រាជធានីភ្នំពេញ ៖ ដើម្បីពង្រឹងនូវទំនាក់ទំនងរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា និងដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការលើកស្ទួយអភិវឌ្ឍន៍សេដ្ឋកិច្ច រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់កម្ចីសម្បទាន និងជំនួយឥតសំណងផ្នែកវប្បធម៌ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តនូវគម្រោងពីរដែលមានទឹកប្រាក់ ១-កម្ចីសម្បទានចំនួន៤.២៦៩លានយ៉េន ស្មើនឹងប្រមាណ៥៣,៣លានដុល្លារអាមេរិក ។ ២-ជំនួយឥតសំណងចំនួន៥៥,៧លានយ៉េន ស្មើនឹងប្រមាណ៧សែនដុល្លារអាមេរិក ។
សារលិខិតប្តូរគម្រោងជំនួយ កម្ចីទាំងនេះត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រវាងលោកហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកគូរ៉ូគី ម៉ាសាហ៊្វូមី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ សីហា ឆ្នាំ២០១១ វេលាម៉ោង៩ព្រឹក នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
១-ទឹកប្រាក់កម្ចីសម្បទានចំនួន៥៣,៣លានដុល្លារអាមេរិកសម្រាប់គម្រោងស្តារ និងកែលំអប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធដោះទឹកភាគខាងលិចនៃបឹងទន្លេសាប គឺដើម្បីបង្កើនផលិតកម្មស្រូវក្នុងតំបន់ចំនួន៦នៅតំបន់ភាគខាងលិចនៃបឹងទន្លេសាបដែលគ្របដណ្តប់លើផ្ទៃដីចំនួន១២.០០០ហិកតា ដោយសាងសង់ និងស្តារប្រព័ន្ធធារាសាស្ត្រ បង្កើត និងពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក (FWUC) និងក្រុមកសិករប្រើប្រាស់ទឹក (FWUG) និងកែលំអសមត្ថភាពគ្រប់គ្រងរបស់កសិករ ។ នេះជាគម្រោងអាទិភាពខ្ពស់ជាងគេមួយក្នុងបណ្តាគម្រោងអាទិភាពនានាដែលមានចែងនៅក្នុងផែនការសកម្មភាពនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០០៩-២០១៣ របស់រាជរដ្ឋាភិបាលកម្ពុជា ។
២-ជំនួយឥតសំណងចំនួន៧សែនដុល្លារអាមេរិក សម្រាប់គម្រោងកែលំអរបស់ដេប៉ាតឺម៉ង់ ទេពកោសល្យធនធានរ៉ែ និងភូគព្ភសាស្ត្រនៃ វិទ្យាស្ថានបច្ចេកទេសកម្ពុជាទិញសម្ភារសិក្សាសម្រាប់មន្ទីរពិសោធន៍របស់ដេប៉ាតឺម៉ង់ ទេពកោសល្យធនធានរ៉ែ និងភូគព្ភសាស្ត្ររួមមានម៉ាស៊ីនកាត់ថ្ម ម៉ាស៊ីនសម្រាប់វិភាគទម្រង់ខនិជ និងម៉ាស៊ីនសម្រាប់សិក្សាប្រភេទថ្មដែលពាក់ព័ន្ធការកកើតសិលា សម្ភារសម្រាប់ការចុះសិក្សានៅមូលដ្ឋានដូចជា សម្ភារសម្រាប់វាស់ផ្ទៃដីដែលមានស្រទាប់រ៉ែមិនសូវជ្រៅ សម្ភារសម្រាប់ស្ទង់ដី GPS និងសម្ភារសម្រាប់វាស់ចម្ងាយដោយកាំរស្មីឡាស៊ែរជាដើម ។
លោកគូរ៉ូគី មា៉សាហ៊្វូមី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កិច្ចសហប្រតិបត្តិការទី១ គឺជាកម្ចីសម្បទានមានទឹកប្រាក់៥៣,៣លានដុល្លារ សម្រាប់គម្រោងស្តារ និងកែលំអប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធដោះទឹកដែលគ្របដណ្តប់លើផ្ទៃដីចំនួន១២.០០០ហិកតា នៅភាគខាងលិចនៃបឹងទន្លេសាប ដើម្បីបង្កើនផលិតកម្មស្រូវ ។ ទាក់ទងនឹងវិស័យកសិកម្ម រដ្ឋាភិបាលជប៉ុនបានផ្តល់កាលពីខែកក្កដា កន្លងទៅ នូវជីដើម្បីឧបត្ថម្ភដល់កសិករក្រីក្រ ហើយកាលពីសប្តាហ៍មុនខ្ញុំបានប្រគល់ជូននូវគ្រឿងចក្រធុនធ្ងន់សម្រាប់ការពារដីស្រែចម្ការពីទឹកជំនន់ ។
លោកឯកអគ្គរាជទូតជប៉ុនបន្តថា កិច្ចសហប្រតិបត្តិការទី២ គឺជាជំនួយឥតសំណងផ្នែកវប្បធម៌ដែលមានទឹកប្រាក់៧សែនដុល្លារ សម្រាប់កែលំអសម្ភារសិក្សានៃវិទ្យាស្ថានបច្ចេកទេសកម្ពុជា ដែលជាតម្រូវការដើម្បីអភិវឌ្ឍន៍ធនធានមនុស្សឱ្យបានកាន់តែច្រើន ដើម្បីឱ្យអ្នកជំនាញការកម្ពុជាអាចចូលរួម ដោយពេញលេញទៅក្នុងឧស្សាហកម្មថ្មីៗទាំងនេះ ។ ទាក់ទងនឹងវិទ្យាស្ថានបច្ចេកទេសកម្ពុជា លោកឯកអគ្គរាជទូតជប៉ុនបញ្ជាក់ថា យើងកំពុងយកចិត្តទុកដាក់នៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាបន្តទៀត ដើម្បីជួយដល់ការអភិវឌ្ឍសមត្ថភាពនៅក្នុងវិស័យវិស្វកម្មអគ្គិសនី វិស្វកម្មមេកានិក និងវិស្វកម្មភូគព្ភសាស្ត្រ ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការសិក្សារបស់វិស្វករ និងអ្នកបច្ចេកទេស ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា ទឹកប្រាក់ជាង៥៣លានដុល្លារអាមេរិកនេះសម្រាប់ស្តារ និងកែលំអប្រព័ន្ធ ធារាសាស្ត្រធុនតូច និងមធ្យម ។ ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រជាមូលដ្ឋានសំខាន់បំផុត សម្រាប់ការផលិតស្បៀងអាហារឱ្យបានកាន់តែច្រើនឡើងៗ ។ កាលពីឆ្នាំ២០០៨ ប្រទេសកម្ពុជានៅសល់ស្រូវជាង២លានតោន ឆ្នាំ២០០៩ នៅសល់ស្រូវ៣លានតោន ឆ្នាំ២០១០ កម្ពុជានៅសល់ស្រូវជាង៣លានតោន ហើយនៅឆ្នាំនេះយើងសង្ឃឹមថា ស្រូវនឹងល្អទៀត ។
ការអភិវឌ្ឍធនធានធារាសាស្ត្រនេះ នឹងនាំឱ្យកសិកម្មកម្ពុជា ប្រែក្លាយទៅជាកសិកម្មទំនើប កសិកម្មវិទ្យាសាស្ត្រ ស្របតាមនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលចាត់ទុកវិស័យកសិកម្មជាអាទិភាពទី១ ។ កន្លងទៅជប៉ុនបានផ្តល់គ្រឿងចក្រជាច្រើន យើងសូមថ្លែងអំណរគុណដល់ប្រទេសជប៉ុនយ៉ាងជ្រាលជ្រៅ ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ ក៏ជប៉ុននៅបន្តជួយដល់កម្ពុជាគ្រប់វិស័យទាំងអស់៕
ចែករំលែកព័តមាននេះ