ាត់រប៉ាយ លលាដ៍ក្បាល និងបំណែកឆ្អឹងកងខ្នងបន្តិចបន្តួច។ នៅលើតួគ្រោងឆ្អឹងនោះមានអាវរងាពណ៌ស ពាក់ពីក្រៅ អាវយឺតក្នុងដៃខ្លី ពណ៌លឿង អាវទ្រនាប់ពណ៌ផ្ទៃមេឃ ស្បែកជើងមនុស្សស្រីមួយគូកែងខ្ពស់ឆ្នូតពណ៌លឿងលាយក្រហម ហើយមានសរសៃសក់ខ្មៅលាយស ដង្កៀបកៀបសក់ពណ៌ខ្មៅមួយ កងដៃមូលធ្វើពីស្ពាន់វង់ ក្រវិលរំយោលមួយចំហៀង និងមានធ្មេញដាក់ពណ៌មាសចំនួនពីរ ធ្មេញដាក់ពណ៌សចំនួនពីរ មានកម្ពស់ប្រហែល១,៤៥ម៉ែត្រ-១,៥០ម៉ែត្រ អាយុប្រមាណពី៣៥-៤០ឆ្នាំ ។
តាមសមត្ថកិច្ចសន្និដ្ឋានជាជំហានដំបូងថា គ្រោងឆ្អឹងសាកសពនេះអាចជាស្ត្រីរកស៊ីផ្លូវភេទ មកកម្សាន្តលេងជាមួយនឹងប្រុសស្នេហ៍ ហើយប្រហែលជាខ្យល់គរ ដោយសារខ្លាចមានបញ្ហាដល់ខ្លួន ទើបប្រុសស្នេហ៍នោះរត់គេចយករួចខ្លួនទុកឱ្យដេកស្លាប់តែម្នាក់ឯង ៕
ចែករំលែកព័តមាននេះ