រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវជនមិនស្គាល់មុខ២នាក់ជិះម៉ូតូម៉ាកអាយខុន ពណ៌លឿងលាយស លបវាយក្បាលនឹងដុំថ្មពីក្រោយបណ្តាលឱ្យដួលបោកខ្លួនស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្លូវលេខ២៧១ ក្បែរមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ សីហា ឆ្នាំ២០១១។
សពយុវជនរងគ្រោះខាងលើនេះឈ្មោះកែវ រ៉ា អាយុ២៣ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន ក្នុងឃ្លាំងលក់ទុយោជ័រ ស្ថិតនៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ មុនពេលមានគ្រោះថ្នាក់ដល់អាយុជីវិត ឈ្មោះកែវ រ៉ា និងបក្សពួក៦នាក់ផ្សេងទៀតបានត្រឡប់ពីផឹកស្រាថ្នាំនៅម្តុំមុខសាលាបឋមសិក្សាជ័យជំនះ ដោយធ្វើដំណើរថ្មើរជើងត្រឡប់មកលំនៅឋានវិញ ។ លុះមកដល់ចំណុចកើតហេតុក៏ទាក់ពាក្យសម្តីគ្នាជាមួយយុវជនផ្សេង២នាក់ទៀតដែលជិះម៉ូតូអាយខុន ដោយភាគីខាងអ្នកជិះម៉ូតូសួរទៅកាន់ក្រុមឈ្មោះកែវ រ៉ា ថា «ពួកឯងទើបមកពីណាទាំងយប់អធ្រាត្រ ម្តេចក៏មិនដេកពួន» ។
ពេលនោះបក្សពួករបស់ឈ្មោះកែវ រ៉ា និយាយថា «អញដើរមិនបានឬ»។ បន្ទាប់ពីបានទាក់ពាក្យសម្តីគ្នាពីរបីម៉ាត់រួច ភាគីអ្នកជិះម៉ូតូបានជិះហួសទៅ តែមិនមែនទៅរហូតទេ គឺពួកគេទៅរើសដុំថ្មមួយដុំក្តាប់យ៉ាងណែន ហើយជិះម៉ូតូត្រឡប់ក្រោយមកវិញលបវាយឈ្មោះកែវ រ៉ាដែលដើរពីក្រោយគេមួយដុំថ្មចំក្បាលបណ្តាលឱ្យដួលប្រកាច់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ បន្ទាប់ពីបង្កក្រុមជនដៃដល់បានជិះម៉ូតូតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីកើតទៅលិចបាត់ស្រមោលតែម្តង។
ករណីខាងលើនេះ សមត្ថកិច្ចមូលដ្ឋានកំពុងស្រាវជ្រាវដើម្បីចាប់ខ្លួនក្រុមឃាតកយកមកផ្តន្ទាទោសតាមនីតិវិធី៕
ចែករំលែកព័តមាននេះ