ខេត្តកំពត ៖ រថយន្តស្ទូចមួយគ្រឿងដែលដឹកព្រះបដិមា២អង្គ កសាងអំពីថ្មភក់ ទម្ងន់៦តោន មកពីខេត្តកំពង់ធំ យកមកតម្កល់នៅវត្តសូរិយាវង្សជ្រុងស្រឡៅ ស្ថិតនៅឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស បានក្រឡាប់បណ្តាលឱ្យព្រះបដិមាទាំង២អង្គធ្លាក់ចូលទៅក្នុងស្រែកប់ភក់ មើលឃើញតែព្រះភក្ត្រប៉ុណ្ណោះ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី១២ សីហា កន្លងទៅ ។
បើតាមអ្នកបើកបរនិយាយថា រថយន្តនេះមិនបានប៉ះ ឬបុកអ្នកណាទេ តែដោយសារផ្លូវលំចូលទៅវត្តតូច ហើយដឹកធ្ងន់ទើបរអិលធ្លាក់កង់ម្ខាងទៅក្នុងស្រែ បណ្តាលឱ្យព្រះបដិមាទាំង២អង្គដែលមានព្រះភ្នែនដល់ទៅជាង១ម៉ែត្រផ្អៀងក្រឡាប់ធ្លាក់ក្នុងទឹកភក់ស្រែ ។ អ្នកបើកបរបាននិយាយទៀតថា ពេលជួបគ្រោះថ្នាក់ភ្លាម ក្រុមកម្មករប្រមាណ១០នាក់រួមទាំងអ្នកភូមិផងបានយកខ្សែកាបចងរថយន្តជាប់ជាមួយនឹងដើមត្នោត ដើម្បីកុំឱ្យរថយន្តក្រឡាប់ថែមទៀត ។ ព្រះបដិមាដែលកប់ភក់ទាំងពីរព្រះអង្គនៅត្រាំទឹករហូតដល់ព្រឹកថ្ងៃទី១៣ សីហា ទើបស្ទូចចេញពីក្នុងសន្ទូងដឹកបន្តយកទៅដាក់នៅវត្ត ។
បើតាមតាអាចារ្យវត្តសូរិយាវង្សជ្រុងស្រឡៅ ដែលបានជួយជ្រោមជ្រែងក្នុងកិច្ចការស្រង់ព្រះបដិមាធ្លាក់កប់ភក់ទឹកស្រែនេះនិយាយថា ព្រះបដិមាដែលដឹកពីភ្នំសន្ទុក ខេត្តកំពង់ធំមកនេះ គឺកសាងអំពីថ្មភក់ ។ ចំណែកតម្លៃមិនដឹងប៉ុន្មានទេ ព្រោះការជាវព្រះបដិមានេះគឺមានលោកលី អ៊ូលាង នៅខេត្តតាកែវ តាមរយៈ ព្រះចៅអធិការវត្តអង្គតាសោម ស្រុកត្រាំកក់ ជាអ្នកផ្តើមបុណ្យប្រមូលបច្ច័យជាវយកមកដាក់ ព្រះវិហារវត្ត ប៉ុន្តែព្រះវិហារដែលកសាងនោះក៏មិនទាន់ហើយដែរ ។
លោកតាអាចារ្យបាននិយាយថា ការសាងសង់ព្រះវិហារចំណាយលុយច្រើន បើរង់ចាំតែ បច្ច័យបុណ្យទានតិចតួចយកមកកសាងដូច
ជាគ្មានសង្ឃឹមទេ ព្រោះអស់រយៈពេល២៥ឆ្នាំ ហើយ ៕
ចែករំលែកព័តមាននេះ