ខេត្តស្ទឹងត្រែង ៖នៅចំកណ្តាលទីរួមខេត្តបើសិនជាយើងក្រឡេកមើលពីមាត់ទន្លេនៃកំពង់សាឡាងទៅទិសខាងត្បូងឃើញភ្នំមួយគូនៅទន្ទឹមគ្នាដែលប្រជាពលរដ្ឋក្នុងខេត្តហៅតៗគ្នាថា វត្តភ្នំ និងភ្នំធាតុ ។ អស់រយៈកាលយូរមកហើយដែលភ្នំទាំងពីរនេះជាទីសក្ការបូជារបស់ពុទ្ធសាសនិកក្នុងខេត្ត ។
វត្តភ្នំមានវត្តអារាមមួយនៅចំកណ្តាលខ្នងភ្នំ ឯភ្នំធាតុមានប្រាសាទបុរាណមួយស្ថិតនៅលើភ្នំ ឈ្មោះ ប្រាសាទភ្នំធាតុដែលបានសាងសង់ឡើងដោយព្រះបាទជ័យវ័្មនទី៧ ។
បច្ចុប្បន្នវត្តភ្នំត្រូវបានថែរក្សាយ៉ាងល្អពី ព្រះសង្ឃ និងយាយជីតាតាជីសំណាក់ធម៌ក្នុងវត្ត ។ ចំណែកភ្នំធាតុដែលមានប្រាសាទបុរាណមួយកំពុងរងការបាត់បង់ជាបណ្តើរៗដោយមានការសង្កេតឃើញថា ភ្នំនោះត្រូវបានគេដាក់គ្រឿងចក្រកាយយកដីទៅប្រើប្រាស់ដែលធ្វើឱ្យខូចសោភ័ណភាព និងរងការបាត់បង់ ។ ងាកមកប្រាសាទបុរាណវិញមានព្រៃដុះជុំជិតស្ទើរតែរកផ្លូវចូលទៅមិនឃើញ បើប្រៀបទៅកាលពីមុនគេអាចឈរលើខ្នងភ្នំធាតុនេះមើលឃើញក្រុងស្ទឹងត្រែងទាំងមូលដែលមានសំណង់ផ្ទះទឹកទន្លេវែងកាត់ពីផ្ទៃមួយទៅផ្ទៃមួយគួរឱ្យត្រជាក់ភ្នែកជាមួយនឹងខ្យល់អាកាសដ៏បរិសុទ្ធ ។ ក្នុងបរិវេណប្រាសាទមានបំណែកផ្តែរ(ចម្លាក់ថ្ម) ជាច្រើនដុំនៅរាយប៉ាយលើដី ។ ក្រៅពីមិនមានការថែរក្សាក៏ត្រូវជនអាវ៉ាសែមួយចំនួនយកថ្នាំញៀនទៅប្រើប្រាស់ដែលបន្សល់ទុយោ ក្រដាសប្លាស្ទិក និងដបទឹកបរិសុទ្ធជាច្រើន ។ យូរទៅកន្លែងដែលប្រជាពលរដ្ឋខ្មែរតែងតែមានជំនឿ និងគោរពបូជាបានក្លាយជាទីជំរកសម្រាប់ជនអាវ៉ាសែទាំងនោះយកថ្នាំញៀនទៅជក់បំផ្លាញបរិយាកាសទៅវិញ ។
ពេលនេះប្រាសាទបុរាណ និងភ្នំធាតុកំពុងរងការខូចខាត និងបាត់បង់ ជាពិសេសការដាក់គ្រឿងចក្រកាយយកដីទៅប្រើប្រាស់ ដោយបង្ហាញច្បាស់ថា សកម្មភាពនេះ គឺគេគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ។
លោកអេង ភីរុង ប្រធានមន្ទីរបរិស្ថានបានបញ្ជាក់តាមទូរស័ព្ទថា ចំពោះបរិស្ថានជុំវិញប្រាសាទនោះ លោកមិនបានគ្រប់គ្រងទេ សូមសួរទៅមន្ទីរវប្បធម៌ជាអ្នកគ្រប់គ្រងវិញ ។ ចំណែកលោកផេង ណាឡៃ អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រ សិល្បៈខេត្តបញ្ជាក់ថា ចំពោះវិធានការ គឺខាងមន្ទីរយើងខ្ញុំនឹងត្រួសត្រាយព្រៃទាំងនេះ ឯរឿងក្រុមជនទំនើងទៅប្រើប្រាស់គ្រឿងញៀននៅកន្លែងប្រាសាទ ខ្ញុំនឹងចាត់មន្ត្រីឱ្យទៅត្រួតពិនិត្យទៀត ។ ដោយឡែកការកាប់កាយយកដីភ្នំបណ្តាលឱ្យបាត់បង់សោភ័ណភាពនោះ គឺគេកាប់នៅក្រៅបង្គោលព្រំដីប្រាសាទទេ ។
លោកបញ្ជាក់បន្ថែមថា ទោះបីយ៉ាងណាមិនត្រូវកាប់កាយយកដីទៅប្រើប្រាស់ឱ្យខូចខាត និងបាត់បង់សោភ័ណភាពភ្នំបែបនេះឡើយ ។ លោកផេង ជា ប្រធានមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពលខេត្តមិនអាចទាក់ទងសុំការបំភ្លឺពីបញ្ហាកាយដីភ្នំនេះបានទេ ។
កញ្ញាលួន ធានី ប្រធានមន្ទីរទេសចរណ៍ខេត្តនិយាយថា ប្រាសាទភ្នំធាតុនេះពុំទាន់មានគម្រោងអភិវឌ្ឍន៍ នៅឡើយទេ ហើយខាងមន្ទីរយើងខ្ញុំបានសំណូមពរដល់អាជ្ញាធរខេត្ត និងក្រុង ដើម្បីអភិវឌ្ឍន៍ និងអភិរក្សតំបន់នេះ ក៏ព្រោះតែប្រាសាទមួយនេះ គឺនៅចំកណ្តាលក្រុងស្ទឹងត្រែង ហើយប្រាសាទមានអត្ថន័យណាស់ខាងប្រវត្តិសាស្ត្រ ។ ដូច្នេះមន្ទីរទេសចរណ៍ខេត្តបានស្នើទៅអាជ្ញាធរខេត្តឱ្យជួយអភិវឌ្ឍន៍ និងអភិរក្សឱ្យបានឆាប់រហ័សបំផុតដើម្បីឱ្យប្រាសាទបុរាណនេះស្ថិតក្នុងក្រសែភ្នែកប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងកុំឱ្យមានការឈូសឆាយធ្វើឱ្យប៉ះពាល់តំបន់នេះ ៕
ចែករំលែកព័តមាននេះ