ខេត្តព្រះវិហារ ៖ ស្រ្តីជាប្រពន្ធលោកមេឃុំម្នាក់បានស្លាប់ ដោយការធ្វើអត្តឃាតលេបថ្នាំសម្លាប់ខ្លួន កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៤ សីហា ២០១១ បន្ទាប់ពីគ្រូទាយបានទស្សន៍ ទាយថា ប្តីរបស់ខ្លួនមិនស្មោះត្រង់ផិតក្បត់ប្រពន្ធ រួចមក ។ ស្រ្តីដែលលេបថ្នាំសម្លាប់ខ្លួននេះឈ្មោះណាំ ស៊ឹម អាយុ៤១ឆ្នាំ ជាប្រពន្ធរបស់លោកសាត់ ស៊ី មេឃុំស្រយង់ ស្រុកគូលែន និងមានកូន៤នាក់។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព ប្រចាំខេត្តព្រះវិហារបានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ ស្រ្តីជាប្រពន្ធលោកមេឃុំស្រយង់ត្រូវបានកូនប្រុសបង្កើតនិយាយប្រាប់ថា លោកឪពុករបស់ខ្លួន គឺលោកមេឃុំសាត់ ស៊ី បានទូរស័ព្ទហៅប្អូនស្រីធ៌មឈ្មោះវី ថា ដែលមានទីលំនៅក្នុងខេត្តកំពង់ចាមអោយមកស្នាក់ នៅជាមួយរយៈពេល៣ថ្ងៃមកហើយ គឺចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ សីហា។ បន្ទាប់ពីទទួលបានព័ត៌មាននេះ ស្រ្តីរងគ្រោះជាប្រពន្ធលោកមេឃុំក៏បានបបួលប្តីរបស់ខ្លួនអោយគ្រូទស្សន៍ទាយសន្លឹកបៀមើលនៅក្រោយពេលវិលត្រឡប់ពីជូនដំណើរប្អូនស្រី ធម៌លោកមេឃុំឡើងរថយន្តទៅខេត្តកំពង់ចាមវិញនៅថ្ងៃកើតហេតុនោះ។
សេចក្តីរាយការណ៍ បានបន្តថា នៅពេលនោះគ្រូទាយក៏បានទាយអោយស្រ្តីរងគ្រោះថា ប្តីរបស់អ្នកពុំមានភាពស្មោះត្រង់ទេគឺបានផិតក្បត់អ្នក។ ស្រាប់តែពេលនោះគាប់ជួននឹងការនឹកឃើញដល់ប្តីហៅប្អូនស្រីធម៌ឈ្មោះវី ថា មកស្នាក់នៅជាមួយផងនោះ ក៏ចាប់ផ្តើមឈឺចុកចាប់ស្ទើរស្ទះដង្ហើមស្លាប់ភ្លាមៗនៅផ្ទះគ្រូទាយ។ លុះត្រឡប់មកដល់ផ្ទះនៅវេលាម៉ោងប្រមាណ៧យប់ ខណៈពេលដែលប្តីស្រវឹងស្រា និងបានរករឿងឈ្លោះប្រកែក ព្រមទាំងប្រើអំពើហិង្សាដាក់ផងនោះ ស្រ្តីរងគ្រោះក៏បានចុះពីលើផ្ទះហើយបានលេបថ្នាំ ជាច្រើនប្រភេទប្រមាណ៤០គ្រាប់ រួចក៏ដេកលើអង្រឹង។
បន្ទាប់ពីបាត់មិនឃើញស្រ្តីរងគ្រោះឡើងទៅលើផ្ទះវិញ កូន និងក្មួយក៏ចុះមកតាមហៅម្តាយអោយឡើងទៅលើផ្ទះ ស្រាប់តែឃើញម្តាយដេកបែកពពុះមាត់ ក៏បញ្ជូនស្រ្តីរងគ្រោះទៅកាន់មណ្ឌលសុខភាពឃុំដើម្បីសង្គ្រោះ ប៉ុន្តែឥទ្ធិពលថ្នាំបានជ្រាបពាសពេញរាងកាយទៅហើយ ស្រ្តីរងគ្រោះក៏បានស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង៨យប់ថ្ងៃទី១៤សីហានេះ ៕
ចែករំលែកព័តមាននេះ