ខេត្តកំពង់ស្ពឺ ៖ ដងស្ទឹងព្រែកត្នោតពុំមានទឹកជំនន់ចូលទៅឡើយ គេឃើញតែទឹកនៅបាតស្ទឹងប៉ុណ្ណោះ ទន្ទឹមនឹងទឹកទន្លេមេគង្គកំពុងហក់ឡើងយ៉ាងគំហុក ។ ជារៀងរាល់ឆ្នាំនៅដើមខែសីហា ទឹកជំនន់ឡើងខ្លាំងតាមដងស្ទឹងព្រែកត្នោត ប៉ុន្តែឆ្នាំនេះមកដល់ពាក់កណ្តាលខែសីហាទៅហើយពុំមានទឹកជំនន់ឡើងខ្លាំងនោះទេ ដែលពេលនេះទឹកនៅបាតស្ទឹងហូររឹមៗប្រៀបដូចខែប្រាំង ។ ចំណែកកសិករបង្កបង្កើនផលក្នុងខេត្តស្ទើរតែពុំមានទឹកសម្រាប់ដកស្ទូងឡើយ ដោយឡែកតែតំបន់មួយចំនួនមានអូរ បឹង មានទំនប់ទើបមានសន្ទូងខ្លះ ប៉ុន្តែបើមេឃរាំងតែមួយថ្ងៃសន្ទូងត្រូវក្រៀមស្វិតទៅវិញគួរឱ្យបារម្ភ ។ បញ្ហាខ្វះទឹកធ្វើស្រែនេះជាក្តីកង្វល់របស់ប្រជាកសិករក្នុងទូទាំងខេត្ត ។
យោងតាមការបំភ្លឺរបស់លោកអៀ ពិសិដ្ឋ ប្រធានមន្ទីរធនធានទឹកខេត្តបានឱ្យដឹងថា ទោះបីមុននេះទឹកខ្វះមែន ប៉ុន្តែរយៈពេល១ឬ២ថ្ងៃទៀត ទឹកនឹងអាចឡើងមកតាមដងស្ទឹងព្រែកត្នោតដូចរាល់ឆ្នាំដែរ និងអាចខ្លាំងជាងមុនទៀតផង ព្រោះភ្លៀងបានធ្លាក់យ៉ាងគំហុកនៅតាមជួរភ្នំឱរ៉ាល់ ដែលអាចជន់លិចនៅថ្ងៃខាងមុខនេះ ។ ទឹកនៅតាមដងស្ទឹងព្រែកត្នោតមានតិចមែន ប៉ុន្តែនៅទំនប់ទ្វារទឹករលាំងជ្រៃ អាចនឹងបង្ហើបទ្វារទឹកនៅពេលទឹកហូរធ្លាក់មកពីលើ ។ ដូច្នេះទឹកនឹងហូរទៅតាមប្រឡាយធំៗច្រើនខ្សែដើម្បីបម្រើឱ្យការងារដកស្ទូងរបស់កសិករ ។
លោកបន្ថែមទៀតថា ស្រូវវស្សាដែលកសិករកំពុងធ្វើរាល់ថ្ងៃអាចឈានដល់៦០% លើផែនការអនុវត្តទូទាំងខេត្តលើផ្ទៃដី១១៣.៦០០ហិកតា ទោះបីកន្លែងខ្លះគ្រាន់តែមានទឹកដក់សើមអាចឱ្យប្រជាកសិករធ្វើបានដោយខ្លះបុករណ្តៅដាំផងដែរ តែកន្លែងខ្លះពុំទាន់បានស្ទូងផង ។ ទាំងនេះជាក្តីកង្វល់របស់ប្រជាកសិករក្នុងខេត្តកំពង់ស្ពឺក្នុងការងារបង្កបង្កើនផលនាពេលនេះ ៕
ចែករំលែកព័តមាននេះ