រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ សីហា ២០១១ លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានថ្មីមួយទៀត ជាស្ពានទី៣ ឆ្លងទៅតំបន់អភិវឌ្ឍន៍ទីក្រុងកោះពេជ្រ ដែលស្ពាននេះ ត្រូវបានដាក់ឈ្មោះថា «ស្ពានឥន្ទធនូ» ដោយមានការចូលរួមពីមហាជនយ៉ាងច្រើនកុះករ។
លោកឧកញ៉ាពុង ឃាវសែ នាយកក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនទទួលវិនិយោគកោះពេជ្របានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកបានចាប់ដំណើរការអភិវឌ្ឍកោះពេជ្រចាប់ពីឆ្នាំ២០០៤ ពីរាជរដ្ឋាភិបាលមកម៉្លេះ។ ជាប្រយោជន៍នៃការជួលដីកោះពេជ្រនេះ រាជរដ្ឋាភិបាលទទួលបានសមិទ្ធផលធំៗ ដូចជាស្ពានព្រះមុនីវង្ស ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្តុបមន្ទីរពេទ្យព្រះកុសុមៈ និងច្រាំងទន្លេនានាជាច្រើនទៀត។ លោកពុង ឃាវសែ បានបញ្ជាក់ថា មជ្ឈមណ្ឌលកោះពេជ្រមានវិសាលភាពទទួលភ្ញៀវចូលទៅតំបន់នោះប្រមាណ៥ម៉ឺននាក់។
នៅក្នុងឱកាសនោះ លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានថ្លែងទៅកាន់អង្គពិធីនេះថា រាជធានីភ្នំពេញ មានការកែប្រែមុខមាត់ថ្មីគួរឱ្យកត់សម្គាល់ ជាពិសេសការអភិវឌ្ឍលើគម្រោងអគារ និងការអភិវឌ្ឍទីក្រុងដ៏ទំនើប។ សព្វថ្ងៃនៅរាជធានីភ្នំពេញមានសំណង់អគារចាប់ពី១០ជាន់ឡើងទៅមានចំនួន១៥៣អគារដែលនេះជាការបង្ហាញឱ្យឃើញពីការអភិវឌ្ឍទីក្រុងក្នុងរយៈពេល៣២ឆ្នាំ កន្លងមក ហើយវានឹងបន្តកើតមានតទៅទៀត៕
ចែករំលែកព័តមាននេះ