ក្រុងប៉ោយប៉ែត ៖ ដើម្បីសម្រួលដល់ការ ធ្វើដំណើរ និងដឹកជញ្ជូនអ្នកទេសចរនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារផ្សេងទៀតលោកថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍និង ជាប្រធានគណៈកម្មការ អន្ដរក្រសួង និងលោកនាយឧត្ដមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិជាអនុប្រធានអចិន្ដ្រៃយ៍បានដឹកនាំកិច្ចប្រជុំស្ដីអំពីការត្រួតពិនិត្យសភាព ការណ៍ច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែតដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរនិងអ្នកដំណើរឱ្យមានសេវាល្អ។ កិច្ចប្រជុំនេះធ្វើឡើងនៅច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ នៅថ្ងៃទី១២ សីហា កន្លងមកដោយមានការចូលរួមពីលោកទ្រី ណារិន អភិបាលរងខេត្ត និងលោកអភិបាលក្រុងប៉ោយប៉ែតព្រមទាំងមន្ដ្រីមកពីក្រសួងស្ថាប័ននិងសមត្ថកិច្ចពាក់ព័ន្ឋមួយចំនួនទៀត។ គួរកត់សម្គាល់ថា នៅក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីលោកស៊ូ ភិរិន្ទ អភិបាលខេត្តសៀមរាបផងដែរ។
ក្រៅពីការប្រជុំគណៈកម្មការអន្ដរក្រសួង នៅថ្ងៃដដែលនេះគណៈកម្មការក៏បានជួបប្រជុំសំណេះសំណាលជាមួយសមាគមទេសចរណ៍សមាគមតាក់ស៊ីក្រុមហ៊ុនទេសចរណ៍ និងអាជីវករដែលប្រកបអាជីវកម្មបើកផ្ទះសំណាក់ ខារ៉ាអូខេ ភោជនីយដ្ឋានសណ្ឋាគារ និងកាស៊ីណូប្រមាណ២៥០នាក់ នៅក្នុងភោជនីយដ្ឋាន១កន្លែង ក្នុងទីក្រុងប៉ោយប៉ែតផងដែរ។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មការអន្តរក្រសួងបានមានប្រសាសន៍ថា ដើម្បីសម្រួលឱ្យអ្នកទេសចរណ៍ថៃ និងអ្នកទេសចរប្រទេសផ្សេងៗមកកម្ពុជាឱ្យបានកាន់តែច្រើននោះ យើងត្រូវបន្តរៀបចំបែបបទឆ្លងកាត់ឱ្យកាន់តែមានភាពងាយស្រួល និងរៀបចំឱ្យមានរបៀបរៀបរយ អនាម័យ សណ្តាប់ធ្នាប់ល្អនៅច្រកទ្វារអន្តរជាតិ និងនៅក្នុងក្រុងផងដែរ។ ការដឹកជញ្ជូនអីវ៉ាន់របស់ភ្ញៀវត្រូវមានការគ្រប់គ្រង និងដឹកជញ្ជូនឱ្យបានល្អហើយចំណតរថយន្តក្រុង និងតាក់ស៊ីត្រូវពង្រឹងការរៀបចំឱ្យកាន់តែប្រសើរថែមទៀត។ អ្នកបើកបរតាក់ស៊ីដឹកអ្នកទេសចរត្រូវមានឯកសណ្ឋានអាជ្ញាប័ណ្ណទេសចរណ៍ ប័ណ្ណសម្គាល់ និងលេខទូរស័ព្ទរបស់ខ្លួន លេខទូរសព្ទរបស់នគរបាលទេសចរ ឬលេខទូរស័ព្ទសមត្ថកិច្ច ដើម្បីធានាការដឹកជញ្ជូនប្រកបដោយសវុត្ថិភាពដល់គោលដៅងាយស្រួលទាក់ទងនៅពេលមានការចាំបាច់ណាមួយកើតឡើង។
តាមចំណតរថយន្តត្រូវបន្តពង្រឹងការរៀបចំកន្លែងរង់ចាំឱ្យបានស្អាតមានបន្ទប់ទឹកប្រកបដោយអនាម័យ ត្រូវផ្តល់សេវាជូនភ្ញៀវឱ្យបានល្អ ចៀសវាងការ ដណ្តើមប្រទាញប្រទង់ភ្ញៀវ។ នៅបញ្ជរប្តូរប្រាក់ត្រូវមានច្បាប់អនុញ្ញាតពីធនាគារ និងត្រូវអនុវត្តអត្រាប្តូរប្រាក់ឱ្យបានត្រឹមត្រូវដូចដែលបានធ្វើកន្លងមក។
លោកថោង ខុន បានមានប្រសាសន៍បន្តថា រថយន្តតាក់ស៊ីដឹកអ្នកទេសចរត្រូវមានការទទួលខុសត្រូវចំពោះការដឹកជញ្ជូនទៅគោលដៅដូចជាភ្ញៀវចង់ទៅខេត្តសៀមរាប ខេត្តបាត់ដំបង ឬរាជធានីភ្នំពេញជាដើម។ បើភ្ញៀវចង់សម្រាកនៅផ្ទះសំណាក់ឬសណ្ឋាគារណាត្រូវដឹកជញ្ជូនឱ្យដល់គោលដៅមិនត្រូវដឹកភ្ញៀវទៅតាមបំណងរបស់យើងដោយគ្រាន់តែចង់បានកម្រៃសេវាពីម្ចាស់ផ្ទះសំណាក់ ឬសណ្ឋាគារនោះឡើយព្រោះថា ការធ្វើរបៀបនេះគឺខុសនឹងគោលនយោបាយច្បាប់ទេសចរណ៍។
យើងជាអ្នកបើកបរតាក់ស៊ីដឹកអ្នកទេសចរអាចឧទ្ទេសនាមសណ្ឋាគារផ្ទះសំណាក់ល្អៗជូនភ្ញៀវបាន តែការសម្រេចចិត្ត គឺភ្ញៀវជាអ្នកសម្រេចមិនមែនយើងទេ។ លោកបានណែនាំទៀតថា យើងត្រូវរួមគ្នាបន្តទៀតដើម្បីរៀបចំតាក់ស៊ីដឹកអ្នកទេសចរណ៍ឱ្យមានពណ៌ដូចៗគ្នា ហើយរថយន្តតាក់ស៊ីទេសចរនេះត្រូវស្អាតទាំងខាងក្នុង និងខាងក្រៅ។
នៅក្នុងឱកាសនៃកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងផងដែរ លោកនាយឧត្តមសេនីយ៍នេត សាវឿន ក៏បានគូសបញ្ជាក់ណែនាំយ៉ាងម៉ឺងម៉ាត់ដល់ផ្នែកនគរបាលនៅច្រកទ្វារទាំងអស់រួមទាំងនគរបាលទិដ្ឋាការត្រូវអនុវត្តតាមបទបញ្ជានិងគោលការណ៍ទាំងឡាយដែលរដ្ឋាភិបាលបានដាក់ចុះ។ សមត្ថកិច្ចច្រកទ្វារត្រូវធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវឱ្យបានល្អធ្វើយ៉ាងណាឱ្យភ្ញៀវកក់ក្តៅសប្បាយចិត្ត ដើម្បីចូលមកទស្សនាប្រទេសយើងកាន់តែច្រើនឡើងៗ និងត្រូវយកចិត្តទុកដាក់ពិនិត្យលើលិខិតរិះគន់របស់សាធារណជនដែលបានសរសេរដាក់ក្នុងប្រអប់សំបុត្រ ហើយត្រូវខិតខំធ្វើការកែលំអឱ្យបានជាប្រចាំ។ នៅថ្ងៃមុខយើងនឹងរៀបចំឱ្យមានច្រកទ្វារមួយទៀតសម្រាប់ផ្នែកពាណិជ្ជកម្ម និងផ្នែកដឹកទំនិញគឺទុកច្រកទ្វារបច្ចុបន្ននេះសម្រាប់តែការដឹកជញ្ជូនភ្ញៀវទេសចរប៉ុណ្ណោះ។
ដោយឡែកលោក ស៊ូ ភិរិន្ទ អភិបាលខេត្តសៀមរាប ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះដែរ ក៏សន្យាថានឹងជួយជំរុញការស្ថាបនាចំណតរថយន្តមួយឱ្យបានឆាប់នៅក្រុងសៀមរាបសម្រាប់ តែរថយន្តដឹកអ្នកទេសចរ មកពីប៉ោយប៉ែត និង បាត់ដំបង ដើម្បីទប់ស្កាត់ការដណ្តើមភ្ញៀវ គ្នានៅពេលទៅដល់គោលដៅខេត្តសៀមរាប។
លោករដ្ឋមន្ត្រីថោង ខុន បានអំពាវនាវ និងសំណូមពរឱ្យបងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ក្នុងទីក្រុងប៉ោយប៉ែតបន្តការគាំទ្រ និង ចូលរួមដល់ការអភិវឌ្ឍវិស័យទេសចរណ៍របស់ យើង ធ្វើយ៉ាងណាឱ្យទីក្រុងប៉ោយប៉ែតកាន់តែមានសោភ័ណភាព របៀបរៀបរយ សណ្ដាប់ធ្នាប់អនាម័យល្អមានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងសេវាកម្មទេសចរណ៍ប្រកបដោយគុណភាពរួមចំណែកដល់ចលនាប្រលងប្រណាំងទីក្រុងស្អាតរមនីយដ្ឋានស្អាត សេវាល្អ។ ក្រសួងទេសចរណ៍នឹងចាត់តាំងឱ្យមានវគ្គបណ្តុះបណ្តាលលើផ្នែកជំនាញបដិសណ្ឋារកិច្ច និងផ្នែកសេវាកម្មនៅទីក្រុងនេះ។
ចែករំលែកព័តមាននេះ