ខេត្តកំពង់ចាម ៖ កម្ពស់ទឹកទន្លេមេគង្គបានឡើងដល់១៥,២២ម៉ែត្រហើយ នាព្រឹកថ្ងៃទី១៤ សីហា ២០១១ ដែលជាកម្រិតមួយត្រូវប្រកាសអាសន្ន និងបានធ្វើឲ្យផលដំណាំរបស់ប្រជាកសិករត្រូវលិចលង់ខូចខាត ផ្លូវលំនិងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនត្រូវបំផ្លាញ មិនតែប៉ុណ្ណោះថែមទាំងបានឆក់យកអាយុជីវិតប្រជាពលរដ្ឋអស់ចំនួន២នាក់ផងដែរ ។ ដោយឡែក នៅក្រុងកំពង់ចាមទឹកទន្លេបានហូរចូលតាមលូចេញមកថ្នល់នៅមុខសណ្ឋាគារមេគង្គតែបន្តិច
ប៉ុណ្ណោះ ។
តាមលោក ធុច ថាត អភិបាលក្រុងកំពង់ចាម មានប្រសាសន៍ថា ដោយមានការណែនាំពីលោកហ៊ុន ណេង អភិបាលខេត្ត បានចាត់ឲ្យរូបលោកដឹកនាំកម្លាំងមន្រ្តីរាជការសាលាក្រុង កំពង់ចាម ចៅសង្កាត់ទាំង៤ ព្រមទាំងកម្លាំងប្រដាប់អាវុធឲ្យមានវិធានការប្រុងប្រយ័ត្នខ្ពស់ ដោយបានបិទទ្វារទឹកលូទាំងអស់ដែលនៅជាប់ តាមដងទន្លេមេគង្គរួមមាន សង្កាត់បឹងកុក សង្កាត់វាលវង់ និងសង្កាត់សំបួរមាស។ ចំណែកទ្វារទឹកមេដែលធំជាងគេនៅសង្កាត់វាលវង់ ក្បែរស្ពានគីហ្ស៊ុណាបានដាក់ម៉ាស៊ីនធុនធំ១គ្រឿងនិងម៉ូទ័រយក្ស១គ្រឿងដើម្បីត្រៀមបូមទឹកចេញពីក្នុងក្រុងកំពង់ចាមបញ្ចូលទៅក្នុង ទន្លេមេគង្គវិញ ប្រសិនណាបើនៅរសៀលថ្ងៃទី១៤ សីហា ក្រោយពីសែនក្បាលទឹកចប់ទឹកទន្លេនៅតែបន្តឡើងនោះ ។
លោកធុច ថាត បន្តថា រូបលោក ត្រូវយាមប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងចៅសង្កាត់ទាំង៤(សង្កាត់បឹងកុក សង្កាត់សំបួរមាស សង្កាត់វាលវង់ សង្កាត់កំពង់ចាម) ព្រមទាំងណែនាំមិនឲ្យរថយន្តដឹកទំនិញធំៗបើកឆ្លងកាត់តាមផ្លូវមាត់ទន្លេទេដើម្បីចៀសវាងបាក់ស្រុតផ្លូវ ។ ចំពោះកម្ពស់ទឹកទន្លេមេគង្គដែលត្រូវប្រកាសអាសន្ននោះគឺ១៥,២០ម៉ែត្រ ហើយរហូតមកដល់ម៉ោង២រសៀលថ្ងៃ១៤សីហាកម្ពស់ទឹកទន្លេបានឡើងតែបន្តិចប៉ុណ្ណោះ និងកំពុងរង់ចាំតាមដានមើលបន្តទៀត។
គួររំលឹកថា នៅក្នុងឆ្នាំ២០០២ កម្ពស់ទឹក ទន្លេមេគង្គនៅក្រុងកំពង់ចាមបានឡើងដល់១៥,៩៦ម៉ែត្រ ពេលនោះមន្ត្រីរាជការជុំវិញខេត្តបានរៀបចំបាវខ្សាច់ដាក់ទប់នៅតាមច្រាំងទន្លេ មេគង្គធ្វើឲ្យទឹកបានហូរចូលលិចផ្លូវតាមដងទនេ្លតែមិនមានសភាពធ្ងន់ធ្ងរទេ។ បើនិយាយពីកម្ពស់ទឹកទន្លេវិញ គឺខ្ពស់ជាងក្រុងកំពង់ចាម០,៦០ម៉ែត្រ ប្រសិនណាបើបាក់បាវខ្សាច់នោះក្រុងកំពង់ចាមនឹងត្រូវលិចលង់ ។
បើយោងតាមរបាយការណ៍របស់សាលា ខេត្តបានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៤ សីហា ២០១១ទឹកទន្លេមេគង្គបានលិចស្រុកចំនួន៧ឃុំ៣៧ ស្មើនឹង២៤១ភូមិ បណ្តាលឲ្យបាក់ផ្លូវលំចំនួន៣កន្លែងប្រវែង១២.០៣៤ម៉ែត្រ(ក្នុងឃុំទ្រាន ស្រុកកំពង់សៀម និងឃុំឈូក ស្រុកក្រូចឆ្មារ) សាលារៀនចំនួន២៣កន្លែង បាក់
ទំនប់២កន្លែង ប្រវែង១០៥ម៉ែត្រ (ស្រុកកោះសូទិន និងស្រុកក្រូចឆ្មារ)បាក់ច្រាំងទន្លេប្រវែង១.៧០០ម៉ែត្រ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន២៣ខ្នងត្រូវបានរុះរើ ក្នុងនោះឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់៧ខ្នង និងឃុំជីរោទី១ ស្រុកត្បូងឃ្មុំ១៦ខ្នង ។ ប្រជាពលរដ្ឋរត់ទៅផ្ទះអ្នកជិតខាងចំនួន១៦គ្រួសារសើ្មនឹង៤៨នាក់ នៅស្រុកកោះសូទិន និងទៅស្នាក់នៅទីទួលសុវត្ថិភាព៦កន្លែង មានចំនួន៤៨១គ្រួសារស្មើនឹង១.៤០៣នាក់ និងគោចំនួន៦៣ក្បាលនៅស្រុកកោះសូទិន ស្រុកត្បូងឃ្មុំ និងស្រុកកំពង់សៀម ។ ក្នុងហេតុការណ៍ទឹកទន្លេមេគង្គជន់លិចនេះដែរក៏បណ្តាលឱ្យមនុស្សលង់ទឹកស្លាប់២នាក់ (ស្រុកកងមាសម្នាក់ ស្រុកក្រូចឆ្មារម្នាក់) ស្រូវវស្សាចំនួន៦១២,០៧ហិកតា ឈូកចំនួន៩២,០៧ហិកតា ដំឡូងមីចំនួន៧ហិកតា សំណាប២ហិកតា និង កៅស៊ូចំនួន១,៩០ហិកតា ។
លោកវេជ្ជបណ្ឌិត គឹមសួរ ភិរុណ ប្រធាន មន្ទីរសុខាភិបាលខេត្តមានប្រសាសន៍ថា ចាប់តាំងពីពេលដែលទឹកទន្លេមេគង្គបានឡើងរហូតមកដល់ព្រឹកថ្ងៃទី១៤សីហា ២០១១ ពុំទាន់មានឃើញប្រជាពលរដ្ឋណាម្នាក់ដែលរងគ្រោះដោយពស់ចឹកត្រូវបាននាំមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តនោះទេ ។ ជាមួយនេះនៅការិយាល័យសុខាភិបាលស្រុកក្រូចឆ្មារបានផ្តល់វ៉ាក់សាំងព្យាបាលពស់ចឹកត្រៀមទុកជាស្រេចហើយដែរសម្រាប់ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយពស់ចឹក ។ មិនតែប៉ុណ្ណោះបានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ត្រូវតែប្រកាន់ឲ្យបានខ្ជាប់ខ្ជួនធ្វើយ៉ាងណា« ផឹកស្អាត ហូបស្អាត និងរស់នៅស្អាត» ។ កាលពីឆ្នាំ២០១០កន្លងទៅ មានប្រជាពលរដ្ឋចំនួន៤ទៅ៥នាក់ដែលរងគ្រោះដោយសារពស់ចឹក ត្រូវបាននាំមកសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេលវេលាផុតពីគ្រោះថ្នាក់ដល់អាយុជីវិតក្នុងរដូវទឹកទន្លេមេគង្គជន់ឡើងនេះដែរ ៕
ចែករំលែកព័តមាននេះ