ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នងដែលរស់នៅជិតទីរួមខេត្តតែងតែនាំគ្នាស្ពាយឬដឹកកសិផលរួមមានបន្លែជាដើមយកមកលក់នៅក្រុងសែនមនោរម្យ បានអំពាវនាវដល់អាជ្ញាធរខេត្តនិងក្រុង ឬមន្ទីរពាក់ព័ន្ធជួយរកកន្លែងសម្រាប់ពួកគាត់ដាក់តាំងអីវ៉ាន់លក់ដូរផង ព្រោះសព្វថ្ងៃនេះបរិវេណផ្សារសែនមនោរម្យពុំមានកន្លែងសម្រាប់ពួកគាត់លក់ដូរទេ ធ្វើឱ្យពួកគាត់ត្រូវបង្ខំចិត្តក្រាលការុងឬដាក់ធុងដាក់អីវ៉ាន់លក់ហាលថ្ងៃហាលភ្លៀងនៅលើព្រលានយន្តហោះក្បែរផ្លូវភ្លោះ ។
តាមសម្តីរបស់ពួកគាត់បានឱ្យដឹងថា ជារៀងរាល់ព្រឹកពួកគាត់បានស្ពាយបន្លែនិងផលិតផលមួយចំនួន ខ្លះក៏ដឹកតាមម៉ូតូមកពីភូមិដែលនៅជិតខេត្តយកមកលក់នៅផ្សារសែនមនោរម្យតែត្រូវអាជីវករមួយចំនួនដេញពួកគាត់ដូចសត្វធាតុមិនឱ្យលក់ដូរក្នុងផ្សារឡើយ ។ តាមពិតទៅក្នុងបរិវេណផ្សារពុំមានកន្លែងសម្រាប់ពួកគាត់លក់ដូរទេ ទើបពួកគាត់សម្រេចចិត្តនាំគ្នាមកដាក់លក់នៅលើទីវាលព្រលានយន្តហោះ ។ គាត់បានបន្តឱ្យដឹងទៀតថា ការស្ពាយអីវ៉ាន់យកមកលក់នេះគឺជារបរបន្ទាប់បន្សំសម្រាប់ពួកគាត់ជាជនក្រីក្រ ជួនកាលលក់បានប្រាក់៥.០០០រៀល ឬ១០.០០០រៀល រួចយកប្រាក់នេះទិញអីវ៉ាន់ពីផ្សារស្ពាយយកទៅផ្ទះវិញដើម្បីផ្គត់ផ្គង់ជីវភាពក្រុមគ្រួសាររបស់ពួកគាត់ ។
ក្នុងរឿងនេះក៏មានការរិះគន់ពីសំណាក់មហាជនថា ហេតុអ្វីខេត្តមណ្ឌលគិរីទាំងមូលពុំមានកន្លែងសម្រាប់ពួកគាត់លក់ដូរ បែរជាឱ្យពួកគាត់ដាក់អីវ៉ាន់លក់នៅលើព្រលានយន្តហោះក្បែរផ្លូវភ្លោះសួនច្បារនេះទៅវិញ ។ គាត់បានបន្ថែមថា អាជ្ញាធរខេត្ត-ក្រុង និងមន្ទីរពាក់ព័ន្ធមិនគួរមើលរំលងបញ្ហានេះទេ គួរតែរៀបចំទីតាំងមួយសម្រាប់បងប្អូនជនជាតិដើមភាគតិចបានលក់ដូរផង ព្រោះពួកគាត់គឺជាផ្នែកមួយទាក់ទាញអ្នកទេសចរ ហើយជីវភាពបងប្អូនជនជាតិភាគតិចនៅភូមិភាគ|សាន នេះបានរួមចំណែកក្នុងនយោបាយទេសចរណ៍ផងដែរ ។ ការទំនាក់ទំនងរកការបំភ្លឺពីអាជ្ញាធរមិនបានទទួលជោគជ័យទេ កាលពីថ្ងៃទី១៥ សីហា តែសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធនឹងមានផែនការដើម្បីជួយដល់បងប្អូនជនជាតិព្នងទាំងនេះមិនខាន ៕
ចែករំលែកព័តមាននេះ