រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១៥ សីហា កោះសន្តិភាពទទួលបានលិខិតមួយច្បាប់របស់យុវនិស្សិតឈ្មោះអ៊ឹង សុបញ្ញា ទាក់ទិននឹងអត្ថបទព័ត៌មានដែលកោះសន្តិភាពបានចុះផ្សាយនៅទំព័រទី៩ ថ្ងៃសុក្រទី១២ សីហា ឆ្នាំ២០១១ ក្រោមចំណងជើងថា «ក្មេងទំនើងស្រវឹងស្រាបើករថយន្តប្រណាំងគ្នាបោះពួយចូលផ្ទះលក់គ្រឿងបន្លាស់ម៉ូតូ» ។
ខាងក្រោមនេះ គឺជាលិខិតរបស់យុវនិស្សិតអ៊ឹង សុបញ្ញា ដែលសុំធ្វើការបំភ្លឺ។ ខ្ញុំបាទឈ្មោះអ៊ឹង សុបញ្ញា ជានិស្សិត រស់នៅជាមួយបងប្រុសដែលមានទីតាំងស្ថិតនៅបុរីពិភពថ្មី ។ កាលពីយប់ថ្ងៃទី៩ សីហា ២០១១ បានទៅចូលរួមកម្មវិធីខួបកំណើតរបស់មិត្តភក្តិរហូតដល់ម៉ោង១២និង៣០នាទីយប់ ។ ក្នុងខណៈពេលនោះខ្ញុំចង់មកផ្ទះវិញទាំងយប់ដែរ តែខ្លាចមានបញ្ហាដោយខុសច្បាប់ចរាចរណ៍ព្រោះខ្ញុំបាទបានផឹកស្រាបន្តិចដែរ ដូចនេះហើយក៏សម្រេចចិត្តដេកនៅផ្ទះមិត្តភក្តិតែម្តង ។ រហូតដល់ម៉ោង៤ទៀបភ្លឺ ខ្ញុំជាមួយមិត្ត៣នាក់ដែលមកចូលរួមខួបកំណើតជាមួយគ្នា ក៏នាំគ្នាត្រឡប់ទៅផ្ទះវិញ ដោយគិតថា នឹងត្រូវទៅរៀននៅម៉ោង៦និង៣០នាទីព្រឹក ។
ពេលដែលខ្ញុំបើករហូតដល់ផ្លូវលេខ៦០៨ ក្នុងកម្រិតល្បឿន៣០គីឡូម៉ែត្រក្នុងមួួយម៉ោង ដោយស្ថានភាពបើកបររបស់ខ្ញុំធម្មតា ប៉ុន្តែពេលខ្ញុំបត់ស្តាំស្រាប់តែមានរថយន្ត១គ្រឿងបើកមកកាត់មុខរថយន្តខ្ញុំយ៉ាងលឿន ហើយខ្ញុំក៏ជាន់ហ្វ្រាំងយ៉ាងខ្លាំង ដោយមិនអាចគ្រប់គ្រងចង្កូតរថយន្តក៏រេទៅប៉ះនឹងចិញ្ចើមផ្លូវ និងប៉ះផ្ទះរបស់គេដែលស្ថិតនៅលើផ្លូវលេខ៥៩៨ ។ ក្រោយពេលប៉ះ ពួកខ្ញុំបានចុះពីលើរថយន្តដើម្បីសុំទោសដល់ម្ចាស់ផ្ទះ និងនិយាយដោយគោរពក្នុងការសងថ្លៃខូចខាតទ្វាររបស់គាត់ ក៏ប៉ុន្តែគាត់មិនព្រម ថែមទាំងទារតម្លៃដែលមិនស័ក្តិសមនឹងការខូចខាតរបស់គាត់សោះ ។ ដោយនិយាយមិនត្រូវគ្នារហូតដល់ម៉ោង៥និង៣០នាទី ដោយសាររថយន្តមានធានារ៉ាប់រងខ្ញុំក៏ទូរស័ព្ទហៅដើម្បីឱ្យមកដោះស្រាយបន្ត រីឯចំណែកខ្ញុំក៏ចេញពីកន្លែងកើតហេតុជាមួយប៉ូលិសទៅអធិការដ្ឋានដើម្បីសហការនិងធ្វើសំណុំបែបបទ ។
ក្រោយកើតហេតុ២០នាទី ប្រហែលម៉ោង៥ ខ្ញុំក៏ទូរស័ព្ទហៅមិត្តភក្តិរបស់ខ្ញុំផ្សេងទៀតដែលជិះរថយន្តហាយឡិនឌ័រ ពណ៌ទឹកប្រាក់ មកពីផ្ទះដើម្បីមកជួយដឹកមិត្តភក្តិ៣នាក់ទៀតទៅផ្ទះរបស់ពួកគេដើម្បីរៀបចំទៅរៀន ព្រោះមិនអាចខកខានការសិក្សាបាននៅម៉ោង៦និង៣០នាទី ដូចនេះវាមិនដូចអ្វីដែលគេនិយាយថា រថយន្តហាយឡិនឌ័រទាំង២គ្រឿងនេះប្រណាំងគ្នាទេ ។
ខ្ញុំបាទជានិស្សិតឆ្នាំទី៤ ផ្នែកព័ត៌មានវិទ្យា ហើយក៏ជានិស្សិតម្នាក់ដែលស្រឡាញ់ការសិក្សា និងជាពលរដ្ឋម្នាក់ដែលគោរពច្បាប់សង្គមជាតិ។
ពួកខ្ញុំបាទមិនមែនជាមនុស្សដែលចូលចិត្តដើរលេងយប់ និងធ្វើខ្លួនរបៀបក្មេងទំនើងដែរ ហើយក៏មិនមែនជាកូនមន្ត្រីជាន់ខ្ពស់អ្វីដែរ គ្រាន់តែជាកូនអ្នករកស៊ីនៅខេត្តធម្មតាម្នាក់ទេ ។ តែដោយសារនៅថ្ងៃទី៩ សីហា ២០១១ មានខួបកំណើតមិត្តភក្តិ ពួកខ្ញុំក៏បានទៅចូលរួមរហូតដល់ម៉ោង១២យប់ក៏សម្រេចចិត្តដេកនៅផ្ទះមិត្តភក្តិតែម្តង រហូតដល់ម៉ោង៤ទៀបភ្លឺទើបត្រឡប់មកផ្ទះវិញ តែចៃដន្យក៏ជួបនឹងឧបទ្ទវហេតុដូចខាងលើ ៕
ចែករំលែកព័តមាននេះ