សេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលថ្មីរបស់លោកស្រីយីងឡាក់ នឹងត្រូវដាក់លើតុគណៈរដ្ឋមន្ត្រីដើម្បីអនុម័តនៅថ្ងៃស្អែក ទី១៦ សីហា ២០១១ មុនពេលបញ្ចូនទៅដល់ដៃសភា។ នេះបើតាមសម្តីរបស់លោកស្រីយីងឡាក់កាលពីថ្ងៃ ទី១៥ សីហា។ លោកស្រីបន្តថា ប្រសិនបើគណៈរដ្ឋមន្ត្រីគ្មានការជំទាស់ទេ សេចក្តីព្រាងនោះនឹងបញ្ជូនបន្តទៅឱ្យសភា ដើម្បីកំណត់ពេលឱ្យរដ្ឋាភិបាលអនុវត្តនូវគោលនយោបាយរបស់ខ្លួន។
គោលនយោបាយរដ្ឋាភិបាលថ្មីគ្រោងប្រកាសនៅថ្ងៃទី២៤ សីហា។ លោកស្រីនាយករដ្ឋមន្ត្រីបានទទួលដំណឹងថា ប៉ូលិសអន្តរជាតិ(Interpol) បានដកដីកាចាប់ខ្លួនបងប្រុសរបស់លោកស្រីដែលជាអតីតនាយករដ្ឋមន្ត្រីគឺលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ប៉ុនែ្តគាត់បានច្រានចោលការពាក់ព័ន្ធគ្រប់បែបយ៉ាងជាមួយរដ្ឋាភិបាល។ លោកស្រីនាយករដ្ឋមន្ត្រីប្រកែកថា គាត់មិនបានជាប់ពាក់ព័ន្ធនឹងកិច្ចការបរទេស និងសន្តិសុខអន្តរជាតិឡើយ ហើយគាត់ក៏មិនទាន់ពិនិត្យបញ្ហានោះឱ្យបានល្អិតល្អន់នៅឡើយដែរ។
ចំណែករឿងទំនាក់ទំនង់រវាងកម្ពុជាថៃ លោកស្រីនិយាយថា រដ្ឋាភិបាលនឹងដោះស្រាយជម្លោះព្រំដែនរវាងប្រទេសទាំងពីរតាមផ្លូវការទូត និងការចរចាដោយពឹងលើផលប្រយោជន៍ របស់ប្រទេសទាំង២រៀងៗខ្លួន មិនមែនយោងលើទំនាក់ទំនងឯកជនរវាងបងថាក់ស៊ីន និងសម្តេចនាយករដ្ឋមន្ត្រីកម្ពុជាហ៊ុន សែន នោះទេ។ ចំណែក ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងអាចស្តារឡើងវិញកាន់តែលឿន។ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា បានលើកឡើងថា លោកប្រធានាធិបតីអាមេរិក Barack Obama ក៏បានសម្តែងការអបអរសាទរ និងសង្ឃឹមថាប្រទេសថៃនិងដើរតួរនាទីនាំមុខក្នុងតំបន់
អាស៊ាន។
ចំពោះការស្ទង់មតិពីផលអវិជ្ជមានក្នុងការតែងតាំងលោក Surapong Towijakchaikul ជារដ្ឋមន្ត្រីការបរទេសនោះ លោកស្រីយីងឡាក់ និយាយថា យើងមានទំនុកចិត្តលើលោកSurapong ព្រោះគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញតួនាទី ហើយគាត់ត្រូវការពេលវេលាដើម្បីបញ្ជាក់ពីខ្លួនគាត់។
ការអំពាវនាវរបស់លោក Jatuporn Prompan ឱ្យរដ្ឋាភិបាលសងប្រាក់១០លានបាតដល់គ្រួសារជនរងគ្រោះម្នាក់ៗ ដែលស្លាប់ក្នុងអំពើហិង្សាពេលមានបាតុកម្មលើដងផ្លូវកាលពីឆ្នាំមុន លោកស្រីនិយាយថា វាជាបញ្ហានយោបាយដែលត្រូវតែយកមកពិភាក្សាដើម្បីឱ្យស័ក្តិសមនឹងថវិកាជាតិ។ ឥឡូវនេះយើងកំពុងតែជួបបញ្ហាទឹកជំនន់បំផ្លិចបំផ្លាញដែលត្រូវដោះស្រាយ៕
ចែករំលែកព័តមាននេះ