ខេត្តក្រចេះ ៖ សាកសពបុរសពោះម៉ាយកូនបីម្នាក់បានអណ្តែត ក្រោយពេលជួបឧប្បត្តិហេតុធ្លាក់ទឹកទន្លេលង់ស្លាប់កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៣ សីហាដែលមានរយៈពេលបីថ្ងៃក្រោយមក។ ការប្រទះឃើញសពបុរសស្លាប់អណ្តែតទឹកនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៥ សីហា នៅជាប់ទើរខាងក្រោមជណ្តើរស្ថានីយជលសាស្រ្តខេត្ត មានចម្ងាយជាង២រយម៉ែត្រ ពីកន្លែងកើតហេតុ។
តាមការអះអាងរបស់ក្រុមគ្រួសារបានឱ្យដឹងថា បុរសរូបនោះឈ្មោះ សុខ ម៉ី អាយុ៤៥ឆ្នាំ ជាបុរសពោះម៉ាយមានកូនប្រុសបីនាក់ ឯប្រពន្ឋបានស្លាប់ចោលជាច្រើនឆ្នាំមកហើយ។ ជនរងគ្រោះមានទីលំនៅក្នុងក្រុងភ្នំពេញ និងបានមកស្នាក់នៅផ្ទះប្អូនស្រីនៅ ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ។ ប្រភពបន្តថា បុរសរងគ្រោះជាមនុស្សពូកែផឹកស្រា ហើយនៅថ្ងៃកើតហេតុ នោះគាត់បានផឹកស្រាស្រវឹងធ្លាក់ភ្នែកបានដើរមួយយប់ទល់ភ្លឺ ទើបអង្គុយផ្ងារក្រោយធ្លាក់ច្រាំងទន្លេតែម្តង។
តាមស្ត្រីឈ្មោះ កែវ រតនា អាយុ៣៧ឆ្នាំ ត្រូវជាប្អូនស្រីបុរសរងគ្រោះមានទីលំនៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះបានឱ្យដឹងថា បងប្រុសរបស់គាត់ គឺជាមនុស្សមានជំងឺផ្លូវចិត្តដែលផ្នែកវេជ្ជសាស្ត្រថាជាជំងឺសរសៃប្រសាទចាប់តាំងពីប្រពន្ឋគាត់ស្លាប់ចោលអស់ជាច្រើនឆ្នាំមក មួយថ្ងៃៗមិនគិតពីការងាររកស៊ីទេ ដើរតែផឹកស្រាស្រវឹង និងតែងតែបង្កការអុកឡុកក្នុងក្រុមគ្រួសារ។
ស្រ្តីជាប្អូនបន្តថា មានពេលខ្លះពេលស្រវឹងស្រាបងប្រុសរកតែសម្លាប់ខ្លួន ជួនកាលទៅដេកនៅកណ្តាលផ្លូវឱ្យរថយន្តកិន និងពេលខ្លះលោតពីលើផ្ទះតែមិនស្លាប់។សពបុរសរងគ្រោះ ត្រូវបានអណ្តែតក្រោមជណ្តើរថ្មរស្ថានីយជលសាស្រ្ត ត្រូវបានប្រជាពលរដ្ឋប្រទះឃើញពេលចុះទៅបោកគក់ខោអាវនៅ លើជណ្តើរក្បែរនោះ។ ក្រោយពីមានការផ្ញាក់ផ្អើលរួចមកសពបុរសរងគ្រោះត្រូវក្រុមគ្រួសារស្រង់ឡើងគោកយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ