ខេត្តស្ទឹងត្រែង ៖ ដើមឈើមួយដើមបានដួលរលំរួចវ័ធចំក្បាលបុរសម្នាក់បណ្តាលឱ្យស្លាប់នៅនឹងកន្លែងគួរអនិច្ចាខណៈពេល បុរសនោះកាត់ផ្តាច់គល់ជាមួយនឹងម៉ាស៊ីនត្រង់ស៊ីន័រ។ ហេតុការណ៍នោះ បានកើតឡើងត្រង់ចំណុចព្រៃចាស់គីឡូម៉ែត្រលេខ៣២ ក្នុងភូមិគីឡូលេខ៨ សង្កាត់សាមគ្គីក្រុងស្ទឹងត្រែងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី១៣ សីហា។
តាមបុរសឈ្មោះចែត ចាន់ធឿន អាយុ២៣ឆ្នាំ ជាអ្នកកាន់ម៉ាស៊ីនត្រង់ស៊ីន័រ និងត្រូវជាសាច់ញាតិជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះឈ្មោះជុំ សាមុត អាយុ២៥ឆ្នាំ ជាអ្នកបោសអាចម៍រណារ មានស្រុកកំណើតនៅភូមិប៊ួជុំ ឃុំអម្ពិល៥ដើម ស្រុកបវេល ខេត្តបាត់ដំបង។
ប្រភពបានបន្តទៀតថា ទាំងរូបលោក និងជនរងគ្រោះ ទើបតែមករស់នៅក្នុងខេត្តស្ទឹងត្រែងបាន១សបា្តហ៏ប៉ុណ្ណោះ ហើយរូបលោកជាអ្នកស៊ីឈ្នួលកាន់ម៉ាស៊ីន ឯជនរងគ្រោះ គឺជាអ្នកបោសអាចម៍រណារ។ នៅរាល់ពេលអារឈើបានម្តងៗ ឪពុកមារបស់លោកម្នាក់រស់នៅភូមិគីឡូលេខ៨ សង្កាត់សាមគ្គីជាអ្នកចេញមុខដឹកយកទៅលក់នៅក្នុងទីរួមខេត្ត ។
រីឯតម្លៃគិតតាមប្រភេទឈើក្នុង ១ម៉ែត្រគូប លក់បានចាប់ពី៥០ម៉ឺនទៅ៦០ម៉ឺនរៀល តែតម្លៃដែលទទួលបាននោះ មិនមែនឪពុកមាលោកទទួលបានតែម្នាក់ឯងទេ គឺគាត់ចែករំលែកទៅឱ្យសមត្ថកិច្ចគ្រប់ជំនាញទើបដឹកឈើនោះយកទៅលក់បាន ដូច្នេះពួកគាត់ជាអ្នកស៊ីឈ្នួលអារឈើបានទទួលប្រាក់តែមួយចំណែកតូចប៉ុណ្ណោះ។
ចែករំលែកព័តមាននេះ