ខេត្តព្រះវិហារ ៖ សំឡេងផ្ទុះលាន់ទ្រហឹងកក្រើកអាកាសមួយបានខ្ទ័រឡើងនៅលើលំហដែលមានកម្ពស់ប្រមាណ២ទៅ៣គីឡូម៉ែត្រពីដីស្ថិតនៅលើក្រុងព្រះវិហារ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងស្ទើរតែទូទាំងខេត្តទៅហើយ ព្រោះថា ខ្លាចទាហានសៀមឆ្មក់ផ្លោងគ្រាប់ធុនធ្ងន់ចូលមកក្នុងទឹកដីកម្ពុជាបំណងអាក្រក់ ប៉ុន្តែទីបំផុតអាជ្ញាធរនៅមិនទាន់អះអាងថា ជាសំឡេងផ្ទុះអ្វីនៅឡើយទេ ។
សំឡេងផ្ទុះនេះបានលាន់ឮឡើងកាលពីវេលាម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី១៦ សីហា ២០១១ គឺស្ថិតនៅពីលើក្រុងព្រះវិហារតែម្តង។ ដំបូងឡើយេមទ័ពប្រចាំនៅតំបន់ប្រាសាទព្រះវិហារ បានទូររស័ព្ទមកសួរអាជ្ញាធរខេត្តថា «មានឮសំឡេងផ្ទុះទ្រហឹងដែរទេ?» ខាងអាជ្ញាធរខេត្តឆ្លើយថា «ឮ…ប៉ុន្តែផ្ទុះនៅម្តុំប្រាសាទព្រះវិហារឯណោះទេ»។ ការសួរគ្នាបែបនេះ គឺដើម្បីរកឱ្យឃើញពីកន្លែងដែលផ្ទុះ ម្យ៉ាងខ្លាចទាហានសៀមផ្លោងគ្រាប់ចូលក្នុងទឹកដីកម្ពុជា ហើយខាងអាជ្ញាធរ និងទាហានបែរជាមិនដឹង…ទីបំផុតការផ្ទុះនេះត្រូវបានកំណត់ថា គឺផ្ទុះនៅពីលើក្រុងព្រះវិហារតែម្តង ។
គេបានរកឃើញអំបែងផ្ទុះនេះ (មិនដឹងថា គ្រាប់ ឬអ្វីនោះទេ) ធ្លាក់នៅក្នុងឃុំគូលែនខាងត្បូង និងឃុំគូលែនខាងជើង ស្រុកគូលែន លើទីកន្លែង៤ចំណុច ហើយអំបែងនីមួយៗ ជាបន្ទះដែកប្រវែង១ម៉ែត្របួនជ្រុលឯណោះ ប៉ុន្តែវាពុំបានបង្កឱ្យប្រជាពលរដ្ឋណាម្នាក់រងរបួស ឬស្លាប់ទេ។ មិនដឹងថា គ្រាប់អ្វីធំយ៉ាងនេះទេ? ឬមួយអាចថា ជាបំណែកយន្តហោះគ្មានមនុស្សជិះរបស់ប្រទេសណាមួយត្រូវបានគេបញ្ជាឱ្យហោះស៊ើបការណ៍លើលំហដែនអាកាសរបស់កម្ពុជា រួចហើយបញ្ជាឱ្យវាផ្ទុះ ដើម្បីកម្ទេចរូបរាងដើមចោល។
សូមបញ្ជាក់ថា ការផ្ទុះនេះទៀតសោត ដំបូងគេស្មានថា ជាសំឡេងផ្គរលាន់ខ្លាំងៗ ឬរន្ទះបាញ់នោះទេ ព្រោះនេះជារដូវភ្លៀង ឥឡូវគេបានរកឃើញបំណែករបស់វាហើយគឺមិនមែនជាផ្គរលាន់ ឬរន្ទះបាញ់នោះឡើយ ពិតជាឧបករណ៍គ្រឿងផ្ទុះប្រាកដមែន។ ពេលនេះអ្នកជំនាញខាងគ្រាប់បែកកំពុងតែប្រជុំពិភាក្សាគ្នាអំពីឧបករណ៍នៃគ្រឿងផ្ទុះនេះ ដើម្បីបញ្ជាក់ថា វាជាអ្វីពិតប្រាកដ ៕
ចែករំលែកព័តមាននេះ